អាល័យ​ក្លិន​អតីត​សង្សារ​ ចាប់​នាង​បង្ខាំង​ក្នុង​បន្ទប់

អាល័យ​ក្លិន​អតីត​សង្សារ​ ចាប់​នាង​បង្ខាំង​ក្នុង​បន្ទប់



ខេត្តបាត់ដំបង ៖ កម្មករ​សិប្បកម្ម​ផលិត​ទឹកកក​ម្នាក់ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ខណៈ​បុរស​រូប​នេះ ចាប់​អតីត​សង្សារ​ដែល​បែក​គ្នា​យូរ​មក​ហើយ បង្ខាំង​ទុក​នៅ​ក្នុង​បន្ទប់ដេក
របស់​ខ្លួន​ក្នុង​សិប្បកម្ម​ខាងលើ ស្ថិត​ក្នុងភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ដែល​គេ​សង្ស័យ​ថា ក្នុង​ចេតនា​ដើម្បី​ប្រព្រឹត្ត​អំពើអាក្រក់​អ្វីមួយ​ទៅ​លើ​នាង ។

អធិការ​នគរបាល​ក្រុង​បាត់ដំបង លោក ប៉ា​ង ហៀ​ង បាន​ឲ្យ​ដឹង​ថា បុរស​នេះ​ឈ្មោះ សេង សុវណ្ណ អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល មក​ធ្វើ​ជា​កម្មករ​នៅ​សិប្បកម្ម​ផលិត​ទឹកកក​អនាម័យ​«​ពោធិ៍​វាល​» ស្ថិត​នៅ​ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង រីឯ​ស្ត្រី​រង​គ្រោះ​ឈ្មោះ ញ៉ិ លី​ន អាយុ​៣២​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ​។ បុរស​ឈ្មោះ សេង សុវណ្ណ និង​នាង ញ៉ិ លី​ន ធ្លាប់​ជា​អតីត​សង្សារ​នឹង​គ្នា តែ​បាន​បែក​គ្នា​យូរ​ក្រែល​ហើយ នេះ​បើ​តាម​ការ​អះអាង​របស់​ភាគី​ខាង​ស្រី ។

លោក​អធិការ ថ្លែង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ស្ត្រី​រូប​នេះ​បាន​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ដោយសារ​អតីត​សង្សារ​ទូរស័ព្ទ​គំរាម​នាង ព្រោះតែ​នាង​មិន​ព្រម​ជានា​នឹង​គ្នា​វិញ ។ លុះ​នៅ​រសៀល​ថ្ងៃ​ដដែល បុរស​នោះ​បាន​ទៅ​ចាប់​អូស​នាង​ពី​ផ្ទះ​ជួល​យក​ទៅ​ឃុំ​ទុក​ក្នុង​បន្ទប់ដេក​របស់​ខ្លួន​នៅ​ក្នុង​សិប្បកម្ម​ផលិត​ទឹកកក តែ​ត្រូវ​លោកស្នងការ​នគរបាល​ខេត្ត​បញ្ជា​ឲ្យ​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជន​នោះ​ភ្លាម​ៗ​ដែរ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ញ៉ិ លី​ន បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នាង​និង​ឈ្មោះ​សុវណ្ណ នេះ​ពិតជា​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​យ៉ាង​ស៊ីជម្រៅ​ជាមួយ​គ្នា​មែន តែ​បែក​គ្នា​យូរហើយ មិន​ដែល​ទាក់ទង​គ្នា​ទេ ។ នាង​បាន​ចាក​ចេញពី​គូស្នេហ៍​ហេងស៊យ​នេះ ព្រោះតែ​បុរស​នេះ​ស្រវឹង​ខួប ហើយ​តែង​ប្រើ​ហិង្សា និង​ជេរ​ប្រមាថ​នាង​មិន​ឈប់​ឈរ ទើប​ធ្វើ​ឲ្យ​នាង​មិន​អាច​តស៊ូ​បាន ក៏​សម្រេច​ចែកផ្លូវ​គ្នា​តែ​ម្ដង ។

នាង​បញ្ជាក់​ថា ការ​ចែកផ្លូវ​គ្នា​នេះ​ស្ទើរតែ​ភ្លេច​គ្នា​ទៅ​ហើយ ស្រាប់តែ​សុខ​ៗ​កាលពី​ប៉ុន្មាន​ថ្ងៃមុន បុរស​នេះ​ទូរស័ព្ទ​មក​លួងលោម​នាង​ក្នុង​បំណង​ជានា​គ្នា​វិញ តែ​នាង​មិន​ព្រម ទើប​ធ្វើ​ឲ្យ​ជន​នេះ​គំរាម ។ មិនតែប៉ុណ្ណោះ បាន​តាម​ចាប់​នាង​យក​ទៅ​បង្ខាំង​ទុក​ក្នុង​បន្ទប់ដេក​របស់​ខ្លួន​នៅ​ក្នុង​សិប្បកម្ម​ផលិត​ទឹកកក តែ​ត្រូវ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ ព្រោះ​នាង​បាន​ប្ដឹង​សមត្ថកិច្ច​តាំងពី​មុន​ពេល​កើតហេតុ​ម្ល៉េះ​។

បើ​តាម​ការ​ស្រង់​សំដី​ពី​សមត្ថកិច្ច ជន​ឈ្មោះ សេង សុវណ្ណ និយាយ​ថា ខ្លួន​និង​អតីត​សង្សារ​ឈ្មោះ លី​ន ធ្លាប់​ស្រឡាញ់​គ្នា​ច្រើន​ឆ្នាំ​ដែរ​តែ​ក្រោយមក​ក៏​បាន​បែក​គ្នា ។ ខ្លួន​បាន​ទូរស័ព្ទ​សុំ​ស្រឡាញ់​នាង​វិញ តែ​នាង​បដិសេធ​ជា​និច្ច បើ​ទោះជា​ខ្លួន​ទទួលស្គាល់​កំហុស​ក្ដី ទើប​ក្ដៅក្រហាយ​ក៏​សម្រេចចិត្ត​តាម​ស្វែងរក​នាង និង​ចាប់​នាង​ដឹក​យក​មក​បង្ខាំង​ទុក​ក្នុង​បន្ទប់​របស់​ខ្លួន​តែ​ម្ដង​។

ជន​នេះ​បញ្ជាក់​ថា ខ្លួន​មាន​ចេតនា​ចង់​ចងមេត្រី​ភាព​សេ្ន​ហា​ជាមួយ​នាង​វិញ​ទៅ​អនាគត ទើប​ចាប់​នាង​យក​មក​ទុក​ក្នុង​បន្ទប់ តែ​មិន​ទាន់​បាន​និយាយ​គ្នា​ផង​ក៏​ត្រូវ​សមត្ថកិច្ច​មក​ដល់​ល្មម ។

លោក ប៉ា​ង ហៀ​ង អធិការ​នគរបាល​ក្រុង​បាត់ដំបង និយាយ​ថា នារី​រង​គ្រោះ​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​មុន​ពេល​កើត​ហេតុតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ លុះ​នៅ​រសៀល​ថ្ងៃ​ដដែល​ក៏​មានរឿង​នេះ​កើតឡើង ខណៈ​លោកស្នងការ​បាន​បញ្ជា​ឲ្យ​កម្លាំង​របស់​អធិការដ្ឋាន​តាម​ឃ្លាំមើល​សកម្មភាព​ជនសង្ស័យ​ជា​ប្រចាំ ទើប​ឈាន​ដល់​ការ​បង្ក្រាប និង​ឃាត់ខ្លួន​ជន​បង្ក​ភ្លាម​ៗ​តែ​ម្ដង ។ លោក​អធិការ​បញ្ជាក់​ថា បើ​តាម​ការ​អះអាង​របស់​នារី​រង​គ្រោះ គឺ​អតីត​សង្សារ​ចាប់​នាង​យក​ទៅ​បង្ខាំង​នេះ​ក្នុង​បំណង​បង្ខំ​រួម​ភេទ​តែ​ម្ដង ។

លោក ប៉ា​ង ហៀ​ង បាន​បន្ថែម​ថា ជនសង្ស័យ​រូប​នេះ​បាន​ប្រើប្រាស់​កាំបិត​ខ្លី​-​វែង​គំរាម​អាយុជីវិត​នាង ថែម​ទាំង​ចាក់សោ​ទ្វារ​ជាប់​មិន​ឲ្យ​នាង​ចេញ​ក្រៅ​ទៀត​ផង តែ​សំណាងល្អ​ដែល​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ទាន់ បើ​មិន​ដូច្នេះ​ទេ ស្ត្រី​រង​គ្រោះ​អាច​ឈាន​ដល់​គ្រោះថ្នាក់​ផង​ក៏​អាច​ថា​បាន ព្រោះ​ជនសង្ស័យ​ហាក់​មិន​បន្ធូរ​ដៃដល់​នាង​ឡើយ ។ ជនសង្ស័យ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕​