សភាពការណ៍​ធ្ងន់ធ្ងរ​នៅ​យេ​ម៉ែ​ន​ស្លាប់​80​នាក់

ការ​វាយប្រហារ​តាម​អាកាស និង​ការ​ប្រយុទ្ធ​គ្នា​នានា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៨០​នាក់ ក្នុង​នោះ​មាន​ជន​ស៊ី​វិល​៣៧​នាក់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​នៅ​យេ​ម៉ែ​ន ខណៈ​ការ​ចរចា​សន្តិភាព​រៀបចំ​ធ្វើ​ក្រោម​ការ​ជ្រោមជ្រែង​របស់ អ​.​ស​.​ប នៅ​តែ​ជាប់​គាំង ។

អ្នក​ស្លាប់​ទាំង​៨០​នាក់​នោះ​បន្ថែម​លើ​មនុស្ស​ស្លាប់​៤២​នាក់​កាលពី​ថ្ងៃ​ទី​២៧ មិថុនា ដោយសារ​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ចំនួន​ប្រឆាំង​កង​យោធា​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​ជី​ហា​ដ រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អតីត​ទីតាំង​របស់​អាល់​កៃ​ដា​នា​ភាគ​អាគ្នេយ៍​ប្រទេស ។

សភាពការណ៍​យោធា​ធ្លាក់​ចុះ​ដុនដាប​ចាប់តាំងពី​ស​ប្តា​ហ៍​មុន​មក​នៅ​យេ​ម៉ែ​ន ខណៈ​ការ​ចរចា​ចាប់តាំងពី​ថ្ងៃ​ទី​២១ មេ​សា មក​នៅ​ប្រទេស​គុយ​វ៉ែត​រវាង​រដ្ឋាភិបាល​យេ​ម៉ែ​ន និង​ពួក​ឧទ្ទាម​ស៊ី​អីុ​ត​ហ៊ូ​ធី ត្រូវ​ផ្អាក​នា​ស​ប្តា​ហ៍​ខាង​មុខ​សម្រាប់​បុណ្យ​ស្រាយ​បួស​រ៉ា​ម៉ា​ដាន ។

នៅ​លើ​ទីលាន​កង​យន្តហោះ​របស់​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត កាលពី​យប់​ថ្ងៃ​ទី​២៧ មក ២៨ មិថុនា បាន​វាយប្រហារ​លើ​បណ្តា​ទីតាំង​ពួក​ឧទ្ទាម​នៅ​ភាគ​ខាងត្បូង​ខេត្ត TAEZ ។ ប្រភព​យោធា​និយាយ​ថា ការ​វាយប្រហារ​ទាំងនេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣៤​នាក់ ក្នុង​នោះ​មាន​ពួក​ឧទ្ទាម​១៥​នាក់ ។

អ្នក​ទទួលខុសត្រូវ​ខេត្ត​ម្នាក់​អះអាង​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនេះ​មាន​ជន​ស៊ី​វិល​១៩​នាក់ ក្នុង​នោះ​មាន​នារី​៤​នាក់ ។ ក្នុង​ទីក្រុង TAEZ ទីរួមខេត្ត​មានឈ្មោះ​ដូច​គ្នា​នោះ ជន​ស៊ី​វិល​១១​នាក់ និង​ទាហាន​ម្នាក់​ស្លាប់​ដោយសារ​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​ប្រឆាំង​សង្កាត់​ទាំងឡាយ ។ ទាហាន​យេ​ម៉ែ​ន​៩​នាក់​ក៏​រង​របួស​ផង​ដែរ ។

ប្រភព​យោធា​គូសបញ្ជាក់​ទៀត​ថា កងកម្លាំង​បន្ថែម​ត្រូវ​បាន​បញ្ចូល​ទៅ​កាន់​ខេត្ត LAHJ ដោយ​កងទ័ព​រដ្ឋាភិបាល ដែល​ប៉ុនប៉ង​វាយ​យក​វិញ​បណ្តា​ទីតាំង​ដែល​ពួក​ឧទ្ទាម​ដណ្តើម​យក​បាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​នៅ​ជុំវិញ​មូលដ្ឋាន​អាកាសចរណ៍ AL-ANAD ជា​មូលដ្ឋាន​អាកាសចរណ៍​ធំ​បំផុត​របស់​យេម៉ែ​ន ។

ពួក​ឧទ្ទាម​១២​នាក់ និង​ទាហាន​៣​នាក់ ក៏​ស្លាប់​ដែរ ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​រណ​រិ​ស្ស NAHM ភាគ​ឦសាន​រដ្ឋធានី​សា​ណា ខណៈ​ដែល​ពួក​ឧទ្ទាម​៦​នាក់​ទៀត និង​ទាហាន​២​នាក់​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នៅ​ក្រុង MARIB ភាគ​ខាងកើត​ក្រុង​សា​ណា ។ នៅ​តំបន់​នោះ​យន្តហោះ​ប្រយុទ្ធ​មួយ​គ្រឿង​របស់​ក្រុមចម្រុះ​ទម្លាក់​គ្រាប់បែក​ច្រឡំ​ត្រូវ​ចំ​រថយន្ត​មួយ​គ្រឿង​របស់​កងទ័ព​រដ្ឋាភិបាល​សម្លាប់​ទាហាន​៤​នាក់ និង​របួស​៤​នាក់ ៕