សហភាព​អឺរ៉ុប​ព្រមព្រៀង​គ្នា​ដោយ​គ្មាន​អង់គ្លេស​ដើម្បី​រៀបចំ​ខ្លួន​ក្រោយ BREXIT

បណ្តា​មេដឹកនាំ​សហភាព​អឺរ៉ុប​ជួប​ប្រជុំ​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា នៅ​ក្រុង​ព្រុ​ច​សែ​ល​ជា​លើក​ដំបូង​គ្មាន​ចក្រភព​អង់គ្លេស ដើម្បី​ប៉ុនប៉ង​រៀបចំ​ខ្លួន​ឡើង​វិញ ក្រោយ BREXIT គឺ​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស ។

កាលពី​ថ្ងៃ​ទី​២៨ មិថុនា នៅ​ក្រុង​ព្រុ​ច​សែ​ល មេដឹកនាំ​របស់​ប្រទេស​២៧ ជា​សមាជិក​សហភាព​អឺរ៉ុប ដែល​នៅ​សល់​បាន​យល់ព្រម​ទុក​ពេល​បន្តិចទៀត​ដល់​អង់គ្លេស សម្រាប់​រៀបចំ​នីតិវិធី​ផ្លូវការ​នៃ​ការ​ចាកចេញ​តែ​បញ្ជាក់​ថា ពួក​គេ​នឹង​មិន​ទុក​ពេល​យូរ​រង់ចាំ​ច្រើន​ខែ​ឡើយ ។

អធិការបតី​អា​ល្លឺ​ម៉​ង់ លោកស្រី​អេ​ន​ហ្សឺ​ឡា​ម័​រ​កែ​ល ក៏​ប្រាប់​ទៅ​អង់គ្លេស​ដែរ​ថា ទំនាក់ទំនង​នា​ពេល​អនាគត​របស់​ប្រទេស​នេះ​ជាមួយ​សហភាព​អឺរ៉ុប​នឹង​ពុំ​មាន​ក្នុង​គម្រោងការ​មួយ​របស់​អឺរ៉ុប​ឡើយ ព្រោះ​ចង់​ចៀសវាង​កុំឱ្យ​គំនិត BREXIT ឆ្លង​ដល់​ប្រទេស​ដទៃ​ៗ​ទៀត ។

ពេល​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ចាកចេញ​ពី​ក្រុង​ព្រុ​ច​សែ​ល នាយក​រដ្ឋមន្ត្រី​អេកូ​ស លោកស្រី NICOLAS STURGEON បែរជា​ទៅ​កាន់​ទីនោះ ដើម្បី​វាយតម្លៃ​លើ​ភ័ព្វវាសនា​របស់​អេកូ​ស​ចូល​ក្នុង​សហភាព​អឺរ៉ុប ក្នុង​ឋានៈ​ជា​តំបន់​ឯករាជ្យ​មួយ ។

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក DONALD TURSK ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ក្រោយ​ពី​ជប់លៀង​មួយ​របស់​មេដឹកនាំ​ប្រទេស​២៨​ថា បណ្តា​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​សហភាព​អឺរ៉ុប ទទួលស្គាល់​ថា ពេលវេលា​មួយ​រយៈ​ទៀត​ត្រូវការ​ចាំបាច់​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​ឡើង​វិញ ក្រោយ BREXIT ។

នាយក​រដ្ឋមន្ត្រី​អភិរក្សនិយម​អង់គ្លេស លោក​ដា​វី​ដ កា​មី​រ៉ូ​ន ដែល​ចូលរួម​ប្រជុំ​ចុង​ក្រោយ​ជាមួយ​មេដឹកនាំ​អឺរ៉ុប​២៧​រូប​ទៀត ហាក់​ពុំ​ថយក្រោយ​ឡើយ​លើ​រឿង BREXIT ដោយ​លោក​អះអាង​ជា​ថ្មី​ថា លោក​នឹង​ទុក​ឱ្យ​អ្នក​ឡើង​បន្តវេន​ពី​លោក​រៀបចំ​បែបបទ​នៃ​ការ​ដកខ្លួន​ថយ​របស់​ប្រទេស​លោក យោង​តាម​មាត្រា​ទី​៥០​នៃ​សន្ធិសញ្ញា​ក្រុង​លី​ល្បោ​ន​ឆ្នាំ​២០០៩ ៕