មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ នៅតែ​ឃុបឃិត​ឲ្យ​បទល្មើស​កើតឡើង​ដូច​មុន​ដដែល​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្តក្រចេះ ទៅ​ខេត្ត​ត្បូងឃ្មុំ តាមផ្លូវ​ជាតិ​លេខ​៧ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដោយ​ពុំមាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​សព្វថ្ងៃនេះ​សកម្មភាព​ដឹកឈើ​តាម​រថយន្ត តាម​រ៉ឺម៉ក និង​តាម​ម៉ូតូ ចេញពី​ខេត្តក្រចេះ ចូល​ខេត្ត​ត្បូងឃ្មុំ រាលដាល​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។ ជាពិសេស​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ពួកគេ​មិន​បង្ក្រាប​បទល្មើស​ឡើយ​។

​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា តាម​ដងផ្លូវ​ជាតិ​លេខ​៧ ពី​ខេត្តក្រចេះ ទៅ​ខេត្ត​ត្បូងឃ្មុំ មាន​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ជាច្រើន​កន្លែង​ដូចជា រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន កងរាជអាវុធហត្ថ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​។ ក៏ប៉ុន្តែ​សមត្ថកិច្ច​ទាំងនោះ​តែងតែ​មើលរំលង​បទល្មើស​ដឹកឈើ​តាម​រថយន្ត​សាំ​យ៉ុង រថយន្ត​កែច្នៃ រ៉ឺម៉ក ម៉ូតូ​ជាដើម ដោយសារតែ​ពួកគេ​ខ្លាច​បាត់បង់​ផលប្រយោជន៍​។ ជាពិសេស​លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​គេ​ដឹងថា​ជា​មេខ្លោង​នៅ​ពីក្រោយ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ទឹកដី​ខេត្ត​ត្បូងឃ្មុំ យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​លោក ងី វីរៈ ទេនោះ​គឺ​ឈ្មួញ​មិនអាច​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ យកទៅលក់​នៅ​ស្រុក​យួន​បានឡើយ​។

សកម្មជន​ព្រៃឈើ​និង​មន្ត្រីរាជការ​រស់នៅ​តាម​ផ្លូវជាតិ​លេខ​៧ ជាប់​ព្រំប្រទល់​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​ចាប់ពី​ម៉ោង​១០​យប់​ទៅដល់​ម៉ោង​៣​ទៀបភ្លឺ តែងតែមាន​ក្បួន​រថយន្ត​ដឹកឈើ​ចាប់ពី​៧​ទៅ​១០​គ្រឿង​ឆ្លងកាត់​ខេត្តក្រចេះ ចូល​ខេត្ត​ត្បូងឃ្មុំ​យ៉ាង​រលូន គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​។ សមត្ថកិច្ច​ឈរជើង​លើផ្លូវ​ជាតិ​លេខ​៧ ចាប់ពី​ស្រុក​ស្នួល ខេត្តក្រចេះ រហូតដល់​ស្រុក​មេមត់ ស្រុក​ពញាក្រែក មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​នោះទេ ហើយ​សូម្បីតែ​តាម​ច្រករបៀង​និង​ច្រកព្រំដែន​ក្នុងស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ក៏មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ដែរ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ តែងតែ​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ក្នុងនោះ លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ គឺជា​អ្នកទទួល​ផលប្រយោជន៍​ច្រើនជាងគេ ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​៕

394f299e-fad6-4ba1-8f08-39c8e8e2350d 2b557028-e033-4e96-83b8-5a04bfd52b20 9863405c-2a9a-4ee8-ad47-0c583246b5fc 59d99f4a-1387-4ee6-821c-c26860ef621a