ចោរ​​នេះ! ពិតជា​​ពូកែ​​បង្វែង​ដាន​​មែន

រាជ​ធានី​​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​​ម្នាក់​ជា​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣ បាន​​ហួសចិត្ត​ជាខ្លាំង បន្ទាប់​ពី​ត្រូវ​​ចោរ​​លួច​ម៉ូតូ​​រ៉ឺម៉ក​កង់​៣​របស់​គាត់ រួច​​ដោះ​កន្ទុយ​រ៉ឺ​ម៉ក​​ ​​មក​អំពាវនាវ​​លក់​បន្ត លុះ​ពេល​ទាន់ ​​ត្រូវ​ចោរ​យក​កន្ទុយ​រ៉ឺ​ម៉កនោះ​​មក​​បោះចោល​ខាង​ក្រោយ​ភោជនីយដ្ឋាន​មួយ​កន្លែង ​យីហោ​ «បុប្ផា​រាជធានី​» ស្ថិត​ក្នុង​​​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ប្រភព​ឱ្យ​ដឹង​ថា ម្ចាស់​រ៉ឺ​ម៉ក​ខាងលើ​​ឈ្មោះ​ប៉ិល ចាន់​ថន អាយុ​២៩​ឆ្នាំ ជា​អ្នក​រត់​រ៉ឺ​ម៉ក​កង់​៣ ។ ប្រភព​ពី​ម្ចាស់​រូប​នោះ​ឱ្យ​ដឹង​​ថា នៅ​វេលា​ម៉ោង​០២​រំលង​អធ្រាត្រ​​​ថ្ងៃ​ទី​២៩ មិថុនា រូប​គាត់​ភ្ញាក់​ពី​​ដំណេក​ក៏​ភ្ញាក់ផ្អើល​​ថា ​បាត់​រ៉ឺ​ម៉ក​​ស្ថិត​​នៅ​ចំណតរថយន្ត​ក្រុង «​រស្មី​ភ្នំពេញ » ​លើ​ផ្លូវ​២០៥ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណៈ​គាត់​ទៅចតម៉ូតូរ៉ឺម៉ក​​​សម្រាក​នៅ​ទីនោះ ។ បន្ទាប់ដឹងថាបាត់​ហើយ​ គាត់​ក៏​ពឹង​​ឱ្យ​​ខាង​ចំណតរថយន្តក្រុង​ជួយ​​បើក​កាមេរ៉ា​សុវត្ថិភាព​មើល ទើប​ដឹង​​ថា ចោរ​​​លួច​រ៉ឺ​ម៉ក​គាត់​តាំងពី​ម៉ោង​០១ និង​៣០​នាទី​រំលង​អធ្រាត្រ​​មក​ម្ល៉េះ ។

លុះ​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា គាត់​បាន​ដើរ​តាម​រក​រ៉ឺ​ម៉ក​​របស់​គាត់ ដោយ​ផ្តាំ​ផ្ញើ​មិត្តភក្តិ​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ដូច​គ្នា​​ជួយតាម​​រក ទើប​ដឹង​​ដំណឹង​ថា​ រ៉ឺ​ម៉ក​របស់​គាត់​ត្រូវ​ចោរ​ដោះ​យក​ម៉ូតូ​ទៅ​បាត់ហើយ​ ។ ចំណែក​​កន្ទុយ​រ៉ឺ​ម៉ក ​ត្រូវ​ចោរដើរ​អំពាវនាវ​លក់​​ក្នុង​តម្លៃ​២០០​ដុល្លារ ត្រង់​ចំណុច​​​ទីតាំងប្រទះឃើញខាងលើ​ ​ទើបភ្ញាក់​ផ្អើលម្តងទៀត​នៅវេលាម៉ោង​១២ និង​៣០នាទីថ្ងៃ​ដដែល​នេះ ។