នាយក​គ្រប់គ្រង​គម្រោង​កម្មវិធី មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍ​កសិកម្ម (IFAD)​ជួប​ជាមួយ​រដ្ឋមន្ត្រី ក្រសួងកសិកម្ម​

នាយក​គ្រប់គ្រង​គម្រោង​កម្មវិធី មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍ​កសិកម្ម (IFAD)​ជួប​ជាមួយ​រដ្ឋមន្ត្រី ក្រសួងកសិកម្ម​



ភ្នំពេញ ៖ លោក ខេង សាខុន រដ្ឋមន្ត្រី បាន អនុញ្ញាត​ឲ្យ​លោក Thierry Benoit នាយក​គ្រប់គ្រង​គម្រោង​កម្មវិធី មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍ​កសិកម្ម (IFAD) ចូល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី ថ្ងៃទី​២៨ ខែមិថុនា ។​

លោក វេ​ង សាខុន បាន​ឲ្យ​ដឹង​តាមរយៈ​បណ្ដាញ​សង្គម​ថា នៅ​ក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ បាន ពិភាក្សា​ការងារ​សហប្រតិបត្តិការ​រវាង​ក្រសួងកសិកម្ម និង​IFAD ដោយ​ផ្តោត​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត គម្រោង​អភិវឌ្ឍន៍​កសិកម្ម និង​ជំរុញ​កំណើន​សេដ្ឋកិច្ច (PADEE) ហើយ​និង​គម្រោង ASPIRE ដែល ផ្តល់​ហិរញ្ញប្បទាន​ដោយ IFAD និង​ការរៀបចំ​គម្រោង​ផែនការ​ការងារ​ផ្សព្វផ្សាយ​និង​ជ្រើស​រើស​យក​គម្រោង​គំរូ​ណាមួយ​សម្រាប់​ក្រសួង​មានលទ្ធភាព​ឈាន​ទៅដល់​ការរៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នា​ពេលខាងមុខ ។ សូម​បញ្ជាក់​ថា គម្រោង PADEE គឺជា​បង្កើត​គម្រោង​គំរូ ក្នុង​បំណង​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ជនបទ​តាមរយៈ​បង្កើន​ផលិតភាព​កសិកម្ម និង​ប្រាក់ចំណូល​របស់​គ្រួសារ​កសិករ ដែល​ស្ថិត​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​៥ (​ខេត្តកណ្តាល តាកែវ ព្រៃវែង ស្វាយរៀង និង​កំពត​) ។​

ចំពោះ​គម្រោង ASPIRE គឺមាន​គោលបំណង​បង្កើត​គម្រោង​គំរូ ដើម្បី​ផ្តល់​សេវាកម្ម​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ជួយ​ការ​ជួយ​ឲ្យ​កសិករ​ខ្នាត​តូច អាច​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច តាមរយៈ​ការ​ប្រកប​របរ​កសិកម្ម ដែល​មាន​ភាព​ធន់ និង​ទទួល​បាន​ប្រាក់ចំណេញ លើ​គោលដៅ​ខេត្ត​ចំនួន ៥ គឺ​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​ព្រះវិហារ៕
នាយក​គ្រប់គ្រង​គម្រោង​កម្មវិធី មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍ​កសិកម្ម (IFAD)​ជួប​ជាមួយ​រដ្ឋមន្ត្រី ក្រសួងកសិកម្ម​