អតីត​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បារាំង​សុំ​ការ​គាំទ្រ​ពី​កម្ពុជា​ក្នុង​តំណែង​ជា​អគ្គនាយក WHO

កម្ពុជា​នៅ​មិន​ទាន់​បង្ហាញ​ជំហរ​គាំទ្រ​ដល់​បេក្ខភាព​តំណែង​ជា​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (World Health Organization) របស់​អតីត​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បារាំង និង​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​បារាំង លោក​វេជ្ជបណ្ឌិត ហ្វីលីព ឌូស្ត ប៊្លេហ្សី (Philippe Douste Blazy) នៅ​ឡើយ​ទេ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សន្ទរី មាន​ប្រសាសន៍​ថា ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន និង​លោក​វេជ្ជបណ្ឌិត ហ្វីលីព ឌូស្ត ប៊្លេហ្សី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា លោក ប្រាក់ សុខុន បាន​បញ្ជាក់​ប្រាប់​ថា កម្ពុជា​នឹង​ជូន​ដំណឹង​នៅ​ពេល​ក្រោយ៖ «ខ្លឹមសារ​សំខាន់​ក្នុង​ជំនួប​នេះ គឺ​លោក ហ្វីលីព បាន​ស្នើ​សុំ​ការ​គាំទ្រ​របស់​កម្ពុជា ចំពោះ​បេក្ខភាព​លោក​ផ្ទាល់​សម្រាប់​មុខ​តំណែង​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក។ លោក​ទេសរដ្ឋមន្ត្រី​ប្រាប់​ទៅ​វិញ​ថា លោក​នឹង​ទទួល​យក​សំណើ និង​ពិនិត្យ​ពិចារណា​ដោយ​យក​ចិត្ត​ទុក​ដាក់»

លោក ជុំ សន្ទរី បន្ត​ថា ក្រៅ​ពី​ការ​ស្វែង​រក​ការ​គាំទ្រ​ក្នុង​ជំនួប​នេះ ក៏​បាន​ពិភាក្សា​អំពី​ការ​ពង្រឹង​ទំនាក់ទំនង​កម្ពុជា-​បារាំង ជាពិសេស​លើ​វិស័យ​សុខាភិបាល​នៃ​ប្រទេស​ទាំង​ពីរ។ លោក ហ្វីលីព ឌូស្ត ប៊្លេហ្សី បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ រួម​ទាំង​កម្ពុជា ផង ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​បោះឆ្នោត​គាំទ្រ​លោក​ដើម្បី​បាន​តំណែង​ជា​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក។ លោក ហ្វីលីព ធ្លាប់​បាន​ធ្វើការ​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បារាំង ២​អាណត្តិ គឺ​ចាប់​ពី​ឆ្នាំ​១៩៩៣-​១៩៩៥ និង​ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០០៥ ហើយ​លោក​ក៏​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង ១​អាណត្តិ​ដែរ គឺ​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០០៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។