គ្រួសារ​ក្មេង​ស្រី​៤​នាក់​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​កំពង់ឆ្នាំង​ចាត់​ការ​បណ្ដឹង​ប្រឆាំង​គ្រូ​បង្រៀន​ម្នាក់

ឪពុក​ម្ដាយ និង​អាណាព្យាបាល​របស់​សិស្ស​ស្រី ៤​នាក់ ស្នើ​ឲ្យ​ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ពន្លឿន​នីតិវិធី​បណ្ដឹង​ប្រឆាំង​នឹង​គ្រូបង្រៀន​ម្នាក់​ដែល​បៀតបៀន​កេរ្តិ៍​ខ្មាស​សិស្ស កាល​ពី​ឆ្នាំ​២០១៣។ មន្ត្រី​សិទ្ធិ​មនុស្ស និង​គ្រួសារ​ក្មេង​ស្រី ទន្ទឹង​រង់ចាំ​មើល​ចំណាត់​ការ​របស់​ចៅក្រម ខណៈ​ក្មេង​ស្រី ៣​នាក់​ក្នុង​ចំណោម ៤​នាក់​បាន​បោះបង់​ការ​សិក្សា​ដោយ​ខ្មាស​គេ។

ឪពុក​ម្ដាយ និង​ពូ​របស់​ក្មេង​ស្រី បាន​នាំ​គ្នា​ឡើង​មក​ជួប​ចៅក្រម​កាន់​សំណុំ​រឿង និង​មន្ត្រី​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ដើម្បី​ជួប​អ្នក​ច្បាប់​រក​យុត្តិធម៌​ជូន​កូន ឬ​ក្មួយ។

ឪពុកមា​របស់​ក្មេង​ស្រី​ម្នាក់​ក្នុង​ចំណោម​បួន​នាក់ គឺ​លោក ខៀវ ឃុយ ថ្លែង​ទាំង​អស់​សង្ឃឹម​ថា កាល​ពី​ឆ្នាំ​២០១៣ សំណុំ​រឿង​នេះ​ធ្លាប់​តំណាង​អយ្យការ​តម្កល់​ទុក​ឥត​ចាត់​ការ​ម្ដង​ហើយ ប៉ុន្តែ​លោក និង​ឪពុក​ម្ដាយ​ក្មេង​ស្រី បាន​ធ្វើ​ពាក្យ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​ក្រសួង​យុត្តិធម៌ ទើប​សំណុំ​រឿង​នេះ​ត្រូវ​គេ​បង្វិល​មក​ឲ្យ​ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ចាត់​ការ​វិញ។

លោក​បន្ថែម​ថា នៅ​ពេល​លោក និង​ឪពុក​ម្ដាយ​ក្មេង​ស្រី​ទៅ​សួរ​ក្រឡាបញ្ជី និង​ចៅក្រម គឺ​លោក សុង ប៊ុណ្ណារិទ្ធិ ប្រាប់​លោក​ថា សំណុំ​រឿង​មិន​អាច​ដំណើរ​ការ​បាន ដោយ​រង់ចាំ​លិខិត​ឆ្លើយ​តប​ពី​ក្រសួង​អប់រំ ដែល​ជា​ក្រសួង​សាមី​របស់​ជន​សង្ស័យ​សិន។ ការ​ទៅ​សួរ​នាំ​ជា​ថ្មី​ទៀត​នេះ គឺ​បន្ទាប់​ពី​លោក​បាន​ធ្វើ​លិខិត​សុំ​ពន្លឿន​នីតិវិធី​រឿង​ក្ដី​មួយ​ច្បាប់ ជូន​ចៅក្រម​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៦៖ «តុលាការ​ត្រូវ​ចាត់​ចែង​ការងារ ព្រោះ​ហៅ​ជន​រងគ្រោះ​ខាង​ខ្ញុំ​សាកសួរ​អស់​ហើយ ជន​ល្មើស​នៅ​តែ​ដដែល។ អ៊ីចឹង​ធ្វើ​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​មិន​សុខ​ចិត្ត ព្រោះ​ថា​អយុត្តិធម៌​ចំពោះ​ក្មេង ហើយ​ចង់​សំណូមពរ​ឲ្យ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ពន្លឿន​ដើម្បី​ជម្រះ ព្រោះ​ឥឡូវ​ក្មេង​បី​នាក់​បាន​ឈប់​រៀន​អស់​ហើយ​នៅ​សល់​តែ​ម្នាក់​ទេ»

ក្មេង​ស្រី​បួន​នាក់​រស់នៅ​ភូមិ​ថ្មកែវ នៃ​ឃុំ​ស្វាយជ្រុំ ដែល​បច្ចុប្បន្ន​មាន​វ័យ​ចន្លោះ​ពី ១៥​ឆ្នាំ​ទៅ ១៩​ឆ្នាំ បាន​ចោទ​គ្រូ​ទទួល​បន្ទុក​ថ្នាក់​ទី​៦-ក នៃ​សាលា​បឋម​សិក្សា​ថ្មកែវ ឋិត​នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ឈ្មោះ កែម ចាន់ឆេន បាន​បៀតបៀន​កេរ្តិ៍​ខ្មាស និង​អង្អែល​ខ្នង​ពួក​គេ​នៅ​ក្នុង​ថ្នាក់​រៀន និង​ពេល​រៀន​គួរ​នៅ​ផ្ទះ​គ្រូ​រូប​នោះ។ កាល​ពី​ឆ្នាំ​២០១៣ ក្មេង​ស្រី​បញ្ជាក់​ថា គ្រូ​គេ​បាន​គំរាម​មិន​ឲ្យ​ឡើង​ថ្នាក់ បើ​រឿងរ៉ាវ​ប្រទូស​កេរ្តិ៍​ខ្មាស​នេះ​បែក​ធ្លាយ​ទៅ​ដល់​ឪពុក​ម្ដាយ។ ប៉ុន្តែ​ក្រោយ​មក ក្មេងៗ​ទាំង​នោះ​ទ្រាំ​នឹង​ទង្វើ​របស់​គ្រូ​ខ្លួន​លែង​បាន ក៏​ប្រាប់​ឪពុក​ម្ដាយ ហើយ​អាណាព្យាបាល​ក៏​ប្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន និង​តុលាការ។

នាយក​ក្រឡាបញ្ជី​ចៅក្រម និង​ជា​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ឈួន ស៊ីវិន បញ្ជាក់​ថា ចៅក្រម​កំពុង​បន្ត​នីតិវិធី​ក្នុង​សំណុំ​រឿង​នេះ ដោយ​មិន​ចាំ​ការ​ឆ្លើយ​តប​ពី​ក្រសួង​អប់រំ នោះ​ទេ។ លោក​ថា ចៅក្រម​បាន​ផ្ញើ​សេចក្ដី​ជូន​ដំណឹង​ពី​បទ​ចោទ​លើ​ជន​សង្ស័យ​ឈ្មោះ កែម ចាន់ឆេន ទៅ​ក្រសួង​អប់រំ តាម​រយៈ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ហើយ​លិខិត​នោះ​បាន​បញ្ជូន​ដល់​ក្រសួង​សាមី​ជន​សង្ស័យ​ហើយ ដោយ​សៀវភៅ​បញ្ជូន​លិខិត​នៅ​ប្រៃសណីយ៍​មាន​គេ​ស៊ីញេ​ទទួល៖ «និយាយ​រួម នីតិវិធី​មិន​មែន​រង់ចាំ​សាមី​ថា​មិន​ឲ្យ​ចោទ​ប្រកាន់ ឬ​មិន​នាំ​ខ្លួន​អី អត់​ទេ! បាទ! អា​នេះ​គ្រាន់​តែ​ជូន​ដំណឹង ព្រោះ​គាត់​ជា​មន្ត្រី​រាជការ។ ឥឡូវ​ហ្នឹង​គាត់ (ចៅក្រម) កំពុង​បន្ត​នីតិវិធី​ទៅ​មុខ​ទៀត​ហើយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​លោកគ្រូ កែម ចាន់ឆេន ដែល​ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​នេះ ដើម្បី​បកស្រាយ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា។ ប៉ុន្តែ​នៅ​ក្នុង​ដីកា​តម្កល់​រឿង​ទុក​ឥត​ចាត់​កម្រាស់ ៥​ទំព័រ ចុះ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៣ ដោយ​អតីត​ព្រះរាជអាជ្ញា​ខេត្ត​កំពង់ឆ្នាំង លោក ពេញ វិបុល ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន បាន​ស្រង់​ចម្លើយ​របស់​ជន​សង្ស័យ​ឈ្មោះ កែម ចាន់ឆេន បដិសេធ​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ និង​យោង​លើ​លិខិត​ពីរ​ផ្សេង​ទៀត​ដែល​បញ្ជាក់​ថា ជន​សង្ស័យ​មាន​ភាព​ស្អាតស្អំ គឺ​លិខិត​ពី​នាយក​សាលា និង​លិខិត​គាំទ្រ​របស់​ក្រុម​គ្រូ​បង្រៀន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។