ហ៊ុន សែន៖ អាគុក កុំ​ព្រហើន! ចុយ… អាម្សៀរ​នេះ…

«អាគុក! កុំព្រហើនណា! (...) ចុយ អាម្សៀរនេះ!» នេះជាសំដីថ្មីទៀត របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែល​បាន​ថ្លែងជាសាធារណៈ ហៅទៅលោក កឹម សុខា អនុប្រធាន (បច្ចុប្បន្ន ជាប្រធានស្ដីទី) គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​បង្ខាំង​ខ្លួន​ឯង នៅក្នុងទីស្នាក់ការគណបក្ស។
ហ៊ុន សែន៖ អាគុក កុំ​ព្រហើន! ចុយ... អាម្សៀរ​នេះ...

លោក ហ៊ុន សែន ថ្លែងជាសាធារណៈ ពី«អាគុក អាព្រហើន ម៉ែអាណា ចុយ អាម្សៀរ» នៅក្នុងពិធីក្នុងពិធី​រំលឹកខួប​ទី ៦៥ឆ្នាំ នៃការបង្កើតស្ថាប័នគយ និងរដ្ឋាករកម្ពុជា។ (រូបថតផ្តិតពីវីដេអូ)

តើបណ្ដាអ្នកត្រងត្រាប់ ស្ដាប់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ទទួល​បាន​គំនិត និងការអប់រំអ្វីខ្លះ? មានច្រើនណាស់ ហើយមានទាំងភាសា «អាគុក - អាព្រហើន - ម៉ែអាណា - ចុយ - អាម៉ឹង» ថែមទៀតផង។

ប្រសាសន៍របស់លោក ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីរំលឹកខួបទី ៦៥ឆ្នាំ នៃការបង្កើតស្ថាប័នគយ និង​រដ្ឋាករកម្ពុជា ក្នុងព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំពោះមុខមន្ត្រីរាជការ ជាច្រើនរយនាក់។ នាយក​រដ្ឋមន្ត្រីកម្ពុជា បានថ្លែងទំនងជាសំដៅទៅលោក កឹម សុខា អនុប្រធាន (បច្ចុប្បន្ន ជាប្រធានស្ដីទី) គណបក្ស​សង្គ្រោះ​ជាតិ​ថា៖ «សុំផ្ដាំទៅលោកឯង ជាប់គុក មិន(មាន)ថ្ងៃចេញអត់រួចទេ ប្រាប់ឲ្យហើយ។ អាគុក កុំ​ព្រហើន!»។

ការថ្លែងរបស់លោក ហ៊ុន សែន ខាងលើនេះ បានប្រតិកម្មទៅនឹងសំដីរបស់លោក កឹម សុខា ដែលបានផ្ដល់​សម្ភាស ទៅឲ្យទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) និងមានន័យថា នាយករដ្ឋមន្ត្រីកម្ពុជាសព្វថ្ងៃ កំពុង​«ភ័យ​ខ្លាច» ក្នុង​ការ​ចាញ់​ឆ្នោត នាពេលខាងមុខ។

លោក ហ៊ុន សែន បានបន្តទៀតថា៖ «ខ្លួនឯងកំពុងឃុំខ្លួនឯង សោះណ្នឹងណា (...) បើលោកមិនទៅរកគុក ក៏​គុក​មករកលោកឯងដែរ អាណ្នឹងខ្ញុំប្រាប់ឲ្យហើយទៅ។ (...) កំុព្រហើន សុទ្ធតែសម្ភាសជាមួយ រ៉យទើរ។ យប់​ម៉ិញ​ខ្ញុំ​ថា ចុយ អាម្សៀរនេះកំពុងតែភ័យ មិនទាំងហ៊ានចេញចុះមកក្រោមផង ខ្លាចតែគេទៅចាប់ទៀត ហើយ​មក​ថា​លោក ហ៊ុន សែន ភ័យ។»

» វីដេអូពីការថ្លែងរបស់លោក ហ៊ុន សែន ទាំងស្រុង៖