មួយ​ឆ្នាំ​នៃ​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​នៅ​តួ​ក​គី

ប្រទេស​តួ​ក​គី​នា​យប់​ថ្ងៃ​ទី​២៨ មិថុនា ជា​ថ្មី​ម្តងទៀត ជា​គោលដៅ​វាយប្រហារ​ភេរវកម្ម​មួយ ។ យោង​តាម​តុល្យការ​បណ្តោះអាសន្ន មនុស្ស​៣៦​នាក់​ស្លាប់ និង​១៤៧​នាក់​រង​របួស ក្នុង​ការ​ផ្ទុះ និង​ការ​បាញ់ប្រហារ​នៅ​ផ្នែក​អន្តរជាតិ​នៃ​ព្រ​លាន​យន្តហោះ​អន្តរជាតិ ATATURK ក្រុង​អីុស្តង់​ប៊ុល ។

ចាប់តាំងពី​ជិត​១​ឆ្នាំ​មកនេះ តួ​ក​គី​ធ្លាក់​ក្នុង​បរិយាកាស​នៃ​អំពើ​ហិង្សា ។ ការ​វាយប្រហារ​ភេរវកម្ម​មានការ​កើនឡើង​ចាប់តាំងពី​ខែមិថុនា ឆ្នាំ​២០១៥ មក ជា​ទូទៅ​ក្នុង​ទីក្រុង​ធំ​បំផុត​២​របស់​ប្រទេស គឺ​ក្រុង​អីុ​ស្តង់​ប៊ុល និង​រដ្ឋធានី​អង់កា​រ៉ា ។ ការ​វាយប្រហារ​ទាំងនេះ​ជួនកាល​ជា​ស្នាដៃ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ខណៈ​តួ​ក​គី​ចូលរួម​ជាមួយ​ក្រុមចម្រុះ​ប្រឆាំង​ពួក​ជី​ហា​ដ​នៅ​អីុរ៉ា​ក់ និង​នៅ​ស៊ី​រី ជិតខាង ជួនកាល​ជា​ស្នាដៃ​បណ្តា​ក្រុម​រ៉ា​ឌី​កាល់​ឃើ​ត ខណៈ​ដែល​របប​លោក​រី​សេ​ប​តៃ​យី​ប អ័​រ​ដូ​ហ្គា​ន ធ្វើការ​ប្រទូស្ត​រ៉ា​យ​ជា​ថ្មី​ប្រឆាំង​ពួក​ឃើ​ត ដោយ​ទម្លាក់​គ្រាប់បែក និង​បាញ់​ផ្លោង ជា​ពិសេស​លើ​បណ្តា​ទីតាំង​ពួក​ឃើ​ត​នៅ​ស៊ី​រី និង​នៅ​ភាគ​ខាងជើង​អីុ​រ៉ា​ក់ ។

ខាងក្រោម​នេះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​បង្ហូរឈាម​នានា​នៅ​តួ​ក​គី​ចាប់តាំងពី​មួយ​ឆ្នាំ​មក​ហើយ ។

-​ថ្ងៃ​ទី​៧ មិថុនា ការ​បំផ្ទុះ​រថយន្ត​មួយ​នៅ​កណ្តាល​ក្រុង​អីុ​ស្តង់​ប៊ុល​ត្រូវ​ចំ​រថយន្ត​បឺស​មួយ​ដឹក​ប៉ូលិស​ស្លាប់​មនុស្ស​១១​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​៧​នាក់ ហើយ​មនុស្ស​៣៦​នាក់​ទៀត​រង​របួស ។

-​ថ្ងៃ​ទី​១៩ មិថុនា ឆ្នាំ​២០១៦ ការ​វាយប្រហារ​អត្តឃាត​មួយ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤​នាក់​នៅ​តាម​វិ​ថី ISTIKLAL ជា​មហាវិថី​ពាណិជ្ជកម្ម ស្ថិត​នៅ​ផ្នែក​អឺរ៉ុប​នៃ​ក្រុង​អីុ​ស្តង់​ប៊ុល។ ជនជាតិ​អីុស្រា​អែ​ល​៣​នាក់ និង​អីុរ៉​ង់​ម្នាក់​ស្លាប់ ក្នុង​ការ​វាយប្រហារ​នេះ ហើយ​មនុស្ស​៣៦​នាក់​ទៀត​រង​របួស ។

-​ថ្ងៃ​ទី​១៣ មីនា ឆ្នាំ​២០១៦ មនុស្ស​៣៥​នាក់​ស្លាប់ និង​១២០​នាក់​រង​របួស ក្នុង​ការ​វាយប្រហារ​បំផ្ទុះ​រថយន្ត​នៅ​ភាគ​កណ្តាល​ក្រុង​អង់កា​រ៉ា​។ ក្រុម​រ៉ា​ឌី​កាល់​ឃើ​ត​មួយ​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​នេះ​ថា ជា​ការ​សងសឹក​ចំពោះ​ប្រតិបត្តិការ​របស់​កងកម្លាំង​សន្តិសុខ​តួ​ក​គី​ប្រឆាំង​ពួក​ឧទ្ទាម​នៅ​តាម​តំបន់​ឃើ​ត បណ្តាល​ឱ្យ​ជន​ស៊ី​វិល​ស្លាប់​ច្រើន​សិប​នាក់ ។

-​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០១៦ ការ​បំផ្ទុះ​រថយន្ត​មួយ ដោយ​ជន​អត្តឃាត​ម្នាក់​នៅ​កណ្តាល​ក្រុង​អង់កា​រ៉ា ស្លាប់​មនុស្ស​២៩​នាក់ ហើយ​មនុស្ស​ប្រមាណ​ជា​៨០​នាក់​រង​របួស ។ ការ​វាយប្រហារ​នេះ​សំដៅលើ​ក្បួន​រថយន្ត​យោធា​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រ៉ា​ឌី​កាល់​ឃើ​ត​មួយ ។

-​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០១៦ ប៉ូលិស​ម្នាក់ និង​ជន​ស៊ី​វិល​៥​នាក់​ស្លាប់​រួច​មនុស្ស​៣៩​នាក់​រង​របួស​ក្នុង​ការ​បំផ្ទុះ​រថយន្ត​មួយ​ប្រឆាំង​ស្នងការដ្ឋាន​ប៉ូលិស​នៅ​ក្រុង CINAR ភាគ​អាគ្នេយ៍​តួ​ក​គី​ដែល​ជា​ស្នាដៃ​របស់​ក្រុម​ឃើ​ត PKK ។

-​ថ្ងៃ​ទី​១២ មក​រា ឆ្នាំ​២០១៦ ការ​វាយប្រហារ​អត្តឃាត​មួយ​នៅ SULTANAHMED ចំ​បេះដូង​ក្រុង​អីុស្តង់​ប៊ុល​ស្លាប់​មនុស្ស​១២​នាក់ ក្នុង​នោះ​មាន​អ្នកទេសចរ​អា​ល្លឺ​ម៉​ង់​១០​នាក់ ។ ការ​វាយប្រហារ​នេះ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

-​ថ្ងៃ​ទី​១០ តុលា ឆ្នាំ​២០១៥ មនុស្ស​១០៣​នាក់​ស្លាប់ និង​ជាង​៥០០​នាក់​របួស​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​អត្តឃាត​២​នៅ​មុខ​ស្ថានីយ​រថភ្លើង​ធំ​នៃ​ក្រុង​អង់កា​រ៉ា ពេល​មាន​បាតុកម្ម​មួយ​គាំទ្រ​ពួក​ឃើ​ត ។ ការ​វាយប្រហារ​នេះ​ជា​ស្នាដៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

-​ថ្ងៃ​ទី​២០ កក្កដា ឆ្នាំ​២០១៥ ការ​វាយប្រហារ​មួយ​នៅ​ទីក្រុង SURUC មាន​ពួក​ឃើ​ត​ភាគច្រើន​នា​ភាគ​អាគ្នេយ៍​ប្រទេស សម្លាប់​មនុស្ស​៣៤​នាក់​ជា​ស្នាដៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

-​ថ្ងៃ​ទី​៥ មិថុនា ឆ្នាំ​២០១៥ ពេល​កំពុង​មាន​យុទ្ធនាការ​ឃោសនាបោះឆ្នោត​សភា​មានការ​ផ្ទុះ​២​កើតឡើង​ស្លាប់​មនុស្ស​៤​នាក់ ពេល​មានការ​ប្រមូលផ្តុំ​គ្នា​របស់​គណបក្ស​ប្រជាធិប​តេយ្យ​ប្រជាជន HDP ស្និទ្ធ​ពួក​ឃើ​ត​នៅ​ក្រុង DIYARBAKIR ។ គ្រាប់បែក​២​គ្រាប់​ផ្ទុះ​បន្តបន្ទាប់​គ្នា មួយ​គ្រាប់​នៅ​ក្បែរ​ទីតាំង​អគ្គិសនី​មួយ ហើយ​មួយ​គ្រាប់​ទៀត​ក្នុង​ធុងសំរាម បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤​នាក់ និង​របួស​ដល់​៤០០​នាក់ ៕