រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​អាច​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កំពង់ទួល​ដោយ​សេរី ឲ្យ​តែ​ម្ចាស់​បង់លុយ​តាម​ការកំណត់​

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​កណ្ដាលស្ទឹង បាន​ឲ្យ​ដឹងថា​ជា​រៀងរាល់ថ្ងៃ​ពួកគាត់​តែងតែ​ឃើញ​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កំពង់ទួល​លើផ្លូវ​ជាតិ​លេខ​៣​យ៉ាង​រលូន ហើយ​មិនឃើញ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​នោះ​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ប្រភព​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កំពង់ទួល គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ប៉ុណ្ណោះ ហើយ​ពួកគេ​មិន​ខ្វល់​រឿង​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ទម្ងន់​ធ្វើ​ឲ្យ​ស្រុត​ផ្លូវជាតិ​លេខ​៣​នោះទេ​។

ឈ្មួញ​មួយចំនួន​ធ្លាប់បាន​លើកឡើង​រួចមកហើយ​ថា ពួកគេ​អាច​ប្រើប្រាស់​រថយន្ត​ធំៗ​ផ្ទុកទំនិញ​លើស​ទម្ងន់ ហើយ​អាច​បើក​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កំពង់ទួល​ដោយ​គ្មាន​ឧបសគ្គ គឺ​ដោយសារ​បង់លុយ​តាម​ការកំណត់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ដែល​ឈរជើង​នៅ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ មិនដែល​បង្ក្រាប​រថយន្ត​ផ្ទុកទំនិញ​លើស​ទម្ងន់​ទេ ព្រោះ​ពួកគេ​គិតតែ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​រាប់​ឆ្នាំ​មកហើយ​។ ហេតុនេះហើយ​ទើប​មន្ត្រីរាជការ​ក្នុង​ខេត្តកណ្ដាល ធ្លាប់​រិះគន់ថា​ជញ្ជីង​ថឹ្ល​ង​រថយន្ត​នៅ​កំពង់ទួល គឺជា​ប្រភព​ចំណូល​ដ៏​ធំ​របស់លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល និង​លោក ជួរ ឈុន​ឡេង អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល​។

​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​កំពង់ទួល ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង មាន​កម្លាំង​អាវុធហត្ថ​ស្រុក​កណ្ដាលស្ទឹង សហការ​ជាមួយ​គណៈកម្មាធិការ​ដឹក​នាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ នៃ​ក្រសួង​សាធារណការ​ដឹកនាំ​ដោយ​លោក សេង ឈួន អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​លើស​ទម្ងន់ បាន​ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង​។ នៅក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​រថយន្ត​ធំៗ​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន​២០​គ្រឿង ហើយ​យក​រថយន្ត​ទាំង​នោះមក​រក្សាទុក​នៅ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កំពង់ទួល​។

ជុំវិញ​បញ្ហា​ខាងលើនេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា នៅ​ទៅ​បំផុត​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​កំពង់ទួល អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដដែល ហើយ​ការត្រួតពិនិត្យ​កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​។ ឈ្មួញ​អាច​ប្រើប្រាស់​រថយន្ត​ធំៗ​និង​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​នាពេល​កន្លងមក អាចមាន​ការឃុបឃិត​ជាមួយ​ក្រុមមន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​ព្រោះ​មន្ត្រី​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល មួយចំនួន​បានបញ្ជាក់​ថា ជញ្ជីង​នៅ​ស្ថានីយ៍​កំពង់ទួល​ជា​ជញ្ជីង​ថ្លឹង​លុយ​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរពិនិត្យមើល​អំពើពុករលួយ​របស់​ម​ន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​កំពង់ទួល​ខ្លះ​ផង ព្រោះ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ក្នុងការ​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ជាមួយ​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល យ៉ាង​ក្រអឺតក្រទម​៕

13495258_1056262574467332_6478042142730602681_n 13495133_1056262571133999_7698919293868906137_n 13495258_1056262574467332_6478042142730602681_n - Copy