តុលាការ​​​កាត់​​​បន្ថយ​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​របស់​​​សកម្មជន​​​ដី​​​ធ្លី​​​មក​​​នៅ​​​ត្រឹម​​​ទោស​​​ដែល​​​បាន​​​អនុវត្ត​​​រួច​​​ហើយ​​​

កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានតម្កល់សាលក្រមផ្តន្ទាទោសអ្នកស្រី យ៉ោម បុប្ផា សកម្មជនប្រឆាំងការបណ្តេញចេញឱ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំពីបទបញ្ជាឱ្យមានការវាយដំកាលពីឆ្នាំ២០១២ ប៉ុន្តែអ្នកស្រីនឹងមិនត្រឡប់ទៅពន្ធនាគារវិញទេ ដោយសារតុលាការបានសម្រេចព្យួរទោសដែលនៅសល់។ នៅក្នុងសំណុំរឿងដែលមជ្ឈដ្ឋានទូទៅដឹងថា មានហេតុផលនយោបាយ អ្នកស្រី យ៉ោម បុប្ផា ដែលអង្គការលើកលែងទោសអន្តរជាតិចាត់ទុកថា ជាអ្នកទោសមនសិការនោះបានជាប់ពន្ធនាគារអស់រយៈ១៤ខែនិង៨ថ្ងៃ មុនពេលត្រូវបានដោះលែងកាលពីខែវិច្ឆិកា ឆ្នាំ២០១៣ បន្ទាប់ពីតុលាការកំពូលបង្គាប់ឲ្យសើុបអង្កេតសំណុំរឿងនេះឡើងវិញ។ សេចក្តីសម្រេចពន្យារពេលយ៉ាងយូរកាលពីម្សិលមិញ បានធ្វើឲ្យទាំងអ្នកស្រី យ៉ោម បុប្ផា ដែលចង់ឲ្យតុលាការលុបឈ្មោះរបស់ខ្លួនចេញពីបញ្ជីទាំងស្រុង និងសាច់ញាតិម្នាក់ក្នុងចំណោមអ្នករត់ម៉ូតូឌុបរងការវាយដំពីរនាក់ដែលទាមទារសំណងនោះ ខឹងយ៉ាងខ្លាំង។ លោក ប៉ុល សំអឿន ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍ថា “ក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចផ្តន្ទាទោស អ្នកស្រី យ៉ោម បុប្ផា ឲ្យជាប់ពន្ធនាគារបីឆ្នាំ ប៉ុន្តែ បានបង្គាប់ឲ្យ [អ្នកស្រី] អនុវត្តទោសតែ១៤ខែ និង៨ថ្ងៃប៉ុណ្ណោះ។ ទោសនេះត្រូវបានអនុវត្តក្នុងពន្ធនាគាររួចហើយ ទោសនៅសល់ពីនេះត្រូវបានព្យួរ”។ លោក ប៉ុល សំអឿន មិនបានផ្តល់ការពន្យល់ពាក់ព័ន្ធការផ្តន្ទាទោសនេះឡើយ ហើយមិនអាចទាក់ទងតាមទូរស័ព្ទបានទេ។ អ្នកស្រី យ៉ោម បុប្ផា ដែលអះអាងជាយូរមកហើយថា អ្នកស្រីត្រូវបានចាប់ដាក់ពន្ធនាគារដោយសារការងើបឡើងតតាំងប្រឆាំងគម្រោងអភិវឌ្ឍន៍របស់សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ដែលបានចាក់ដីបំពេញបឹងកក់ ជាកន្លែងដែលអ្នកស្រីរស់នៅនោះ បានលើកឡើងថា សាលាឧទ្ធរណ៍មិនបានផ្តល់យុត្តិធម៌ដូចអ្វីដែលអ្នកស្រីធ្លាប់សង្ឃឹមនោះឡើយ។ អ្នកស្រីបាននិយាយថា “ខ្ញុំគិតថា សេចក្តីសម្រេចនេះនៅតែមិនយុត្តិធម៌សម្រាប់ខ្ញុំព្រោះសាលាឧទ្ធរណ៍នេះផ្តន្ទាទោសឲ្យខ្ញុំជាប់ពន្ធនាគារនូវទោសដែលខ្ញុំបានអនុវត្តរួចហើយ។ខ្ញុំនឹងពិភាក្សាជាមួយមេធាវីរបស់ខ្ញុំថា តើត្រូវប្តឹងសាទុក្ខទៅកាន់តុលារកំពូលឬយ៉ាងណា ព្រោះសំណុំរឿងនេះត្រូវបានបង្កើតឡើង ហើយវាគឺជាវិវាទដីធ្លីដែលអាជ្ញាធរសងសឹក”។ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានបញ្ជូនទៅពន្ធនាគារនៅក្នុងឆ្នាំ២០១២ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានរកឃើញថា អ្នកស្រីមានពិរុទ្ធភាពពីបទបញ្ជាឲ្យមានការវាយទៅលើអ្នករត់ម៉ូតូឌុបពីរនាក់ដែលគេនិយាយថា បានកាច់កញ្ចក់រថយន្តរបស់គ្រួសារអ្នកស្រី។ លោក វ៉ាត សារ័ត្ន ឪពុកជនរងគ្រោះម្នាក់ និងជាឪពុកមារបស់ជនរងគ្រោះម្នាក់ទៀតក៏បានលើកឡើងផងដែរថា ការផ្តន្ទាទោសនេះមិនអាចទទួលយកបានទេ។ លោកបាននិយាយថា “ប្រសិនបើអ្នកស្រីយ៉ោម បុប្ផា ចរចាសងសំណងទៅឲ្យកូនប្រុស និងក្មួយប្រុសខ្ញុំ ខ្ញុំនឹងបញ្ចប់សំណុំរឿងនេះ”៕ស៊ុយឈាង © 2016, ខេមបូឌា ដេលី. All rights reserved. No […]

The post តុលាការ​​​កាត់​​​បន្ថយ​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​របស់​​​សកម្មជន​​​ដី​​​ធ្លី​​​មក​​​នៅ​​​ត្រឹម​​​ទោស​​​ដែល​​​បាន​​​អនុវត្ត​​​រួច​​​ហើយ​​​ appeared first on The Cambodia Daily.