ឈ្មួញ​ឈ្មោះ ពឿ​ន អាងខ្នង​បង្អែក​រឹងមាំ​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្តកំពង់ធំ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ពឿ​ន ដែលមាន​ខ្នងបង្អែក​រឹងមាំ​នៅតែ​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ទឹកដី​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ចូលមក​ឃុំ​កំពង់ថ្ម ស្រុក​បារាយណ៍ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កំពង់ថ្ម ស្រុក​បារាយណ៍ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ម៉ិ​ល ពឿ​ន តែង​ប្រើប្រាស់​រថយន្ត​ចំនួន​៦​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ឡង់​មក​ចែកចាយ​តាម​ដេប៉ូ​នៅ​ឃុំ​កំពង់ថ្ម ច្រើន​ឆ្នាំ​មកហើយ​។ ឈើ​ដែល​ឈ្មួញ​ឈ្មោះ ពឿ​ន ដឹកជញ្ជូន​នោះ​ត្រូវគេ​ដឹងថា​ជា​ឈើ​ខុសច្បាប់ ដឹក​ចេញពី​ព្រៃ​ឡង់ ប៉ុន្តែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ដទៃទៀត​មិន​ហ៊ាន​ទប់ស្កាត់​នោះទេ ព្រោះ​ខ្លាច​ឥទ្ធិពល​អ្នកមានអំណាច​ដែល​នៅ​ពីក្រោយ​ខ្នង​ឈ្មួញ​រូបនេះ​។

កាលពី​យប់​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ ឈ្មួញ​ឈ្មោះ ពឿ​ន បាន​ដឹកជញ្ជូន​ឈើ​៦​រថយន្ត​ចេញពី​តំបន់​ព្រៃ​ឡង់​យកទៅ​ចែកចាយ​ក្នុងស្រុក​បារាយណ៍ ហើយ​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ មាន​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ពឿ​ន ត្រូវជា​ក្មួយ​ប្រសា​របស់លោក ងួន ញ៉ិល ដែលជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ប្រជាជន ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ញញើត​នឹង​ចំណាត់ការ​របស់​សមត្ថ​កិច្ច​។ ដោយសារតែ​សមត្ថកិច្ច​ដឹងថា​ឈ្មួញ​ឈ្មោះ ពឿ​ន ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​ទៅ​ចែកចាយ​ក្នុងស្រុក​បារាយណ៍ ធ្វើ​ឲ្យ​ព្រៃ​ឡង់​ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​។

មន្ត្រីរាជការ​ក្នុងស្រុក​បារាយណ៍ បាន​បង្ហើប​ឲ្យ​ដឹងថា រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​ដែល​ឈ្មួញ​ឈ្មោះ ពឿ​ន ប្រកប​របរ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​ស្រុក​សណ្ដាន់ មក​ចែកចាយ​តាម​ដេប៉ូ​នៅ​ស្រុក​បារាយណ៍ ជាពិសេស​នៅ​ឃុំ​កំពង់ថ្ម ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​សណ្ដាន់ និង​ស្រុក​បារាយណ៍ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​រូបនេះ​ទេ​។ សូម្បីតែ​លោក តឹ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ក៏​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ ពឿ​ន ដោយសារ​ដឹងថា​ឈ្មួញ​រូបនេះ​ជា​ក្មួយ​ប្រសា​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដែល​ប្ដេជ្ញា​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះ ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ឈើ​ឈ្មោះ ពឿ​ន ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​រូបនេះ កំពុង​ប្រើប្រាស់​រថយន្ត​៦​គ្រឿង​សម្រាប់​ដឹកឈើ​ពី​ស្រុក​សណ្ដាន់ មក​ចែកចាយ​ក្នុងស្រុក​បារាយណ៍ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

២៤ .jpg(3)