ប្រជាពលរដ្ឋ ២៣ គ្រួសារ តវ៉ា​រឿង​គេ​ធ្វើ​របង​បិទផ្លូវ​សាធារណៈ

ជម្លោះដីផ្លូវដ៏រ៉ាំរ៉ៃមួយកន្លែងនៅក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៏ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រវាងប្រជាពលរដ្ឋចំនួន២៣គ្រួសារ ទំនាស់ជាមួយពលរដ្ឋមួយគ្រួសារ ដែលបានធ្វើរបងបិទផ្លូវសាធារណៈរបស់ពួកគាត់កាលពីខែកុម្ភះ ឆ្នាំ២០១៦ ជម្លោះនេះមានរយៈពេល ៥ ខែ មកហើយ អាជ្ញាធរ ឃុំ ស្រុក នៅមិនទាន់រកដំណោះស្រាយសមស្របណាមួយជូនពួកគាត់បាននៅឡើយទេ ។ ហេតុនេះហើយទើបពួកគាត់នាំគ្នាកាន់បដាដើរតាមផ្លូវសាធារណះ កាលពីព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៦ ដើម្បីស្នើសុំឱ្យលោកអភិបាលខេត្តកំពង់ឆ្នាំង និង សម្តេចតេជោនាយករដ្ឋមន្ត្រីរមេត្តាជួយដោះស្រាយ បើកផ្លូវឱ្យពួកគាត់ ដែលផ្លូវនោះត្រូវបានគេធ្វើរបងបិទជិតអស់ហើយ ។

លោកតាម្នាក់ឈ្មោះ ចាន់ មាន អាយុ ៦៧ ឆ្នាំតំណាងអោយប្រជាពលរដ្ឋ ២៣ គ្រួសារខាងលើ បានអោយដឹងថា នៅឆ្នាំ១៩៨៤ ក្រសួងគមនាគមន៏ផ្លូវដែក រួមទាំងលោកអភិបាលស្រុកជំនាន់នោះផង បានវាស់វែងដីមួយប្លុក ដែលពួកគាត់រស់នៅសព្វថ្ងៃ ស្ថិតក្នុងភូមិស្រែតាជ័យនេះ ដោយមានព្រំប្រទល់ជាប់និងផ្លូវជាតិលេខ ៥៣ សម្រាប់អង្គភាពកម្មករផ្លូវដែករស់នៅ ពេលនោះដែរ ពួកគាត់បាននាំគ្នាសង់ផ្ទះជា ២ ជួរសងខាងផ្លូវ ដែលផ្លូវនោះ មានទំហំ៦ម៉ែត្រ ប្រវែង ២០០ ម៉ែត្រ ជាប់ផ្លួវជាតិ តែកាលណោះដីផ្លូវរបស់ពួកគាត់មានសភាពទំនាបជ្រៅដើរបានតែថ្មើជើងក្នុងរដូវប្រាំង រដូវវស្សាត្រូវទឹកលិច ស្របកាលណោះមិនសូវមានផ្ទះមានរបងហ៊ំព័ទជុំជិតដូចពេលនេះផងនោះ ពួកគាត់ចេះតែដើរសិនទៅអោយតែកន្លែងណាអាចដើររួច ។

ប្រជាពលរដ្ឋ ២៣ គ្រួសារ តវ៉ា​រឿង​គេ​ធ្វើ​របង​បិទផ្លូវ​សាធារណៈ

លុះក្រោយមកដោយពួកគាត់គ្មានលទ្ធភាពរកប្រាក់ចាក់ដីផ្លូវនោះដើម្បីទម្លាយទៅដល់ថ្នល់ជាតិ ក៏ចេះតែទុកសិនទៅរហូតមកដល់ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក៏ស្រាប់តែឃើញគេធ្វើរបងថ្មបិទផ្លូវនោះ ពួកគាត់ក៏បាននាំគ្នាផ្តិតមេដៃប្តឹងទៅអាជ្ញាធរមូលដ្ខានដើម្បីអោយផ្អាកសកម្មភាពសាងសង់ ដើម្បីដោះស្រាយគ្នាសិន។ ប៉ុន្តែគេមិនបានបញ្ឈប់សកម្មភាពសាងសងនោះឡើយ ហើយបានអូសបន្លាយពេលវេលា រហូតមកដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ទើបលោកអភិបាលស្រុកទឹកផុស បានហៅភាគីទាំងពីរមកជជែកគ្នា និង បានហាមឃាត់ភាគីដែលកំពុងធ្វើការសាងសង់លើដីទំនាស់នោះ អោយផ្អាកសកម្មភាពជាបណ្តោះអាសន្ត ហើយភាគីសាងសង់ក៏បានផ្អាកសកម្មភាពកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះដែរ ។

ឈ្មោះ លាង ស៊ុនហេង ដែលរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បានរំលោភយកដីផ្លូវសាធារណៈក្នុងភូមិបាននិយាយថា លោកបានទិញដីខាងលើនេះពីលោក បូ ផា និង អ្នកស្រី ណុច យ៉យ ពីថ្ងៃទី ១៨ ខែវិច្ចិកា ឆ្នាំ ២០១០ ដែលនៅក្នុងលិខិតលក់ទិញដី ដោយមានការបញ្ជាក់ពីលោកមេភូមិ សួន ថូ និងមេឃុំ គុយ ឡេង ទទួលស្គាល់ថា ដីខាងលើនេះ គ្មានផ្លូវសាធារណៈឆ្លងកាត់ឡើយ។ ចំណែកលោក បូ ផា និងអ្នកស្រី ណុច យ៉យ ជាម្ចាស់ដីដើមបានអះអាងថា ប្រសិនបើថ្ងៃក្រោយមានរឿងអ្វីពាក់ព័ន្ឋក្នុងការលក់ទិញដីខាងលើនេះ ពួកគាត់ធានាទទួលខុសត្រូវចំពោះមុខច្បាប់ ទើបគាត់ហ៊ានទិញយក ។

ប្រជាពលរដ្ឋ ២៣ គ្រួសារ តវ៉ា​រឿង​គេ​ធ្វើ​របង​បិទផ្លូវ​សាធារណៈ

លោក ម៉េង ហាក់ អភិបាលស្រុកទឹកផុស ធ្លាប់បានបញ្ចាក់អោយដឹងថា ក្នុងរឿងនេះអាជ្ញាធរស្រុកបានបង្កើតគណកម្មការចម្រុះថ្នាក់ស្រុកមួយ ដោយមានលោក គឹម វន្នី ជាអភិបាលរងស្រុកជាប្រធាន។ក្រោយពីការស៊ើបអង្កេតរបស់គណកម្មការចំរុះ ដែលមានអាជ្ញាធរភូមិឃុំចូលរួមផងដែរនោះ បានឲ្យដឹងថា កន្លងមកពុំមានផ្លូវធ្វើដំណើរកាត់ដីលំនៅដ្ឋានរបស់ឈ្មោះ លាង ស៊ុនហេង ដូចការប្តឹងទាមទារនោះឡើយ។ ដើម្បីសម្របសម្រួលករណីទំនាស់ខាងលើនេះ ប្រជាពលរដ្ឋ បានឯកភាពគ្នា កាត់បន្ថយរបងភូមិ ដើម្បីធ្វើផ្លូវដើរ ដោយមានទទឹង ៥ ម៉ែត្រ និង បណ្តោយជាង ១៣០ ម៉ែត្រ ក្នុងនោះដែរអាជ្ញាធរស្រុក ក៏បានជួយចាក់ដីអោយជាង ១០០ ឡាន លើផ្លូវថ្មីនេះ បានរួចហើយដែរដើម្បីជួយប្រជាពលរដ្ឋ ។

ក៏ប៉ុន្តែប្រជាពលរដ្ឋបានបដិសេធន៍ថា ដីដែលចាក់លើផ្លូវនោះគឺប្រជាពលរដ្ឋបានរៃលុយគ្នាចាក់ដីបានចំនួន ៩០ ឡាន មិនមែនអាជ្ញាធរចាក់ដីអោយនោះទេ ។ លោកអភិបាលស្រុកចាស់វាស់វែងទុកសម្រាប់អោយពួកគាត់ធ្វើដំណើរតាំងពីឆ្នាំ១៩៨៤មកម្លេះ ៕

ប្រភពៈ pmhotnews