អតីត​យោធា​សុំ​ឱ្យ​សាលាក្ដី​ខ្មែរក្រហម​រក​យុត្តិធម៌​ឱ្យ​មិត្ត​រួម​អាវុធ​ដែល​គេ​សម្លាប់

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែ​មិថុនា បន្ត​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​​ជន​រង​គ្រោះ​មួយ​រូប ឈ្មោះ ឈុន សាម៉ន។ លោក ឈុន សាម៉ន សុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​រក​យុត្តិធម៌​នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ២ ប្រឆាំង​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន។

លោក ឈុន សាម៉ន មក​ពី​ខេត្ត​ស្វាយរៀង ដែល​អតីត​ជា​អ្នក​ស៊ើបការណ៍​នៃ​កងទ័ពពិសេស​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា សុំ​ឱ្យ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​រក​យុត្តិធម៌​ដល់​មិត្ត​រួម​អាវុធ​ជាមួយ​លោក ដែល​ពួក​យោធា​ខ្មែរក្រហម​យក​ទៅ​សម្លាប់​កាល​ពី​ឆ្នាំ​១៩៧៨៖ «សុំ​លោក​ប្រធាន​ជួយ​រក​យុត្តិធម៌​ឱ្យ​ខាង​ក្រុម​ទាហាន​បូព៌ា​ហ្នឹង គឺ​គ្នា​វេទនា​ណាស់។ សម្លាប់​លើស​សត្វ​ពាហនៈ​ទៀត។ គ្នា​នៅ​សល់​តែ​ខោ​ខ្លី​ដៃ​ជាប់​ចំណង​ដោត​ទាំង​ខ្សែ​នៅ​តាម​ប្រហោង​ក្លៀក​ទៀត។ វេទនា​ណាស់! រី​ឯ​ខ្ញុំ​រត់​រួច ក្រុម ៣​នាក់ បាន​ត្រូវ​របួស​ម្នាក់​ទៀត។ នេះ​ចា​ការ​ចាក់​ស្ដែង»

ដើម​បណ្ដឹង​រដ្ឋប្បវេណី​រូប​នេះ​រៀប​រាប់​ថា លោក និង​សមាជិក​កងទ័ព​នៅ​ភូមិភាគ​បូព៌ា ត្រូវ​បាន​កងទ័ព​ពី​កងពល ៧០៣ របស់​គណៈមជ្ឈិម​បក្ស​កុម្មុយនិស្ត​កម្ពុជា បញ្ឆោត​ចាប់​ខ្លួន​យក​ទៅ​សម្លាប់​ដោយ​ប្រាប់​ថា ឱ្យ​ទៅ​រៀន​សូត្រ​យុទ្ធសាស្ត្រ​យោធា​បន្ថែម។

លោក ឈុន សាម៉ន ប្រាប់​ថា ពួក​លោក​ត្រូវ​បាន​គេ​ចោទ​ថា ជា​អ្នក​មាន​និន្នាការ​នយោបាយ​ត្រូវ​ខាង​វៀតណាម ដែល​លោក​មិន​ដឹង​អី​សោះ៖ «ពេល​ចាប់​ចង​ខ្ញុំ​ហ្នឹង​ខ្ញុំ​ភ័យ​តក់​ស្លុត​ណាស់។ ខ្ញុំ​សុំ​អង្វរ​គេ​ថា ខ្ញុំ​ជា​យុទ្ធជន​កូន​ទាហាន​សុទ្ធសាធ​ទេ អត់​មាន​ដឹង​រឿង​អ្វី​ទាំង​អស់។ សូម​បក្ស​ជួយ​រក​យុត្តិធម៌​ផង។ បើ​ក្បត់ ក្បត់​តែ​មេៗ ទេ។ ខ្ញុំ​បាន​តវ៉ា​អ៊ីចឹង។ ដល់​រួច​ទៅ មាន​កូន​ទាហាន​ម្នាក់​ឈរ​ក្បែរ​នោះ គេ​យក​អាកា​ស្ទុះ​មក​វាយ​ខ្ញុំ​ត្រូវ​ដៃ​ស្ដាំ​ហ្នឹង​ឱ្យ​ពិការ​ដៃ ហើយ​ជេរ​ខ្ញុំ​ថា ពួក​ហ្អែង ពួក​អា​ក្បត់​បក្ស! ក្បាល​យួន​ខ្លួន​ខ្មែរ។ ពួក​ខ្ញុំ​ហ្នឹង​សុទ្ធតែ​ពួក​ស្មោះត្រង់​នៅ​កងទ័ព​សមរភូមិ​ទាំង​អស់​គ្នា ហើយ​គ្មាន​ដឹង​រឿង​អ្វី​ទាំង​អស់។ សុខ​ចិត្ត​បូជា​ជីវិត វាយ​ហើយ​មេ​បញ្ជា​ថា ឥឡូវ​អា​ក្បាល​យួន​ខ្លួន​ខ្មែរ ​អា​ក្បត់​បក្ស ស្រាត​ខោអាវ​វា​ឱ្យ​អស់ ទុក​តែ​ខោ​ខ្លី​បាន​ហើយ។ ពេល​ហ្នុង​គ្នា​ខ្ញុំ ២៩​នាក់ សល់​តែ​ខ្លួន​ទទេ​ទេ​លោក​ប្រធាន!»

លោក​អះអាង​ថា កម្មាភិបាល​មូលដ្ឋាន និង​កងទ័ព​នៅ​តំបន់ ២៣ ក្នុង​ភូមិភាគ​បូព៌ា​គ្រប់​ថ្នាក់ ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​បាត់ បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​កងទ័ព​គណៈ​មជ្ឈិម ដែល​លោក​ហៅ​ថា ជា​រដ្ឋប្រហារ​នៅ​ក្នុង​ខែ​សីហា ឆ្នាំ​១៩៧៨។

លោក​ឱ្យ​ដឹង​ថា មេបញ្ជាការ​របស់​លោក ឈ្មោះ ហួរ ត្រូវ​បាន​អង្គការ​ប្រាប់​ឱ្យ​មក​រៀន​សូត្រ ហើយ​បាត់​ខ្លួន​រហូត៖ «អត់​មាន​ចុះ​ទៅ​ចាប់​នៅ​សមរភូមិ​ទេ មាន​តែ​ហៅ​មក​រៀន​សូត្រ គឺ​ចាប់​ចង​បញ្ចូល​មក​តែ​ម្ដង។ ទៅ​សមរភូមិ​យ៉ាង​ម៉េច​បាន បើ​កាំភ្លើង​គ្រប់​ដៃ។ កាំភ្លើង​គ្រប់​គ្នា ទៅ​ចាប់​ឆៅ​ម៉េច​បាន មាន​តែ​ហៅ​មក​រៀន​សូត្រ​ទាំង​អស់។ ភាគ​ច្រើន គឺ​ហៅ​មក​រៀន​សូត្រ អត់​ដែល​បាន​ជួប​សោះ​លោក​ប្រធាន។ បើ​ជួប​ក៏​នៅ​តែ​ស្គាល់​គ្នា​ដែរ។ អត់​ដែល​បាន​ជួប បាត់​ទាំង​អស់»

សវនាការ​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា សហ​ព្រះរាជអាជ្ញា​បង្ហាញ​បញ្ជី​អ្នក​ទោស​នៅ​គុក​ទួល​ស្លែង​ថា ឈ្មោះ ជិន គឹមហួរ ប្រធាន​កងអនុសេនាតូច​ស៊ើបការណ៍​នៃ​កងវរសេនាធំ​លេខ ១១២ ត្រូវ​បាន​គេ​ចាប់​បញ្ជូន​ចូល​មន្ទីរ​ស-២១ នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​១៩៧៨ ហើយ​ត្រូវ​បាន​គេ​សម្លាប់​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​១៩៧៨ នោះ។

លោក ឈុន សាម៉ន ថ្លែង​ថា យោធា​ក្នុង​កង​ពិសេស​របស់​លោក​មាន​គ្នា​ប្រហែល​ជា ១៥០​នាក់។ អ្នក​នៅ​ក្នុង​ក្រុម​របស់​លោក​ចំនួន ២៩​នាក់ គេ​យក​ទៅ​សម្លាប់​នោះ មាន​តែ​លោក ៣​នាក់​ទេ ដែល​នៅ​រស់​ក្រោយ​របប​ខ្មែរក្រហម​ដួល​រលំ​នៅ​ឆ្នាំ​១៩៧៩។ ដើម​បណ្ដឹង​រដ្ឋប្បវេណី ឈុន សាម៉ន នឹង​បន្ត​សក្ខីកម្ម​របស់​លោក​ទៀត នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។