សារសំខាន់​ព្រៃឈើ​សម្រាប់​ជួយ​ទ្រទ្រង់​ប្រាសាទ

ខេត្តសៀមរាប  ៖ ព្រៃឈើ​មានគុណ​សម្បត្តិ​ច្រើន​ណាស់​សម្រាប់​មនុស្សជាតិ បើ​ទោះបីជា​ព្រៃឈើ​មិន​មាន​ដៃជើង​ជួយ​ដោយ​ផ្ទាល់​ក៏​ដោយ តែ​ជួយ​ដោយ​ប្រយោល ជា​ពិសេស​ជាង​នេះ​ទៀត​នោះ «​ព្រៃឈើ​ក៏​បាន​ជួយ​ទ្រទ្រង់​ថែទាំ​ដល់​ប្រាង្គ​ប្រាសាទ​នានា​ក្នុង និង​ក្រៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ផង​ដែរ​» ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​បណ្ឌិត​ថូ​ម៉ាស វ័​រ​សេ​ដ ( THORMAS WARSCHEID) កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៦ នៅ​សាល​បណ្តុះបណ្តាល​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ។

បទ​បង្ហាញ​ស្តី​ពី​ស្លែ និង​ថ្ម​ប្រាសាទ បញ្ហា​ប្រឈម និង​ដំណោះស្រាយ ដោយ​លោក​បណ្ឌិត​ថូ​ម៉ាស វ័​រ​សេ​ដ បាន​ទាញ​ចំណាប់អារម្មណ៍​អ្នកចូលរួម​យ៉ាងច្រើន​កុះករ​ពី​អ្នក​ស្រាវជ្រាវ មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ក្រុម​អ្នក​សារព័ត៌មាន ។ បទ​បង្ហាញ​បាន​ធ្វើ​ឡើង​ប្រកបដោយ​ជោគជ័យ និង​ទទួល​បានការ​អបអរសាទរ​ខ្លាំង​ពី​អ្នកចូលរួម​ស្តាប់ ។

លោក​បណ្ឌិត THORMAS WARSCHEID អ្នកជំនាញ​ភូមិវិទ្យា និង​ជីវវិទ្យា​បាន​លើក​ឡើង​ថា លោក​មាន​រូបថត​ជា​ច្រើន​សន្លឹក​ពី​ទស​វត្ស​ទី​៣០ បង្ហាញ​ពី​ប្រាង្គ​ប្រាសាទ​នានា​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​ត្រូវ​ព្រៃឈើ​ព័ទ្ធ​ជិត តែ​អ្វី​ដែល​ចម្លែក​នោះ គឺ​ថ្ម​ប្រាសាទ​នៅ​តែ​មាន​លក្ខណៈ​ល្អ និង​ប្រាសាទ​មិន​ទ្រុឌទ្រោម រចនាសម្ព័ន្ធ​ប្រាសាទ​នៅ​មាន​លក្ខណៈ​ល្អ​ប្រសើរ ដូច​ជា​ប្រាសាទបេង​មាលា និង​ប្រាសាទតាកែវ​ជាដើម​។ ផ្ទុយ​ទៅ​វិញ​ប្រាសាទ​ណា ដែល​មិន​មាន​ព្រៃឈើ​ព័ទ្ធ​ជុំវិញ​បរិវេណ​ប្រាសាទ រចនាសម្ព័ន្ធ​ក៏​មាន​លក្ខណៈ​ពុក​ផុយ និង​ទ្រុឌទ្រោម​តាម​កា​រវិ​វ​ឌ្ឍ​របស់​អាកាសធាតុ ដូច​ជា​ប្រាសាទភ្នំក្រោម និង​ប្រាសាទអង្គរវត្ត​ជាដើម ។

បើ​ទោះជា​យ៉ាងណា​ក៏​ដោយ លោក​បញ្ជាក់​ថា ព្រៃឈើ​មិនមែន​សុទ្ធតែ​អាច​ជួយ​ឱ្យ​ថ្ម​ប្រាសាទ និង​ប្រាសាទ​មាន​លក្ខណៈ​ប្រសើរ​ទាំង​អស់នោះ​ទេ ដូច​ជាដើម​ឈើ​ខ្លះ​ដុះ​នៅ​ខាងក្នុង​បរិវេណ​ខឿន​ប្រាសាទ និង​ខ្លះ​ទៀត​ដុះ​តាម​ដំបូល​ប្រាសាទ បណ្តាល​ឱ្យ​ថ្ម​ប្រាសាទ​មាន​សំណើម​ជា​និច្ច រហូត​ដល់​កើត​មាន​ស្លែ​ក៏​អាច​ឱ្យ​ថ្ម​ប្រាសាទ​ឆាប់​ពុក​ផុយ​ផង​ដែរ ។

ដូច្នេះ​ហើយ​បានជា​រៀង​រាល់​ឆ្នាំ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាំ​ដើមឈើ​រាប់​ម៉ឺន​ដើម និង​អំពាវនាវ​ឱ្យ​សាធារណជន​ចូលរួម​ដាំ​ដើមឈើ​ទាំងអស់​គ្នា ។ ទន្ទឹម​នឹង​នេះ​ដើម្បី​ការពារ​គ្រោះថ្នាក់​ដល់​ប្រាសាទ និង​អ្នកទេសចរ​ដែល​ទៅ​ទស្សនា​ក្នុង​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​មាន​ក្រុម​អង្កេត​ហានិភ័យ​ដើមឈើ​ជា​ប្រចាំ ដោយ​កាត់​ក្រី ឬ​កាប់​ដកហូត​រាល់​ដើម​ណា​ដែល​ឃើញ​ថា​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​និង​ប្រាសាទ ឬ​រចនាសម្ព័ន្ធ​របស់​ប្រាសាទ ៕