ប្រឆាំង​វីរុស ZIKA រក​ឃើញ​វ៉ាក់សាំង​2​មាន​ប្រសិទ្ធភាព​លើ​កណ្តុរ

ពួក​អ្នក​ស្រាវជ្រាវ​អះអាង​ថា ជា​ព័ត៌មាន​ល្អ​មួយ​ដែល​នាំ​ឱ្យ​មាន​សុទិដ្ឋិនិយម​សម្រាប់​ការ​ប្រឆាំង​នឹង​វីរុស ZIKA ដោយ​វ៉ាក់សាំង​២​អាច​ការពារ​បាន​ទាំងស្រុង​ពួក​សត្វ​កណ្តុរ​មិន​ឱ្យ​ឆ្លង​វីរុស​នេះ ។

សាស្ត្រាចារ្យ HARVARD DAN BAROUCH ជនជាតិ​អា​មេ​រិ​ក​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​សិក្សា​នេះ ដែល​បង្ហាញ​ពី​ប្រសិទ្ធភាព​ការពារ​ជាមួយ​ការ​ចាក់​តែ​ម្តង​គត់​នូវ​វ៉ាក់សាំង​សាកល្បង​ទាំង​២​ថ្លែង​ថា នេះ​ជា​ដំណាក់កាល​មួយ​ឈាន​ទៅ​ផលិត​វ៉ាក់សាំង​មួយ​ប្រឆាំង​វីរុស ZIKA ។ ជា​លើក​ដំបូង​បង្ហាញ​ឱ្យ​ឃើញ​លទ្ធភាព​ការពារ​ប្រឆាំង​វីរុស ZIKA ជាមួយ​ការ​ចាក់​វ៉ាក់សាំង​សាក​លើ​សត្វ ។

ទោះបី​យ៉ាងណា អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​រូប​ព្រមាន​ថា គេ​ប្រហែលជា​ត្រូវ​ចំណាយពេល​ច្រើន​ឆ្នាំ​ទៀត មុន​ពេល​វ៉ាក់សាំង​មួយ​អាច​ដាក់​ឱ្យធ្វើ​ពាណិជ្ជកម្ម ។

យោង​តាម​ការ​សិក្សា​នេះ​ចេញផ្សាយ​តាម​ទស្សនាវដ្តី​វិទ្យាសាស្ត្រ NATURE ថា ពួក​អ្នក​ស្រាវជ្រាវ​បញ្ចូល​វីរុស ZIKA ទៅ​ក្នុង​ខ្លួន​ពួក​សត្វ​កណ្តុរ​ដែល​ទទួល​ការ​ចាក់​វ៉ាក់សាំង​រួច បន្ទាប់​មក​កត់សម្គាល់​ឃើញ​ថា ពួក​សត្វ​កណ្តុរ​ទាំងនេះ​អាច​ត្រូវ​ការពារ​ដោយ​ប្រសិទ្ធភាព ។

បច្ចុប្បន្ន​ពុំ​ទាន់​មាន​វ៉ាក់សាំង​ណាមួយ ឬ​ថ្នាំ​ណាមួយ​ដើម្បី​អាច​ការពារ និង​ព្យាបាល​ដល់​ការ​ឆ្លង​វីរុស ZIKA ពី​ពពួកសត្វ​មូស​នៅឡើយ ៕