កំពុង​ភ្ជួរស្រែ​ ស្រាប់តែភ្ញាក់ព្រើត​

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​អាវុធ​១​ដើម ប្រភេទ​កា​រ៉ា​ណូ​ប (​ច្រេះ​ចាប់​) ហើយ​បាន​យក​មក​ប្រគល់​ជូន​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្វាវ ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង​ខេត្តសៀមរាប ខណៈ​ដែល​ពួក​គាត់​ប្រទះ​ឃើញ​នៅ​ក្នុង​រូងឈើ ក្នុង​ដីស្រែ​មួយ​កន្លែង ដែល​ពួក​គាត់​កំពុង​ភ្ជួរ​ដី​ធ្វើស្រែ ដែលហេតុការណ៍​​នេះ កើត​ឡើង​កាលពី​ថ្ងៃ​ទី​២៨ មិថុនា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិសាស្ត្រ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​។

បើ​តាម​លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្តីទី​ស្រុក​ជីក្រែង​ឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៨ មិថុនា ២០១៦ មាន​ប្រជាពលរដ្ឋ​ដែល​ប្រទះ​ឃើញ​អាវុធ​ខាងលើ ខណៈ​ពួក​គាត់​ចុះ​ទៅ​ធ្វើស្រែ​ រួចបង្ក​ការភ្ញាក់​​ផ្អើល​ ​រត់​មក​រាយការណ៍​ជូន​ខាង​នគរបាល​ប៉ុស្តិ៍​ខ្វាវ ។​

លោក​បន្ត​ថា ពលរដ្ឋ​ដែល​ប្រទះ​ឃើញ​មានឈ្មោះ​ទូច រ៉ាត ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខាងលើ ។  គាត់​បាន​ទៅ​ធ្វើស្រែ​នៅ​ចំណុច​ហុង​ចេក ខាងកើត​ឃុំ​ខ្វាវ ក៏​បាន​ប្រទះ​ឃើញ​អាវុធ​០១​ដើម ប្រភេទ​កា​រ៉ា​ណូ​ប តែ​វា​ខូចគុណភាព (​ច្រេះ​ចាប់​) ក៏ យក​មក​ប្រគល់​ជូន​សមត្ថកិច្ច ដើម្បី​រក្សា​ទុក ។