PNN​ បើក​​​ប្រដាល់​ដណ្ដើម​ខ្សែ​ក្រវាត់​ថ្មី​​រំលេច​​រូបមន្ត​ប្រកួត​ពិសេស​មួយ​

សង្វៀន​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ«សមរភូមិ​​អ្នក​ប្រយុទ្ធ»​របស់​ទូរទស្សន៍​ PNN​ បាន​វិល​ត្រឡប់​មក​បម្រើ​​ដល់​អ្នក​ស្នេហា​កីឡា​​ប្រដាល់​​វិញ​ហើយ​ដែល​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ឧបត្ថម្ភ​ដោយ​ភេសជ្ជៈ​គោ​ជល់​នេះ​មាន​រូប​មន្ត​ប្រកួត​ដ៏​ពិសេស​មិន​ធ្លាប់​មាន​កន្លង​មក។​

 

PNN​ បើក​​​ប្រដាល់​ដណ្ដើម​ខ្សែ​ក្រវាត់​ថ្មី​​រំលេច​​រូបមន្ត​ប្រកួត​ពិសេស​មួយ​

លោក សំណព្វ (ឆ្វេង) ឯកឧត្តម តែម ម៉ឺន (កណ្តាល) និង លោក ទិត្យ ភារម្យ (ស្តាំ)​តំណាងគោជល់

 

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​សណ្ឋាគារ​ភ្នំពេញ​កាល​ពី​ព្រឹក​​ថ្ងៃ​ពុធ​ ទី​​២៩​ ​មិថុនា​នេះ​​ លោក​ សំណព្វ​ ប្រធាន​ផ្នែក​កីឡា​នៅ​ PNN បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​លើក​​ទី​៣​​ក្នុង​ប្រភេទ​ទម្ងន់​​៦៩​គីឡូក្រាម​នេះ​មាន​កីឡាករ​​កម្ពុជា​៤​រូប​ និង​កីឡាករ​ថៃ​៤​ ដូច​មុន​ៗ​ដែល​មាន​កីឡាករ​បរទេស​ដែរ។

 

សំណព្វ​​លើក​ឡើង​​ថា​ អ្វី​ដែល​ពិសេស​សម្រាប់​ការ​ប្រកួត​លើក​នេះ​​គឺ​ថា​ ចាប់​ផ្តើម​ការ​​​ប្រកួត​ពី​​ថ្ងៃ​ដំបូង​​រហូត​ដល់​ថ្ងៃ​​ផ្តាច់​ព្រ័ត្រ កីឡាករ​កម្ពុជា​មិន​ជួប​កីឡាករ​កម្ពុជា​​ឡើយ​​ ហើយ​កីឡាករ​ថៃ​ក៏​មិន​ជួប​កីឡាករ​ថៃ​ដែរ។ នៅ​ពូល​ A មាន​កីឡាករ​កម្ពុជា​៤​រូប​គឺ​ ពេជ្រ សីហា ឡុង សុវណ្ណឌឿន ឡេះ តើក និង សរ​ រាជសី ខណៈ​ពូល​ B មាន​កីឡាករ​ថៃ​៤​រូប​​គឺ​ Chokdee Sor Thanapetch, Sumaee Sor Weerawan, Thilek Eminen Air, និង​ Inseedang Bangfarm Gym។

 

PNN​ បើក​​​ប្រដាល់​ដណ្ដើម​ខ្សែ​ក្រវាត់​ថ្មី​​រំលេច​​រូបមន្ត​ប្រកួត​ពិសេស​មួយ​

 កីឡាករ​​ថត​រូប​ជា​មួយ​គណៈ​អធិបតី

 

លោក​​ពន្យល់​ថា ​​ការ​ប្រកួត​សន្សំ​ពិន្ទុ​ កីឡាករ​ខ្មែរ​ម្នាក់​ត្រូវ​ជួប​កីឡាករ​ថៃ​ទាំង​៤​នាក់​ ហើយ​កីឡាករ​ថៃ​ម្នាក់​ក៏​ត្រូវ​ជួប​កីឡាករ​ខ្មែរ​ទាំង​៤​នាក់​ដែរ។ លុះ​​ដល់​ការ​ប្រកួត​ប៉ះ​គ្នា​អស់​ហើយ​ កីឡាករ​កម្ពុជា​ណា​មាន​ពិន្ទុ​ច្រើន​ជាង​គេ​នៅ​ពូល​ A ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ហើយ​កីឡាករ​ថៃ​ណា​មាន​ពិន្ទុ​ច្រើន​ជាង​គេ​នៅ​ក្នុង​ពូល​ B ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ ដូច្នេះ​លេខ​១​ពូល​ A ប៉ះ​លេខ​១​ពូល​ B ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ដើម្បី​ដណ្តើម​យក​ខ្សែ​ក្រវាត់​តែ​ម្តង​ ដោយ​គ្មាន​វគ្គ​ពាក់​កណ្ដាល​ផ្តាច់​ព្រ័ត្រ​ ឬ​​ប្រកួត​​ចំណាត់​ថ្នាក់​លេខ​៣​ឡើយ។

 

វត្តមាន​ ឯកឧត្តម តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ក្នុង​សន្និសីទ​​​ព្រឹក​មិញ​ក៏​បាន​លើក​ឡើង​ថា​ សហព័ន្ធ​រីក​រាយ​ដែល​បាន​សហការ​ជា​មួយ​ PNN បង្កើត​កម្មវិធី​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ និង​សូម​អរគុណ​ដល់​ភេសជ្ជៈ​គោ​ជល់​ដែល​បាន​ឧបត្ថម្ភ។ ជា​ពិសេស​ PNN ជា​សង្វៀន​ប្រដាល់​ឈាន​មុខ​មួយ​ដែល​បាន​ផ្តល់​តម្លៃ​ខ្លួន​ដល់​កីឡាករ​ច្រើន​ជាង​គេ។

 

PNN​ បើក​​​ប្រដាល់​ដណ្ដើម​ខ្សែ​ក្រវាត់​ថ្មី​​រំលេច​​រូបមន្ត​ប្រកួត​ពិសេស​មួយ​

លោក រិទ្ធី ពិធីករ

 

សម្រាប់​ប្រាក់​រង្វាន់​វិញ ម្ចាស់​ជើង​ឯក​នឹង​ទទួល​បាន​ពាន​១​ ខ្សែ​ក្រវាត់​១​ និង​ប្រាក់​រង្វាន់​២០​លាន​រៀល​ ខណៈ​លេខ​២​ទទួល​បាន​ពាន​១​ និង​ប្រាក់​រង្វាន់​១០​លាន​រៀល។ ការ​ប្រកួត​ធ្វើ​ឡើង​​​​​រាល់​ថ្ងៃ​អាទិត្យ ​ចាប់​ពី​ម៉ោង​៤​ដល់​៦​ល្ងាច​​ដែល​ចាប់​ដំណើរ​ការ​ពី​ថ្ងៃ​ទី​៣​ ខែ​កក្កដា ឆ្នាំ​២០១៦​។

 

នេះ​​ជា​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​លើក​ទី​៣​ហើយ​របស់​សង្វៀន​ PNN បន្ទាប់​ពី​លើក​ទី​១​មាន​៣​ប្រភេទ​ទម្ងន់​​ក្នុង​ពេល​តែ​មួយ​គឺកីឡាករ​ ​សៀវ​ ង៉ុយ,​ សែន រ៉ាឌី និង​កីឡាករ​ថៃ​ម្នាក់​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​ ហើយ​លើក​ទី​២​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ដែល​ខ្សែ​ក្រវាត់​បាន​ទៅកីឡាករ​កម្ពុជា​ ឡៅ ចន្ទ្រា៕

 

PNN​ បើក​​​ប្រដាល់​ដណ្ដើម​ខ្សែ​ក្រវាត់​ថ្មី​​រំលេច​​រូបមន្ត​ប្រកួត​ពិសេស​មួយ​

បេក្ខភាព​ទាំង​៤​នាក់ (ជួរ​មុខ)

 

PNN​ បើក​​​ប្រដាល់​ដណ្ដើម​ខ្សែ​ក្រវាត់​ថ្មី​​រំលេច​​រូបមន្ត​ប្រកួត​ពិសេស​មួយ​

លោក អេ ភូថង និង ភរិយា 

 

អត្ថបទ៖ ជាន ចាន់រ៉ា​