ស្រវឹង​យក​ខ្សែ​ចង​ចង្កេះ​ងូតទឹក ​ចង​ឈើ​ក្នុង​ទន្លេ​លង់​ស្លាប់​

ស្រវឹង​យក​ខ្សែ​ចង​ចង្កេះ​ងូតទឹក ​ចង​ឈើ​ក្នុង​ទន្លេ​លង់​ស្លាប់​



ស្ទឹងត្រែង​ ៖ ​បុរស​ម្នាក់​ បាន​​​យក​ខ្សែ​ចង​ចង្កេះ ​ងូត​ទឹក​ ទៅ​ចង​ឈើ​ក្នុង​ទន្លេ​ ​ហើយ​ខ្សែ​រុំ​ងើប​មិន​រួច​ក៏បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ហើយ​ត្រូវ​បាន​គេ​ប្រទះឃើញ​អណ្ដែត​ទឹក​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​មិថុនា ​ឆ្នាំ​២០១៦​នៅ​ចំណុច​អូ​ខាន់​ឌឿ ក្នុង​ភូមិ​សាស្ត្រ​ឡា​កាយ ឃុំ​ថ្មកែវ​ ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង។

លោក ​វ៉ា សុផាន់​ អធិការ​នគរបាល​ស្រុក​សៀម​ប៉ាង​ បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ ដែល​បាន​លង់​ទឹក​ស្លាប់​មាន​ឈ្មោះ ​ធី រដ្ឋា (​ហៅ​ប៉ិត​)​ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​សៀម​ប៉ាង ឃុំ​សេកុង ស្រុក​សៀម​ប៉ាង​ ខេត្តស្ទឹងត្រែង​។

លោក​អធិការ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​​នៅ​ថ្ងៃ​កើតហេតុ​ ជនរងគ្រោះ​បាន​ផឹក​ស្រា​ស្រវឹង ហើយ​បាន​យក​ខ្សែ​នីឡុង​ចង​រុំ​ជាប់​ចង្កេះ ងូត​ទឹក​ ទៅ​ចង​ឈើ​នៅ​ក្នុង​ទឹកទន្លេ ដោយ​ស្រវឹង ​និង​ខ្សែ​រុំ​ចង​នឹង​ចង្កេះ​ខ្លី ទើប​ងើប​មិន​រួច ​បណ្តាល​ឲ្យ​ឈ្លក់​ទឹក​ស្លាប់​តែ​ម្តង។

លោក​បន្ត​ថា ក្រោយ​បាន​ទទួល​ដំណឹង​ថា ​មាន​អ្នក​លង់​ទឹក​ស្លាប់​កម្លាំង​របស់​លោក​ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ថ្មកែវ ជាមួយ​ក្រុម​គ្រួសារ​រង​គ្រោះ ដើរ​រក​មើល​ ក៏​បាន​ប្រទះឃើញ​សាកសព​កំពុង​អណ្ដែត​ទឹក​នៅ​ចំណុច​ខាងលើ ដោយ​ឃើញ​មាន​ខ្សែ​នីឡុង​ពណ៌ខៀវ​ មាន​ប្រវែង​១០​ម៉ែត្រ​ពាក់​ឆៀង​ជាប់នឹង​សព និង​ឈើ​ប្រភេទ​ធ្នង់​មួយ​ដុំ មុខកាត់​២​តឹក​កន្លះ​បួន​ជ្រុង​ប្រវែង​២​ម៉ែត្រ ចង​ជាប់​ជាមួយ​ខ្សែ​ងើប​មិន​រួច​ ទើប​ឈ្លោះ​ទឹក​ស្លាប់​តែម្តង​ទៅ។

ក្រោយ​កម្លាំង​ជំនាញ​ពិនិត្យមើល​បញ្ជាក់​ថា​ ជន​រងគ្រោះ​ពិតជា​លង់​ទឹក​ស្លាប់​ពិតប្រាកដ​មែន ​មិន​​​ពាក់ព័ន្ធ​​ករណី​ឃាតកម្ម​នោះ​ទេ​។ សព​​​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​​​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕
ស្រវឹង​យក​ខ្សែ​ចង​ចង្កេះ​ងូតទឹក ​ចង​ឈើ​ក្នុង​ទន្លេ​លង់​ស្លាប់​

​​