វាយប្រហារ​អត្តឃាត​3​កក្រើក​ព្រ​លាន​យន្តហោះ​​ស្លាប់​36​នាក់

ទីភ្នាក់ងារ​ព័ត៌មាន​តួ​ក​គី DOGAN រាយការណ៍​ថា មនុស្ស​យ៉ាងតិច​៣៦​នាក់​ស្លាប់ និង​របួស​៨៨​នាក់ កាលពី​យប់​ថ្ងៃ​ទី​២៨ មិថុនា ដោយសារ​ការ​វាយប្រហារ​អត្តឃាត​៣​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ ATATURK ក្រុង​អីុស្តង់​ប៊ុល ជាទី​ក្រុង​ធំ​ជាងគេ​បំផុត​របស់​តួ​ក​គី ដែល​តែង​រង​ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​បង្ហូរឈាម​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ។

តុល្យការ​មុន​នេះ​ផ្តល់​ដោយ​អភិបាលក្រុង​អីុ​ស្តង់​ប៊ុល​លោក VASIP SAHIN រៀបរាប់​ពី​មនុស្ស​ស្លាប់​២៨​នាក់ និង​របួស​៦០​នាក់ ។ លោក VASIP SAHIN គូសបញ្ជាក់​ប្រាប់​ក្រុម​អ្នកកាសែត​ថា ជន​អត្តឃាត​៣​នាក់​បាន​ធ្វើការ​វាយប្រហារ​មួយ​នៅ​ព្រ​លាន​យន្តហោះ​នោះ ។ ជន​អត្តឃាត​ទាំង​៣​នាក់​នោះ ពុំ​រាប់​បញ្ចូល​ក្នុង​តុល្យការ​អ្នក​ស្លាប់​ឡើយ ។

ប្រធានាធិបតី​តួ​ក​គី​លោក​រី​សេ​ប តៃ​យឺ​ប អ័​រ​ដុ​ហ្គា​ន ស្នើ​ឱ្យ​មានការ​តស៊ូ​រួម​របស់​អន្តរជាតិ​ប្រឆាំង​ភេរវកម្ម ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​ក្រោយ​ការ​វាយប្រហារ​ទាំង​នោះ។

យោង​តាម​អាជ្ញាធរ​ថា ការ​ផ្ទុះ​ដំបូង​កើត​មាននៅ​ត្រង់​ច្រកចូល​ព្រ​លាន​សម្រាប់​ការ​ហោះហើរ​អន្តរជាតិ នា​វេលា​ម៉ោង​២២​ម៉ោង​ក្នុងស្រុក​។ ពួក​អ្នក​វាយប្រហារ​បាន​បាញ់​រះ​លើ​ពួក​អ្នកដំណើរ ព្រមទាំង​ប៉ូលិស​ឈរជើង​នៅ​ទីនោះ រួច​ការ​បាញ់​តតាំង​គ្នា​កើតឡើង ហើយ​ពួក​ជន​អត្តឃាត​បាន​បំផ្ទុះ​គ្រាប់បែក​ដាក់​ជាប់​ខ្លួន​ពួក​គេ ។

ទីភ្នាក់ងារ​ព័ត៌មាន DOGAN លើក​ឡើង​ដោយ​ដកស្រង់​សម្តី​ប៉ូលិស​ថា ការ​វាយប្រហារ​ទាំងនោះ​ជា​ស្នាដៃ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ទូរទស្សន៍​បាន​ផ្សាយ​រូបភាព​ដែល​ទាក់ទាញ​បំផុត​នានា ដោយ​ក្នុង​រូបភាព​ទាំងនោះ គេ​ឃើញ​ប៉ូលិស​ម្នាក់​បាញ់​លើ​ភេរវ​ករ​ម្នាក់ បន្ទាប់​មក​ភេរវ​ករ​រូប​នោះ​រង​របួស​ដួល​លើ​ដី ហើយ​ចុច​គ្រឿងផ្ទុះ​ដាក់​ជាប់​ខ្លួន​គេ​ឱ្យ​ផ្ទុះ​ឡើង ។ ភាព​ចលាចល​យ៉ាង​ខ្លាំង​កើត​មាននៅ​ព្រ​លាន​សម្រាប់​ការ​ហោះហើរ​អន្តរជាតិ ពេល​មានការ​ផ្ទុះ​ខ្លាំង​២​បន្ទាប់ ពី​ការ​បាញ់​រះ​ដោយ​កាំភ្លើង AK ។ រថយន្ត​សង្គ្រោះ​ជា​ច្រើន​គ្រឿង​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​វាយប្រហារ រួច​ប៉ូលិស​ជា​ច្រើន​នាក់​ក៏​លើក​ទៅ​ដែរ ។

ការ​ផ្ទុះ​យ៉ាង​ខ្លាំង​២ ធ្វើ​ឱ្យ​មនុស្ស​ជ្រួលច្របល់​រត់​យ៉ាង​ប្រសាច ។ រាល់​ជើងហោះហើរ​នៃ​យន្តហោះ​ត្រូវ​ផ្អាក​សម្រាប់​ការ​ហោះ​ចេញពី​ព្រ​លាន​យន្តហោះ ATATURK ជា​ព្រ​លាន​យន្តហោះ​ធំ​បំផុត​របស់​តួ​ក​គី និង​ជា​ព្រ​លាន​យន្តហោះ​ធំ​ទី​១១ លើ​ពិភពលោក ដែល​កាលពី​ឆ្នាំទៅ​មិ​ញ​មាន​អ្នកដំណើរ​ឆ្លងកាត់​ដល់​ទៅ​ប្រមាណ​ជា​៦០​លាន​នាក់ ។

បណ្តា​រូបភាព​ផ្សាយ​តាម​បណ្តាញ​សង្គម​បង្ហាញ​ការ​ខូចខាត​ធ្ងន់ធ្ងរ​ខាងក្នុង​ព្រ​លាន ព្រមទាំង​បណ្តា​អ្នកដំណើរ​ដែល​ស្លាប់ និង​របួស​ដួល​នៅ​លើ​ដី ។

ស្ថាន​កុងស៊ុល​អា​មេ​រិ​ក និង​បារាំង​បាន​ណែនាំ​ពលរដ្ឋ​ខ្លួន​កុំ​ឱ្យទៅ​កាន់​តំបន់​ព្រ​លាន​យន្តហោះ ៕