ចោរ​មាន​កាំភ្លើង​គាស់ចូល​ផ្ទះ​វេរ​លុយ​វី​ង ​វាយ​ប្លន់​យក​ហ្មត់

ចោរ​មាន​កាំភ្លើង​គាស់ចូល​ផ្ទះ​វេរ​លុយ​វី​ង ​វាយ​ប្លន់​យក​ហ្មត់



ខេត្តស្ទឹងត្រែង ៖ ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ចំនួន​៤​នាក់ បាន​ប្រើប្រាស់​កាំភ្លើង​វែង​ខ្លី​រួម​ជាមួយ​ដែក​ស្បែង​ចូល​គាស់​ផ្ទះ​ប្រជាពលរដ្ឋ រួច​ចូល​ប្លន់​យក​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន ដោយ​សុវត្ថិភាព កាលពី​យប់​ថ្ងៃ​ទី​២៧ មិថុនា ។ ផ្ទះ​ដែល​ចោរ​ចូល​ប្លន់​នេះ ជា​អាជីវករ​វេរ​លុយ​វី​ង ។

សម្រាប់​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៦ នេះ​គេ​កត់​សម្គាល់ថា មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​កើតឡើង​ចំនួន​ពីរ​លើក​ហើយ ក្នុង​ខេត្តស្ទឹងត្រែង ដែល​ករណី​ទី​១-​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១៦ មីនា ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន និង​ករណី​ថ្មី​នេះ កើតឡើង​នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៧ មិថុនា ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៩ ភូមិ​ឆ្វាំ​ង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

ប្រភព​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​និយាយ​ថា ករណី​ប្លន់​ប្រដាប់​អាវុធ​ដែល​បាន​កើតឡើង​ហើយ​ចោរ​ក៏​គេចខ្លួន ដោយ​សុវត្ថិភាព​នោះ គឺ​អាច​មានការ​រៀបចំ​គម្រោង​ជា​មុន ទើប​ធ្វើ​សកម្មភាព​ជា​ក្រោយ ហើយ​ក្រុម​ចោរ​ក៏​អាច​មានការ​សិក្សា​ច្បាស់ អំពី​ទីតាំង​ធ្វើ​សកម្មភាពព្រមទាំង​ច្រក​ផ្លូវ​ដែល​ត្រូវ​គេចខ្លួន​ផង​ដែរ ។

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​លោក ជា ពេជ្រ បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រុម​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​ខាងលើ​នេះ អាច​ជា​ក្រុម​តែ​មួយ ពាក់ព័ន្ធ​ការ​ប្លន់​ប្រដាប់​អាវុធ​លើ​ចៅ​កែ​ទិញ​ដំឡូង​មី កាលពី​យប់​ថ្ងៃ​ទី​១៦ មីនា ២០១៦ កន្លង​មក​នោះ​ដែរ ដោយ​ក្រុម​មុខសញ្ញា​ប្លន់​នោះ​បាន​ប្រើប្រាស់​អាវុធ​វែង​ខ្លី និង​ដែក​ស្បែង​ដូច​គ្នា គ្រាន់តែ​ខុសពេល​វេលា​គ្នា​បន្តិច​ប៉ុណ្ណោះ ។

លោក ដួង ស៊ី​វត្ថា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​បើក​កិច្ច​ស្រាវជ្រាវ​លើ​ករណី​ប្លន់​ប្រដាប់​អាវុធ​ខាងលើ​នេះ​ថា ជន​រង​គ្រោះ​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​ចំនួន​៤​នាក់ ហើយ​មាន​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​រង​របួស ដោយ​ការ​បាញ់​នឹង​កាំភ្លើង​វែង និង​ម្នាក់​ទៀត​រង​របួស​បែកក្បាល​ដោយ​ការ​វាយ​នឹង​ដែក​ស្បែង​ពី​សំណាក់​ក្រុម​ចោរប្លន់ ។ ចំណែក​ស្ត្រី​និង​ក្មេង​ស្រី​ម្នាក់​ទៀត​មិន​មាន​រង​របួស​អ្វី​ឡើយ ។

លោក ទិ​ត្យ សុ​វ​ណ្ណី នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ប៊ុ​ន ហួរ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បាន​រង​របួស​ភ្លៅ​ខាងឆ្វេង ដោយ​គ្រាប់កាំភ្លើង និង​ប្រពន្ធ​ឈ្មោះ វួ​ច លី អាយុ​២៧​ឆ្នាំ ត្រូវ​របួស​បែកក្បាល ដោយ​ចោរ​វាយ​នឹង​ដែក​ស្បែង ។ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ឆ្វាំ​ង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ មានមុខរ​បរវេរ​លុយ​វី​ង នៅ​ភូមិ​ឃុំ​ខាងលើ ។

លោកនាយ​រង​បាន​បន្ត​ថា ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​ខាងក្រោយ​ផ្ទះ​ចូល​ប្លន់ ដោយ​មានការ​ផ្ទុះអាវុធ​និង​វាយ​ទៅ​លើ​ជន​រង​គ្រោះ និង​ប្លន់​យក​បាន​លុយ​ខ្មែរ​ចំនួន​៨០​លាន​រៀល លុយ​ដុល្លារ​ចំនួន​៨០០​ដុល្លារ ខ្សែ​.​ក ខ្សែដៃ ចិ​ញ្ជៀ​ន ធ្វើ​ពី​មាស​ជាង​១​ម្លឹ​ង ខ្សែដៃ​ប្លា​ទី​ន​មួយ​ខ្សែ​ទម្ងន់​៥​ជី និង​ទូរស័ព្ទ​អាយ​ហ្វូ​ន​១​គ្រឿង ។

កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំអាង​ឱ្យ​ដឹង​ថា នៅ​វេលា​យប់​កើតហេតុ​ថ្ងៃ​ទី​២៧​មិថុនា ស្ថិត​នៅ​ចំណុច​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ មេឃ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​ផង​ដែរ ហើយ​ប្រជាពលរដ្ឋ​ក្បែរ​នោះ​មិនដឹង​ថា ក្រុម​ចោរប្លន់​មាន​គ្នា​ប៉ុន្មាន​នាក់ និង​ប្រើប្រាស់​មធ្យោបាយ​អ្វី​ធ្វើ​ដំណើរ និង​គេចខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​នោះ​ទេ ថែម​ទាំង​មិន​បានឮ​ការ​ផ្ទុះអាវុធ និង​សម្លេង​ស្រែក​ឱ្យ​ជួយ​នោះ​ទេ ។ បន្ទាប់​ពី​កើតហេតុ ទើប​មានការ​រាយការណ៍​ដល់​កម្លាំង​នគរបាល​ចុះ​ត្រួតពិនិត្យ​និង​នាំ​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​។

បើ​តាម​ការ​អះអាង​ពី​ស្ត្រី​ឈ្មោះ អ៊ុ​ច សុខ​ឃាន់ អាយុ​៥៨​ឆ្នាំ ត្រូវជា​ម្តាយ​ជន​រង​គ្រោះ​រៀបរាប់​ថា ខណៈ​ពេល​កើតហេតុ​គាត់​បាន​ដេក​នៅ​ក្នុង​បន្ទប់​ឡៅតឿ ។ លុះដល់​ពេល​កើតហេតុ ក៏​បានឮ​ស្នូរ​គាស់​ទ្វារ​ខាងក្រោយ​ផ្ទះ គាត់​បាន​អើត​មើលឃើញ​មនុស្ស​៤​នាក់ ប្រដាប់​ដោយ​កាំភ្លើង​ព្រមទាំង​បាញ់​ទៅ​លើ​កូនប្រសា​របស់​គាត់ បណ្តាល​ឱ្យ​របួស​ជើង​និង​វាយ​កូនស្រី​គាត់​បន្ថែម​ទៀត ដោយ​បង្គាប់​ឱ្យ​យក​លុយ​និង​ទូរស័ព្ទ​មក​ឱ្យ​ពួក​វា ។ គ្រានោះ កូន​របស់​គាត់​ក៏​បាន​ធ្វើ​តាម​ការ​គម្រាម​របស់​ពួក​ចោរ ។ បន្ទាប់​មក​ពួក​ចោរ​ក៏​បាន​ឡើង​មក​លើ​បន្ទប់​ឡៅតឿ ដោះ​យក​ខ្សែដៃ​របស់​គាត់​ទៅ​បន្ថែម​ទៀត ទើប​ចេញ​ទៅ​តាម​ទ្វា​ក្រោយ​វិញ​បាត់​ស្រមោល​តែ​ម្តង ។

ករណី​ប្លន់​ប្រដាប់​អាវុធ​ខាងលើ​នេះ សមត្ថកិច្ច​បាន​អះអាង​ថា មុខសញ្ញា​ប្លន់​នោះ​មានការ​សិក្សា​ល្អិតល្អន់​មុន​ធ្វើ​សកម្មភាព ព្រោះ​ពួក​គេ​បានដឹង​អំពី​ទ្រព្យសម្បត្តិ​របស់​ម្ចាស់ផ្ទះ​រង​គ្រោះ ទើប​ពេល​ចូល​ប្លន់​ក្រុម​ចោរ​ទាមទារ​លុយ​ដាក់​នៅ​ត្រង់​ណា និង​ទាមទារ​ទូរស័ព្ទ​ស៊េរី​អាយ​ហ្វូ​ន​ទំនើប​ថែម​ទៀត ។

ប្រភព​បន្ត​ថា ក្រុម​ចោរ​ទំនង​មុន​ធ្វើ​សកម្មភាព​ប្លន់​នេះ អាច​បន្លំ​ខ្លួន​ជា​អ្នក​មក​ដក​ប្រាក់​ឬ​វេរ​លុយ ទើប​ដឹង​ពី​ខ្ទង់​សាច់ប្រាក់​ដែល​ផ្ទះ​អាជីវករ​វេរ​លុយ​វី​ង​នោះ​មាន ។

ក្រោយ​ករណី​ប្លន់​ប្រដាប់​អាវុធ​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា គេ​បានឃើញ​វត្តមាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ រួម​មាន​កម្លាំង​កងរាជអាវុធហត្ថ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​និង​ស្រាល​ដឹកនាំ​ដោយ​លោក ហ៊​ម ប៊ុ​ន​ធែ​ល ស្នងការ​រង​ទទួល​ផែន​នគរបាល​កណ្តាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​លោក ជា ជេ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំអាង ព្រមទាំង​អាជ្ញាធរ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ផង​ដែរ ។

លោក អ៊ុ​ក មឿ​ន នាយការិយាល័យ​បច្ចេកទេស និង​កោសល្យវិច័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​មានការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា មន្ត្រី​ជំនាញ​បាន​ចុះ​ដល់​ចំណុច​ទីតាំង​កើតហេតុ​ត្រួតពិនិត្យ​ឃើញ​ថា នៅ​កន្លែង​កើតហេតុ​មាន​សំបក​គ្រាប់​១​គ្រាប់ ស្នាម​ឈាម ព្រមទាំង​ស្នាម​គ្រាប់ ដូច្នេះ​ករណី​ខាងលើ​នេះ គឺជា​ករណី​ប្លន់​ប្រដាប់​អាវុធ ។

ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ កំពុង​ស្ថិត​នៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស ចំណែក​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ខាងលើ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាមដាន​អំពី​អត្តសញ្ញាណ ៕