ក្រុមទ័ព ហាក់មានរំពឹងក្នុងការផ្តួលស៊ីម៉ាក់ ថ្ងៃនេះ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ

ក្រុមក្រសួងការពារជាតិ(ទ័ព) បានបង្ហាញនៅទំនុកចិត្ត ក្នុងការយកឈ្នះក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើឡើង នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង៦ថ្ងៃពុធនេះ គឺបន្ទាប់ពីការជួបគ្នារវាងក្រុមម្ចាស់ជើងឯកព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន។

mm2

វាជាការពិតដែលក្រុមស៊ីម៉ាក់ បានទម្លាក់ក្រុមម្ចាស់ជើងឯករង ណាហ្គាវើល នៅវគ្គ៨ក្រុម តាមរយៈការយកឈ្នះ ២-១ ដ៏មិនគួរឲ្យជឿ កាលពីថ្ងៃពុធ កន្លងមកនេះ ប៉ុន្តែសម្រាប់ក្រុមទ័ព ដែលបានយកឈ្នះក្រុមលេខ៣ឆ្នាំចាស់ ខេមបូឌានថាយហ្គឺរ រហូតដល់ ៤-០ ក្នុងវគ្គ៨ក្រុមនោះដែរនោះ ហាក់មិនសូវចាប់អារម្មណ៍ទៅលើកម្រិតលេងរបស់ក្រុមស៊ីម៉ាក់ ប៉ុន្មានឡើយ។
លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមទ័ព បាននិយាយថា៖«បើតាមអ្វីដែលខ្ញុំបានឃើញ និងបានជួបក្រុមស៊ីម៉ាក់ កន្លងមកនោះ គឺបច្ចេកទេសលេងរបស់ក្រុមនេះ វាមិនសូវជាមានសម្ពាធធ្ងន់មកលើយើងប៉ុន្មានទេ គឺមានន័យថា យើងអាចមានប្រៀបលើពួកគេ និងមានភាគរយច្រើនក្នុងការទទួលបានឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ»។

mm1

លោកបានបញ្ជាក់ថា៖«យើងមានកីឡាករគ្រប់គ្រាន់ សម្រាប់ការលេងទាំង៣តំបន់ ប៉ុន្តែការបារម្ភក៏នៅតែកើតមានខ្លះៗផងដែរ បើសិនកូនក្រុមរបស់យើងលេងមានការធ្វេសប្រហែសនោះ ព្រោះការធ្វើប្រហែសវាអាចធ្វើឲ្យយើងចាញ់គេបាន។ ជាក់ស្តែងដូចការប្រកួយលីកកំពូលអ៊ីចឹង យើងបានចាញ់ក្រុមណាហ្គាវើល ១-០ ក្នុងម៉ោងបន្ថែម ៩០+៤ ដោយសារតែការធ្វេសប្រហែសនេះឯង»។

ចំណែកលោក ស៊ុំ វណ្ណា គ្រូបង្វឹកក្រុមស៊ីម៉ាក់ ក៏បានសិក្សាទម្រង់លេងរបស់ក្រុមទ័ព ផងដែរ បន្ទាប់ពីក្រុមរបស់លោកបានចាញ់ក្រុមទ័ព ៣-០ ក្នុងការប្រកួតក្របខ័ណ្ឌលីក កាលពីថ្ងៃទី២២ ខែមេសា កន្លងមក។ លោកបាននិយាយថា៖«ទ័ព គឺជាក្រុមខ្លាំង ដែលការលេងមានល្បឿនលឿន ព្រោះមានកីឡាករមានគុណភាពល្អច្រើន»។

លោកបានបន្តថា៖«បើតាមការសិក្សារបស់ខ្ញុំ គឺទម្រង់លេងរបស់ទ័ព មិនខុសពីទម្រង់លេងណាហ្គាវើល ប៉ុន្មានទេ គ្រាន់តែតំបន់ប្រយុទ្ធរបស់ទ័ព វាយសម្រុកចេញពីឆ្វេង និងស្តាំច្រើន ហើយពួកគេសហការគ្នាបានល្អ ដែលនេះជាចំណុចខ្លាំងមួយដែលយើងត្រូវបិទឲ្យបាន ខណៈខ្សែបម្រើក៏លេងល្អ តែខ្សែការពាររបស់ទ័ព ហាក់នៅឆេវឆាវបន្តិច ដែលជាចំណុចអាទិភាពរបស់ស៊ីម៉ាក់ដែរ។ ហេតុនេះបើសិនជាយើងទប់លេងឲ្យបានច្រើននៅតំបន់ការពារ និងបម្រើ យើងអាចមានឱកាសឈ្នះច្រើនជាង តែយើងមានព្យាយាមលេងទប់នោះទេ គឺយើងត្រូវតែមានការវាយបកក្នុងរកគ្រាប់បាល់ ដើម្បីបញ្ចប់ការចាញ់ឈ្នះនៅក្នុងការប្រកួត៩០នាទីតែម្តង អត់ចង់ឲ្យបន្តការប្រកួតរហូតដល់ម៉ោងបន្ថែម១៥នាទីទី២ដងនោះទេ ព្រោះយើងអាចចាញ់កម្លាំងគេ»៕