យូរ​ៗ​បង្ក្រាប​ម្តង​កន្លែង​ចាក់​ភ្នាល់​បាល់

ខេត្តកំពង់ចាម ៖ ទីតាំង​ហាង​បើក​អ៊ី​ន​ធើ​រ​ណេ​ត​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ទី​៨ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ដែល​សង្ស័យ​បើក​ភ្នាល់​បាល់​ដោយ​ខុសច្បាប់ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បញ្ជា​ឲ្យ​លោក​វរសេនីយ៍ទោ ចាន់ ហោ អនុប្រធាន​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​ដោយ​ដកហូត​បាន​នូវ​សម្ភារ​ជា​ច្រើន​ដែល​បំរើ​ឲ្យ​បទល្មើស​នោះ ។

សមត្ថកិច្ច​បាន​ខ្សឹប​ប្រាប់​ឲ្យ​ដឹង​ថា ទីតាំង​ចាក់​បាល់​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្តឹង​ទៅ​លោក​អភិបាលខេត្ត​ឲ្យ​មាន​វិធានការ​ចុះ​បង្ក្រាប ដំបូង​ហាង​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខាងជើង​រង្វង់​មូល​ក្បាលស្ពាន​គី​ហ្ស៊ុ​ណា ដោយ​បាន​បើក​លេង​ជា​ច្រើន​ខែ​មក​ហើយ ហើយ​ក៏​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​ម្តង​រួច​មក​ហើយ​ដែរ តែ​ក្រោយមក​បាន​ដំណើរការ​វិញ ។ បន្ទាប់​មក​បាន​មក​ជួល​ផ្ទះ​របស់​ឈ្មោះ អ៊ិ​ន ម៉េ​ង​សែ ភេទ​ប្រុស អាយុ​ជិត​៥០​ឆ្នាំ នៅ​ភូមិ​ទី​៨ សង្កាត់​កំពង់ចាម បើក​លេង​ភ្នាល់​បាល់​ទើបតែ​បាន​៥​ថ្ងៃ​ប៉ុណ្ណោះ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​តែ​ម្តង ។

លោក ប្លោក សុវណ្ណ ចៅសង្កាត់​កំពង់ចាម បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ផ្ទះ​បើក​អ៊ី​ន​ធើ​រ​ណេ​ត​យីហោ «P.H NET 24h» បាន​លួច​បើក​លេងល្បែង​ភ្នាល់​បាល់​តាម Online ជា​ច្រើន​ថ្ងៃ​មក​ហើយ នោះ​ដោយសារ​តែ​មានការ​ព្រួយបារម្ភ​ខ្លាច​បញ្ហា​បទល្មើស​កើតឡើង ហើយនឹង​មាន​ក្មេង​បាន​នាំ​គ្នា​មក​ចាក់​បាល់​អស់​លុយ​អាច​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដោយសារ​តែ​ចាញ់ល្បែង ។