អង្គការមួយរកឃើញថាក្រុមហ៊ុន២០០ទទួលបានដីសម្បទានប៉ះលើព្រៃស្រោងនិងតំបន់ព្រៃការពារ

អង្គការមួយដែលធ្វើការផ្តោតលើបញ្ហាដីធ្លីនិងបរិស្ថានបានអះអាងថាមានក្រុមហ៊ុនយ៉ាងតិចចំនួន២០០ទទួលបានដីសម្បទានសេដ្ឋកិច្ចប៉ះចំលើព្រៃស្រោងនិងខ្លះទៀតប៉ះលើតំបន់ព្រៃការពារ ខណៈរដ្ឋាភិបាលប្រកាសធ្វើកំណែទម្រង់បញ្ហាដីធ្លី និងបរិស្ថាន។

នៅពេលថ្មីនេះ រដ្ឋាភិបាល អះអាងថាតំបន់ព្រៃយ៉ាងតិ១៨កន្លែងទៀតត្រូវដាក់ឲ្យក្រសួងពាក់ព័ន្ធការពារធ្វើជាតំបន់អភិរក្ស និងដកហូតយកដីសម្បទានទំហំជាង៣ម៉ឺនហិកតាពីក្រុមហ៊ុនចំនួន៤មកវិញដោយអះអាងថាក្រុមហ៊ុនទាំងនោះមិនបានគោរពតាមកិច្ចសន្យានៃគម្រោងធ្វើវិនិយោគ ក្រោយពីជម្លោះដីធ្លីបានផ្ទុះឡើងច្រើនឆ្នាំមកនេះ។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពីដីសម្បទានសេដ្ឋកិច្ចក្នុងរាជធានីភ្នំពេញនាថ្ងៃទី២៨ខែមិថុនានេះ នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាហៅកាត់(NGO forum)លោក តឹក វណ្ណារ៉ា បានលើកឡើងថាតាមការវិភាគស្ថិតិស្តីពីដីសម្បទានសេដ្ឋកិច្ចនៅកម្ពុជាចាប់ពីឆ្នាំ១៩៩៥ដល់ចុងឆ្នាំ២០១៥ លោកថារដ្ឋាភិបាលបានផ្តល់សម្បទានដីជាង១លាន៥សែនហិកតា(១.៥៣២.៧៨៣,៦៥)ដល់ក្រុមហ៊ុន២៦៧គ្របដណ្តប់លើ១៨ខេត្ត។

លោក តឹក វណ្ណារ៉ា បញ្ជាក់ថាក្នុងនោះមានក្រុមហ៊ុន១២៨ ទទួលបានដីសម្បទានត្រួតស៊ីគ្នាលើតំបន់ព្រៃស្រោងនិងព្រៃពាក់កណ្តាលស្រោង ហើយ៧២ក្រុមហ៊ុនទៀតត្រួតស៊ីគ្នាលើតំបន់ការពារនិងព្រៃការពារ។

លោកថា៖ «ការវិភាគទៅលើការត្រួតស៊ីគ្នាទៅលើព្រៃស្រោងឬព្រៃពាក់កណ្តាលស្រោងបានកំណត់យកទំហំចាប់ពី៥០០ហិកតាឡើងទៅនេះមានន័យថា បើលក្ខខណ្ណកំណត់តិចជាង៥០០ហិកតានោះចំនួនដីសម្បទានសេដ្ឋកិច្ចដែលត្រួតលើតំបន់ព្រៃស្រោងនិងពាក់កណ្តាលស្រោងមានចំនួនច្រើនជាងនេះ»។

បើតាមលោក តឹក វណ្ណារ៉ា ការវិភាគលើស្ថិតិនេះរកឃើញទៀតថាក្រុមហ៊ុនចំនួន២៦៧នោះមានក្រុមហ៊ុន១៥៨បានបង្កឲ្យមានវិវាទដីធ្លីក្នុងគម្រោងរបស់ខ្លួនក្នុង១៨ខេត្ត បង្កឲ្យប៉ះពាល់ដល់ពលរដ្ឋជាង៣ម៉ឺន៥ពាន់គ្រួសារ(៣៥៦០៤)។

ចំណែកឯការដោះស្រាយវិញលោក តឹក វណ្ណារ៉ា អះអាងថាអាជ្ញាធររដ្ឋដោះស្រាយបានទាំងស្រុង៤២ក្រុមហ៊ុន ៥០ក្រុមហ៊ុន ដោះស្រាយបានមួយផ្នែក ១៦២ក្រុមហ៊ុនកំពុងដោះស្រាយ និង៥៤ក្រុមហ៊ុនមិនទាន់ដោះស្រាយសោះ។

អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន លោក ស៊ី រ៉ាមន្នី ដែលចូលរួមក្នុងកម្មវិធីនោះ បង្ហាញការភ្ញាក់ផ្អើលពេលឃើញមន្ត្រីអង្គការសង្គមស៊ីវិលបង្ហាញរបាយការណ៍នេះ។ ប៉ុន្តែលោកអះអាងថា របាយការណ៍នេះហាក់មានការខ្វះចន្លោះដោយមិនបានបញ្ចូលសកម្មភាពប្រឹងប្រែងចុះដោះស្រាយរបស់រដ្ឋាភិបាលអំឡុងពេលពាក់កណ្តាលឆ្នាំ២០១៦នេះ។

លោក ស៊ី រ៉ាមន្នី អះអាងទៀតថាដីនៅតំបន់អភិរក្ស រដ្ឋាភិបាលអាចផ្តល់សិទ្ធិឲ្យក្រុមហ៊ុនវិនិយោគបាន លោកថាបើការសិក្សារកឃើញថាមានសក្តានុពលច្រើនសម្រាប់កាតអភិវឌ្ឍជាតិ។ ប៉ុន្តែលោកមិនបកស្រាយពីការផ្តល់ដីសម្បទានប៉ះលើតំបន់ព្រៃស្រោងទេ ដោយគ្រាន់តែអះអាងថាដីព្រៃរិចរិលរដ្ឋាភិបាលអាចផ្តល់សិទ្ធិឲ្យក្រុមហ៊ុនវិនិយោគបាន។

លោកថា៖ «ឧទារណ៍ដូចជាតំបន់វារីអគ្គីសនីដែលទាមទារឲ្យមានការវិនិយោគអភិវឌ្ឍ ដើម្បីទាញយកថាមពលមកប្រើប្រាស់ផ្សេងៗ។ ធនធានរ៉ែដែលមាននៅក្នុងដីមានតម្លៃសេដ្ឋកិច្ចខ្ពស់ក៏ស្ថិតនៅក្នុងតំបន់នេះដែរ ដែលត្រូវដកយកមកប្រើប្រាស់ ដែលធានាមិនឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិផ្នែកខាងលើនិងតំបន់មួយចំនួនទៀតដែលផ្តល់សក្តានុពលទាប សម្រាប់ទាក់ទាញផ្នែកទេសចរណ៍ធម្មជាតិ។ ដូចជាតំបន់គីរីរម្យនៅបូកគោនិងតំបន់ផ្សេងៗដែលអាចបង្កើតជារមនីយដ្ឋាន ដែលផ្តល់សក្តានុពលសម្រាប់ការវិនិយោគអភិវឌ្ឍន៍»។

បើតាមរបាយការណ៍ ការផ្តល់សម្បទានដីរយៈពេល២០ឆ្នាំមកនេះមិនបានជួយកាត់បន្ថយភាពក្រីក្ររបស់ជនជាតិដើមភាគតិចដែលរស់នៅភូមិភាគខាងជើងនិងភាគឦសាននោះទេ។

តែរបាយការណ៍នោះបញ្ជាក់ថា ការផ្តល់ដីសម្បទាននោះបានធ្វើឲ្យប៉ះពាល់ដល់ជីវភាព វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី របស់ជនជាតិដើម ដូចជាការបាត់បង់ដីចំការវិលជុំ ដីកប់សពដូនតា ដីអារក្ស និងការស្វែងរកអនុផលព្រៃឈើ សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ បើទោះបីរដ្ឋាភិបាលបានចេញសារាចរណែនាំលេខ០១កាលពីឆ្នាំ២០១២ប្រកាសឈប់ផ្តល់ដីសម្បទាននិងបញ្ជាឲ្យដោះស្រាយជម្លោះដីធ្លី ដោយតម្រូវឲ្យកាត់ឃ្វៀលដីអ្នកភូមិចេញពីដីក្រុមហ៊ុន ដើម្បីកាត់បន្ថយជម្លោះក៏ដោយ៕

ប្រភពៈ VOD