ក្រុមហ៊ុន​ចិន​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ក្នុង​ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ ប្រជាពលរដ្ឋ​ក្ដៅក្រហាយ​យ៉ាងខ្លាំង​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​បន្សាយ​រក្ស ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ចិន​ដែល​កំពុង​សាងសង់​ធ្វើ​ផ្លូវ​ក្រវាត់​តាម​បន្ទាត់​ព្រំដែន​ខ្មែរ​-​សៀម កំពុង​ធ្វើ​ឲ្យ​ខូចខាត​ផ្លូវលំ​ក្នុង​មូលដ្ឋាន​ពួកគាត់​យ៉ាងខ្លាំង​។ តំណាង​ពលរដ្ឋ​ក្នុង​សង្កាត់​បន្សាយ​រក្ស បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ចិន​កំពុង​ប្រើប្រាស់​រថយន្ត​ដឹក​ថ្ម​ធំៗ​ឆ្លងកាត់​ផ្លូវលំ​ក្នុង​តំបន់​ដែល​ពួកគាត់​រស់នៅ​បណ្ដាល​ឲ្យ​ខូច​ផ្លូវលំ ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​ក្នុងការ​ធ្វើដំណើរ​ប្រកប​របរ​ចិញ្ចឹមជីវិត​។ ហេតុនេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ ចាត់វិធានការ​ជួយ​ដោះស្រាយ​ការលំបាក​របស់​ពួកគាត់ជាបន្ទាន់ ធ្វើយ៉ាងណា​កុំ​ឲ្យ​ក្រុមហ៊ុន​ចិន​ដឹក​ថ្ម​តាម​រថយន្ត​ធំៗ​បំផ្លាញ​ផ្លូវលំ​ក្នុងភូមិ​របស់​ពួកគាត់​តទៅទៀត​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​រថយន្ត​ដឹក​ថ្ម​របស់​ក្រុមហ៊ុន​ចិន​បំផ្លាញ​ផ្លូវ បានដាក់​ពាក្យ​បណ្ដឹងសុំ​អន្តរាគមន៍​ឲ្យ​ខាង​អង្គការសិទ្ធិមនុស្ស​ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​ពួកគាត់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​ចិន​នោះ​កំពុង​អនុវត្តន៍​គម្រោង​សាងសង់​ផ្លូវថ្នល់​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​សៀម ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​ចាប់ពី​ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តឧត្ដរមានជ័យ រហូតដល់​ខេត្តបន្ទាយមានជ័យ​។ ក្រុមហ៊ុន​ចិន​ដែល​ទទួលបាន​សិទ្ធិ​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​នោះ មិន​ត្រឹមតែ​ប្រើប្រាស់​រថយន្ត​ដឹក​ថ្ម​ធំៗ​បំផ្លាញ​ផ្លូវលំ​ក្នុង​ក្រុង​សំរោង​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ប្រើ​គ្រឿងចក្រ​ជីក​កាយ​ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដើម្បី​យក​អាចម៍ដី​ទៅប្រើ​ប្រាស់​ដោយ​មិន​សុំ​ម្ចាស់​ដី​ទៀតផង​។

តំណាង​ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​បន្សាយ​រក្ស បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ចិន​ដែល​ពួកគាត់​មិន​ស្គាល់ឈ្មោះ​បាន​ប្រើប្រាស់​រថយន្ត​ធំៗ​ដឹក​ថ្មភ្នំ​ឆ្លងកាត់​ផ្លូវលំ​ក្នុងភូមិ​របស់​ពួកគាត់ ធ្វើ​ឲ្យ​ផ្លូវ​ស្រុត​និង​ផុល​ជាច្រើន​កន្លែង​សូម្បីតែ​ដើរ​ឆ្លងកាត់​ក៏​ពិបាក​ដែរ​។ ដោយសារ​ប្រឈម​នឹង​ការលំបាក​ខ្លាំងពេក​ទើប​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុង​សង្កាត់​បន្សាយ​រក្ស ក្រុង​សំរោង បាន​អំពាវនាវ​ឲ្យ​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ ក៏ដូចជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តឧត្ដរមានជ័យ ជួយ​ដោះស្រាយ​ពួកគាត់​ជាបន្ទាន់​ព្រោះ​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ពួកគាត់​ពិបាកធ្វើ​ដំណើរ​ប្រកប​របរ​រកស៊ី​ខ្លាំងណាស់ ព្រោះ​ផ្លូវលំ​ក្នុងភូមិ​ខូច​អស់​ទៅហើយ​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​អូរ​បាត់​ដាវ ភូមិ​បន្សាយ​រក្ស ភូមិ​តា​វ៉ាន និង​ភូមិ​ត្រពាំង​ត្រាវ បាន​ត្អូញត្អែរថា​ក្រុមហ៊ុន​ចិន​ដែល​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​កំពុង​បង្ក​ការលំបាក​ដល់​ពួកគាត់​យ៉ាង​ពេញបន្ទុក​តែម្តង​៕

ST-066លោក ស ថាវី អភិបាលខេត្តឧត្ដរមានជ័យ