មេប៉ូលិស​ស្រុកកំពង់ត្រាចកើ​តរោគ​ប្តឹង​​តែ​គ្នា​ឯង

ខេត្តកំពត ៖ អធិការ​នគរបាល​ស្រុក​កំពង់ត្រាច លោក​ប៊ុត សុ​ខម​នី ត្រូវ​បាន​ដក​ទៅ​ធ្វើការ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត កាលពី​​ពេល​ថ្មី​ៗ​នេះ ។

មន្ត្រី​​ក្រោម​ឱវាទ​និយាយ​ថា ដោយសារ​តែ​លោក​ប៊ុត សុ​ខម​នី មិន​ចូល​កន្លែងធ្វើការ​ ដូច​នគរបាល​ផ្សេង​នៅ​ក្នុង​អធិការដ្ឋាន​​ស្រុក​ដែល​ខ្លួន​កំពុង​គ្រប់គ្រង​​នោះ​​ទេ ។ ស្រប​​ពេល​​ដែល​ ​អ៊ុ​ម ស៊ី​ណាត អភិបាលស្រុក​កំពង់ត្រាច​ ក៏​បាន​ធ្វើ​លិខិត​មួយ​ផ្ញើ​ទៅ​លោក​ស្នង​ការ​ផង​​ដែរ ដោយ​មាន​ខ្លឹមសារ​ថា លោក​អធិការ​ ប៊ុត សុ​ខម​នី មិន​ដែល​ចូលរួម​ប្រជុំ​ការងារ​បក្ស​សោះ ។

ចំណែក​លោក​អធិការរង​ស្រុក​​កំពង់ត្រាច ក៏​បាន​ដាក់​ពាក្យបណ្តឹង​​ទៅ​ស្នងការដ្ឋាន​នគរបាល​​ខេត្ត​ផង​ដែរ ដោយ​ចោទ​​ថា លោក​ប៊ុត សុ​ខម​នី មិន​បាន​ចូល​ធ្វើការ​ទេ​ មួយ​ខែ​ចូល​ធ្វើការ​តែ​មួយ​ថ្ងៃ ។

ចំណែក​លោក​ប៊ុត សុ​ខម​នី ក៏​បាន​ធ្វើ​លិខិត​សំណើ​ដាក់​ចូល​ក្រសួងមហាផ្ទៃ​ឱ្យ​ជួយ​អន្តរាគមន៍ ។ ក្នុង​នោះ ក្រសួងមហាផ្ទៃ​​បានឱ្យ​លោក​ឧត្តមសេនីយ៍ត្រី​២​រូប រួម​ទាំង​មន្ត្រី​នគរបាល​ពីរ-បី​រូប​ទៀត​ ចុះ​មក​អង្កេត ។

លោក​ប៊ុត សុ​​ខម​នី បាន​និយាយ​ថា លោក​ត្រូវ​​បាន​គេ​ដក​​មក​ឈរជើង​​នៅ​ស្នងការដ្ឋាន​ខេត្ត ជា​រឿង​អយុត្តិធម៌​​សម្រាប់​ខ្ញុំ តើ​អស់​លោក​​ជឿ​ដែរ ​ឬទេ? មាន​លោក​អធិការរង​ប្តឹង​ខ្ញុំ​ថា មួយ​ខែ​ចូល​ធ្វើការ​តែ​មួយ​ថ្ងៃ ចុះ​ហេតុ​អ្វី​គេ​មួលបង្កាច់​ខ្ញុំ​បែប​នេះ ត្រង់​អស់​លោក​​ជា​ថ្នាក់​អធិការរង​ដោះស្រាយ​គ្នា​​រឿង​រថយន្ត​មួយ​គ្រឿង​បុក​មនុស្ស​ ឱ្យ​របួស​ច្រើន​នាក់ ឱ្យ​រួចខ្លួន​​ទាំង​រថយន្ត ទាំង​អ្នកបើកបរ ម្តេច​​ក៏​មិន​ឆ្លង​ខ្ញុំ​សិន ដោះ​ស្ងាត់​ៗ តែ​អស់លោក​ប៉ុន្មាន​​នាក់ ។

លោក សុខ ប៊ុត​ម​នី បាន​ឆ្លើយ​តប​ទៅ​លោក​អភិបាលស្រុក អ៊ុ​ម ស៊ី​ណាត ថា មិន​ដែល​ចូល​ប្រជុំ​ការងារ​បក្ស​នោះ ។ លោក​ប៊ុត
សុ​ខម​នី និយាយ​ថា ចុះ​លោក​អភិបាលស្រុក​ ម្តេច​ក៏​មិន​សួរ​មើល​មេឃុំ​កំពង់ត្រាច​ខាងកើត មាន​ដែល​ឃើញ​មុខ​ខ្ញុំ​ដែរ ​ឬ​អត់ រាល់​ការ​ប្រជុំ​ការងារ ។ លោក​ប៊ុត សុ​ខម​នី និយាយ​ថា ខ្ញុំ​មិន​ប្តឹង​អស់លោក​ទេ គ្រាន់តែ​ដាក់​ពាក្យសុំ​ថ្នាក់លើ​ជួយ​អន្តរាគមន៍​ផង កុំ​ជឿ​តាម​ថ្នាក់​ក្រោម​ពេក ។ បាន​សម្គាល់​​ឃើញ​ថា នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច ​មាន​កើតរឿង​ប្តឹង​តែ​​គ្នា​​ឯង​​រហូត ។