ចោទ​ពី​ការ​លួច​ចម្លង បុរស​ម្នាក់​ប្ដឹង​ Apple ទារ​សំណងកប់​ក្តោង​​​​ ១០​ ពាន់​លាន​ដុល្លារ

បុរស​ឈ្មោះ​ Thomas S. Ross ដែល​រស់​នៅ​រដ្ឋ​ Florida ​សហរដ្ឋអាមេរិក​បាន​ដាក់​ពាក្យ​បណ្ដឹង​ត​ទល់​នឹង​ក្រុមហ៊ុន​ Apple ដោយ​អះអាង​ថា​ផលិតផល​​ iPhone, iPad និង​ iPod បាន​លួច​ចម្លង​​តាម​​រូបគំនូរ​​​នៃ​ឧបករណ៍​មួយ​របស់​ខ្លួន ដែល​​បាន​​បង្កើត​តាំង​ពី​ឆ្នាំ​ ១៩៩២។

 

ចោទ​ពី​ការ​លួច​ចម្លង បុរស​ម្នាក់​ប្ដឹង​ Apple ទារ​សំណងកប់​ក្តោង​​​​ ១០​ ពាន់​លាន​ដុល្លារ

 

នៅ​ចន្លោះ​​ថ្ងៃ​ទី​ ២៣​ ​ឧសភា ​ឆ្នាំ​ ១៩៩២ និង​ថ្ងៃ​ទី​ ១០​ កញ្ញា​ ១៩៩២ លោក​ Ross បាន​ឌីហ្សាញ​ឧបករណ៍​មួយ​ឡើង​ដាក់​លើ​ក្រដាស​ ដែល​ឧបករណ៍​នោះ​មាន​ផ្ទាំង​អេក្រង់​រាង​បួន​ជ្រុង​វែង​ រួម​ជា​មួយ​មុខងារ​ពិសេស​ៗ ដែល​មិន​​ទាន់​មាន​វត្តមាន​នៅ​ឆ្នាំ​ ១៩៩២។ ឧបករណ៍​នោះ​អាច​​ឲ្យ​មនុស្ស​ម្នាក់​អាន​រឿង, ព័ត៌មាន​ថ្មីៗ, មើល​រូបភាព, ទស្សនា​វីដេអូ ឬ​ រឿង​ នៅ​លើ​ផ្ទាំង​អេក្រង់​ Touch Screen។

 

ចោទ​ពី​ការ​លួច​ចម្លង បុរស​ម្នាក់​ប្ដឹង​ Apple ទារ​សំណងកប់​ក្តោង​​​​ ១០​ ពាន់​លាន​ដុល្លារ

 

គាត់​បន្ត​​ស្រមៃ​ថា​​ ឧបករណ៍​នេះ​អាច​បញ្ចូល​មុខងារ​ទំនាក់​ទំនង​បាន​ ដូច​ជា​ទូរសព្ទ​ និង​ ដុំ​ចែក​ចាយ​​អ៊ីនធឺណិត, អាច​ធ្វើ​ការ​ Input និង​ Output ដូច​នេះ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​សរសេរ​ Note បាន។ គាត់​ក៏​បាន​ស្រមៃ​ដែរ​ថា ​ឧបករណ៍​នេះ​នឹង​មាន​ថ្ម​ ហើយ​អាច​បំពាក់​បន្ទះ​សូឡារ​បាន។

 

Ross បាន​ស្នើ​សុំ​ប៉ាតង់​មួយ​ដើម្បី​ការពារ​ការ​បង្កើត​របស់​ខ្លួន​​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​ ១៩៩២ ប៉ុន្តែ​ប៉ាតង់​នេះ​ត្រូវ​បាន​ប្រកាស​ថា​បោះបង់​ចោល​​ក្នុង​ខែ​ មេសា​ ឆ្នាំ​ ១៩៩៥ ដោយ​​ការិយាល័យ​ Patent and Trademark របស់​អាមេរិក​ បន្ទាប់​ពី​ Ross មិន​បាន​​បង់​​ថ្លៃ​​លើ​ការ​ដាក់​ពាក្យ​សុំ​នេះ។ Ross ក៏​បាន​ដាក់​ពាក្យ​ ដើម្បី​សុំ​សិទ្ធិ​បញ្ញា​​លើ​គំនូរ​របស់​ខ្លួន​ជា​មួយ​នឹង​ ការិយាល័យ​កម្មសិទ្ធិ​បញ្ញា​របស់​អាមេរិក​ នៅ​ឆ្នាំ​ ២០១៤​ ផង​ដែរ។

 

​​​​​​​​​​​​​​​​​​​​​ដើម​បណ្ដឹង​បាន​លើក​ឡើង​ថា​ទង្វើ​នៃ​ការ​រំលោភ​បំពាន​របស់​ Apple បាន​ធ្វើ​ឲ្យ​គាត់​ទទួល​រង​របួស​​ផ្លូវ​ចិត្ត​​មិន​អាច​ផ្សះ​ផ្សារ​បាន។ Ross ​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ជា​ទឹក​ប្រាក់​​មិន​ក្រោម​ ១០​ ពាន់​លាន​ដុល្លារ​ និង​ ទាមទារ​ចែក​​ផល​ចំណេញ​ចំនួន​ ១,៥% ​​ពី​ Apple ដែល​បាន​ពី​ការ​ផលិត​ផល​លួច​ចម្លង​តាម៕​​​​​​​​​

 

ចុច​អាន៖ វីដេអូ​ច្នៃ​ iPhone 6s ទៅ​ជា​ iPhone 7 មើល​រួច​សឹង​គាំង​បេះដូង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MacRumors​