បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង ភាគច្រើន​ជា​ប្រតិបត្តិការ​របស់​កងរាជអាវុធហត្ថ​និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​

លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ក៏ដូចជា​មន្ត្រីក្រោមឱវាទ​ត្រូវបាន​មន្ត្រី​សង្គម​ស៊ីវិល សកម្មជន​ព្រៃឈើ និង​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ​។ ផ្ទុយទៅវិញ​លោក ឈាង តុលា និង​មន្ត្រីក្រោមឱវាទ​ក្នុង​ក្រុង​ស្ទឹងត្រែង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន​ជាដើម ត្រូវគេ​ដឹងថា​ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ក្នុងនោះ​ឈ្មួញ​យួន​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង ដែល​ល្បីល្បាញ​ខាង​ជួញដូរ​ឈើ​ប្រណីត​នៅ​ខេត្តស្ទឹងត្រែង ត្រូវបាន​គេ​ដឹងថា​មាន​លោក ឈាង តុលា ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​។

​កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​ខេត្តស្ទឹងត្រែង បាន​បង្ក្រាប​រថយន្ត​ម៉ាក​សាំ​យ៉ុង​ដឹកឈើ​ប្រណីត​១​គ្រឿង​នៅ​ចំណុច​វាល​ព្រីង សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ហើយ​ប្រគល់​ទៅ​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង ដើម្បី​ចាត់វិធានការ​តាមច្បាប់​។ រថយន្ត​ដឹកឈើ​ប្រណីត​នោះ​ម៉ាក​សាំ​យ៉ុង​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AD-4742 ដឹកជញ្ជូន​ឈើ​ធ្នង់​ចំនួន​៥១​ដុំ​ស្មើនឹង​១,៣៩០​ម៉ែត្រគូប ហើយ​ម្ចាស់​រថយន្ត​ដឹកឈើ​មិន​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​ចាត់ការ​ឡើយ​។

​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​សៀម​ប៉ាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​សេសា​ន ជាពិសេស​តំបន់​កន្ទុយ​នាគ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​បទល្មើស​កា​ប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ក៏ដូចជា​ឈើ​ប្រភេទ​លេខ​១​ចេញពី​មូលដ្ឋាន​របស់​ពួកគាត់ នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ​ដដែល​។ ប្រជា​សហគមន៍​បាន​រិះគន់ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ទាំង​៣​ខាងលើនេះ ក៏ដូចជា​មន្ត្រី​បរិស្ថាន​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ ហើយ​កន្លងមក​មានតែ​កម្លាំង​អាវុធហត្ថ​និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ប៉ុណ្ណោះ ដែល​បង្ក្រាប​យក​ស្នាដៃ​ម្តងម្កាល​។ ការបង្ក្រាប​នោះដែរ គឺ​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​តែ​រថយន្ត​ដឹកឈើ​ដែល​ម្ចាស់​គេចវេះ​មិន​បង់លុយ ចំណែក​ឈ្មួញ​ដែល​ចេះ​យល់​ពី​តម្រូវការ​របស់​សមត្ថ​កិច្ច​តែងតែ​គេច​ផុតពី​ការបង្ក្រាប​យ៉ាង​រំភើយ​៕

13559170_734448553363748_3736236265014170293_o 13509023_734448556697081_4846892143617958484_n 13516154_734448526697084_6881463227181541048_n