ផលិតករ​ល្បីឈ្មោះ​អា​មេ​រិ​ក​Nicolas Cage ចែកផ្លូវ​ជាមួយ​ភរិយា

តារា​សម្តែង និង​ជា​ផលិតករ​ភាពយន្ត​អា​មេ​រិ​ក​លោក Nicolas Cage និង​ភរិយា​សញ្ជាតិ​អា​មេ​រិ​ក​ដើម​កំណើត​កូរ៉េ​នាង Alice Kim បាន​ចែកផ្លូវ​គ្នា​ហើយ​បន្ទាប់​ពី​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​១២​ឆ្នាំ ។

យោង​តាម​អ្នកតំណាង​របស់​លោក Nicalas Cage ឱ្យ​ដឹង​ថា គូស្នេហ៍​នេះ​បាន​សម្រេចចិត្ត​ចែកផ្លូវ​គ្នា​តាំងពី​ខែមករា​មក​ម៉្លេះ ហើយ​សាលក្រម​លែងលះ​ទើបតែ​ប្រកាស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

គូស្នេហ៍​ខុស​វ័យ​គ្នា​២០​ឆ្នាំ ដោយ​លោក Nicolas Cage អាយុ​៥២​ឆ្នាំ និង​នាង Alice Kim អាយុ​៣២​ឆ្នាំ មានកូន​ប្រុស​ម្នាក់​អាយុ​១០​ឆ្នាំ​ឈ្មោះ Kal-el Coppola Cage ។
នាង Alice Kim ស្គាល់​ផលិតករ​ល្បីឈ្មោះ​រូប​នោះ​នៅ​ខែកុម្ភៈ ២០០៤ នៅ​ពេល​លោក Nicolas Cage សុំ​ណាត់ជួប​នាង​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡែ​ស​។ បន្ទាប់​ពី​នោះ​មក​អ្នក​ទាំង​ពីរ​បាន​ភ្ជាប់ពាក្យ​នឹង​គ្នា​ហើយពីរ​ខែ​បន្ទាប់​មក​ក៏​ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅ​ភាគ​ខាងជើង​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា  ។

លោក Nicolas Cage ធ្លាប់​រៀប​ការ​ពីរ​ដង លើក​ទី​មួយ​ជាមួយ​អ្នកស្រី Patricia Arquette ក្នុង​ឆ្នាំ​១៩៩៥ និង​លែងលះ​ឆ្នាំ​២០០១ ។ បន្ទាប់​មក​រៀប​ការ​ជាមួយ​អ្នកស្រី Lisa Marie Presley ឆ្នាំ​២០០២ និង​លែងលះ​ឆ្នាំ​២០០៤ ៕