​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​មួយរូប​កំពុង​រត់ការ​ពន្យារ​អា​យុ​ចូលនិវត្តន៍​ឲ្យ​មេ​គយ ឆ បូ​ណាវី

ប្រភពព័ត៌មាន​ពី​មន្ត្រី​គយ​មួយរូប​បាន​បង្ហើប​ថា​លោក ហ៊ី​វ គឹម​ហេង  ដែល​តាម​អាយុ​ពិតប្រាកដ គឺ​ត្រូវ​ចូលនិវត្តន៍​ទៅហើយ​នោះបាន​រត់ការ​ពន្យា​រ​ពេល​ចូលនិវត្តន៍​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ដើម្បី​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន និង​បក្ខពួក លោក ហ៊ី​វ គឹម​ហេង មិនបាន​ខ្វល់ខ្វាយ​ពី​ច្បាប់ទម្លាប់ និង​ការ​បន្តវេន​ឲ្យ​មន្ត្រី​គយ​ជំនាន់​ក្រោយ​មានឱកាស​បម្រើ​ជាតិ​នោះទេ ទើប​មន្ត្រី​គយ​ពុករលួយ​រូបនេះ​បាន​ឃុបឃិត​ជាមួយ​បក្ខពួក​របស់ខ្លួន​រត់​ការ​សូកប៉ាន់​ថ្នាក់លើ​ក្នុង​បំណង​សម្រេច​បន្ត​តំណែង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ឲ្យ​បាន​៣​ឆ្នាំ​ទៀត​។​

​លោក ហ៊ី​វ គឹម​ហេង មិន​ត្រឹមតែ​បាន​រត់ការ​ពន្យារ​អាយុ​ចូលនិវត្តន៍​ផ្ទាល់ខ្លួន​កាលពីពេល​កន្លងមក​នោះទេ តែ​សព្វថ្ងៃនេះ​លោក ហ៊ី​វ គឹម​ហេង ក៏​កំពុងតែ​រត់ការ​ទៅ​ថ្នាក់លើ​ពន្យា​អាយុ​ចូលនិវត្តន៍​ឲ្យ​មន្ត្រី​គយ​មួយរូប​ឈ្មោះ ឆ បូ​ណាវី ដែល​បញ្ហា​នេះ​ក៏​កំពុងតែ​បង្ក​ភាព​ក្តៅក្រហាយ​ដល់​មន្ត្រី​ថ្នាក់ក្រោម​របស់ខ្លួន​។ គួរ​បញ្ជាក់ថា លោក ឆ បូ​ណាវី មាន​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​រដ្ឋាករ ហើយ​ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍ នៅ​ឆ្នាំ​២០១៧ ឆាប់ៗ​ខាងមុខនេះ តែ​មន្ត្រី​គយ​រូបនេះ​កំពុងតែ​ឃុបឃិត​ជាមួយ​លោក ហ៊ី​វ គឹម​ហេង ដើម្បី​ពន្យារ​អាយុ​ចូលនិវត្តន៍​។​

​លោក គុណ ញឹម បច្ចុប្បន្ន​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាក រួមទាំង​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក អូន ព័ន្ធមុនីរ័ត្ន ក៏​ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​ទង្វើ​រំលោភបំពាន​ច្បាប់​យ៉ាង​គឃ្លើន​ផងដែរ​។ មន្ត្រី​គយ​មួយរូប​បាន​បញ្ជាក់ថា បើ​មន្ត្រី​គយ​មិន​ប្រព្រឹត្ត​អំពើពុករលួយ និង​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ទេនោះ ពួកគេ​ក៏​មិនអាច​មានលទ្ធភាព​ទិញ​ផ្ទះ និង​ដី​ច្រើន​កន្លែង ព្រមទាំង​ទិញ​រថយន្ត​ជាច្រើន​គ្រឿង​មានតម្លៃ​រាប់សែន​ដុល្លារ​បានឡើយ ព្រោះ​ប្រាក់ខែ​របស់​ពួកគេ​អាច​ទ្រទ្រង់​ជីវភាព​របស់​នៅបាន​សមរម្យ​ប៉ុណ្ណោះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា អំពើពុករលួយ​ក្នុង​ជួរ​មន្ត្រី​គយ​នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​នៅឡើយ​ទេ​សព្វថ្ងៃនេះ​ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​ការប្រមូល​ពន្ធ​ចូល​រដ្ឋ​មាន​ចំនួន​តិចតួច និង​នៅតែមាន​ករណី​នាំចូល​ទំនិញគេចពន្ធ​ដដែល ហើយ​រដ្ឋាភិបាល​បាន​ត្រឹម​អំពាវនាវ​ខ្ចី​និង​សុំ​ជំនួយ​បរទេស​យកមក​បង្គ្រប់​កញ្ចប់​ថវិកាជាតិ​ដែល​ខ្វះខាត​៕

index