ប្ដី​​កំណាច​វាយ​ប្រពន្ធ​រហូត​ដល់​ស្លាប់​ ​ ព្រោះ​តែ​សុំ​លុយ​២០០០​រៀល​ទិញ​ស្រា​ផឹក​មិន​បាន

ប្ដី​​កំណាច​វាយ​ប្រពន្ធ​រហូត​ដល់​ស្លាប់​ ​ ព្រោះ​តែ​សុំ​លុយ​២០០០​រៀល​ទិញ​ស្រា​ផឹក​មិន​បាន



តាកែវ​ ៖​ ជនសង្ស័យ ​ជា​ប្តី​ស្រវឹង​ស្រា​ជោកជាំ​ម្នាក់ ​បាន​វាយ​ប្រពន្ធ​ខ្លួនឯង​រហូតដល់​ស្លាប់​បាត់​បង់ជីវិត​ភ្លាមៗ​នៅ​នឹង​ផ្ទះ​របស់ខ្លួន ព្រោះតែ​ខឹង​សុំ​លុយ​ទិញ​ស្រា​ផឹក​បន្ថែម​មិនបាន។

អំពើ​ហិង្សា​​​ក្នុង​គ្រួសារ​បង្កឡើង​ដោយ​ប្តី​ប្រមឹក​ចិត្ត​តិរិច្ឆាន​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែលជា​២២​យប់ ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​នឹង​ផ្ទះ​របស់ខ្លួន​ភូមិ​ព្រែក​តា​ម៉ៅ ឃុំ​គី​រី​ចុង​កោះ ស្រុក​គីរីវង់ ខេត្តតាកែវ។

បើតាម​សម្តី​លោក​​អធិការ​នគរបាល​ស្រុក​គីរីវង់​បាន​​​បញ្ជាក់​ប្រាប់​ថា ជនសង្ស័យ​ក្នុង​ករណី​ហិង្សា​រហូតដល់​ស្លាប់​បាត់បង់​ជីវិត​ប្រពន្ធ​នេះ​ មានឈ្មោះ វេត សាក់ ​​​​​​អាយុ​៣៦​ឆ្នាំ បាន​វាយ​ប្រពន្ធ​ខ្លួនឯង​ឈ្មោះ ប៉ុល ស្តើង អាយុ​៣៤​ឆ្នាំ រហូតដល់​ស្លាប់ ក្រោយពេល​ផឹក​ស្រា​ស​ស្រវឹង​ជោកជាំ​និយាយ​គ្នា​លែង​ស្តាប់​បាន ហើយ​ដោយ​ចង់​ផឹក​ស្រា​បន្តទៀត គេ​ក៏បាន​សុំ​លុយ​ប្រពន្ធ​ខ្លួន​ទិញ​ថែម តែ​ប្រពន្ធ​មិន​ឲ្យ​កកើត​ទៅជា​អំពើ​ហិង្សា​វាយដំ​តែ​ម្តង​ទៅ។ ក្រោយ​ពេល​កើត​ហេតុ​​ ​កម្លាំង​នគរបាល​រដ្ឋបាល​ឃុំ​គី​រី​ចុង​កោះ ​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ និង​បាន​ឃាត់ខ្លួន​បុរស​ជា​ប្តី​ស្ត្រី​រងគ្រោះ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់​ចាត់ការ​បន្ត​តាម​នីតិ​វិធី។

ករណី​ប្តី​វាយ​សម្លាប់​ប្រពន្ធ​ខាង​លើ​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ៗ​នោះ​មាន​សេចក្តី​សោកសង្រេង​ជា​ពន់ពេក ព្រោះតែ​កូន​បួន​នាក់​ត្រូវ​កំព្រា​គ្មាន​ទីពឹង ណា​ម្តាយ​ត្រូវស្លាប់ ឪពុក​ត្រូវ​ជាប់គុក តើ​អនាគត​ឲ្យ​គ្នា​ទៅ​ទីពឹង​អ្នកណា​? រឿងនេះ​គួរ​បន្ទោស​ខាង​ណា បើ​ឥទ្ធិពល​ស្រា ថ្នាំ​ញៀន​វា​ខ្លាំងក្លា​ដល់​ថ្នាក់​មើល​អ្វី​លែង​យល់​ទៅ​ហើយ​នោះ៕
​​