អកុសល​អ្វី​ម្ល៉េះ ! ទៅ​ទទួល​បងប្អូន​មក​ពី​កូរ៉េ​បាន​ពាក់កណ្ដាល​ផ្លូវ

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​១៨​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល​ក្នុង​ហេតុការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​វី​ហ្គោ​បុក​គ្នា​ជាមួយ​រថយន្ត​តួ​រី​ស កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៨-៣៩ ស្ថិត​ក្នុងភូមិ​ស្លា ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នក​បើករ​រថយន្ត​តួ​រី​សមាន​ឈ្មោះ វង់ រី​ម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ន​រា​ណ៍ ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ចំណែក​អ្នក​បើករថយន្ត​វី​ហ្គោ​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ​ បាន​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។ រីឯ​អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

ប្រភព​ពី​សមត្ថកិច្ច​ស្រង់​សំដី​អ្នក​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា រថយន្ត​តួ​រី​ស ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ កំពង់ចាម 2A-1825 បើកបរ​ទិ​ដៅ​ពី​លិចទៅ​កើត ចំណែក​រថយន្ត​វី​ហ្គោ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ 2AA-0189 បើកបរ​បញ្ច្រាសទិស​គ្នា​ពី​កើត​ទៅ​លិច ។ មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ដឹក​បងប្អូន​ពី​ភូមិ​គោលបំណង​ទៅ​ទទួល​សាច់ញាតិ​មក​ពី​ប្រទេស​កូរ៉េ តែ​ទៅ​មិន​ទាន់​ដល់​ផង ក៏​ជួប​រឿង​អកុសល​បែប​នេះ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ អូស​យក​វត្ថុ​តាង​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​វី​ហ្គោ​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​ភាគី​រង​គ្រោះ​តាម​ផ្លូវច្បាប់ ៕