តួវិកលចរិត ដាច់បាយ២ខែ

ភ្នំពេញ៖ ខ្សែភាពយន្តរឿងវិកលចរិត កំពុងតែផលិតយ៉ាងសកម្ម និងដោយយកចិត្តទុកដាក់បំផុត បើតាមការសង្កេតឲ្យឃើញកាលពីកន្លងមកនេះ ព្រោះថារឿងនេះឃើញមានការប្រុងប្រយ័ត្នតាំងពីដើម ទីដំបូង​មកម៉្លេះ ដោយបានដាក់អត្ថបទរឿងអោយអ្នកទស្សនា និងអ្នកជំនាញភាពយន្តជាង៣០នាក់វាយតម្លៃ និងរិះគន់មុនទៅលើសាច់រឿង ដើម្បីបានយោបល់យក មកកែលម្អមុនចេញផលិត ដើម្បីតម្រូវចិត្តដល់ទស្សនិកជន ។

ក្រោយពេលសិក្សាអត្ថបទរឿងអស់រយៈពេល ៦ខែរួចមក ភាពយន្ត បែបភ័យរន្ធត់មួយនេះ បានចាប់យកទីតាំងផ្សារថ្មីដើម្បីធ្វើពិធីក្រុងពាលី សុំជោគសុំជ័យ សិរីសួស្តី ក្នុងការថតខ្សែភាពយន្ត ទៅតាមប្រពៃណីទម្លាប់ដូនតាខ្មែរ ហេតុដែលផលិតករជ្រើសរើសយកទី តាំងផ្សារថ្មីជាទីក្រុងពាលី ព្រោះយល់ថាទីតាំងផ្សារថ្មីជាទីតាំងឈុតឆាកធំក្នុងរឿង និងជាទីតាំង ដូនតាដ៏ល្បីរបស់ប្រទេសកម្ពុជាផងដែរ ។ ថ្ងៃបើកឆាកដំបូងកម្លាំងនៅពេញ អ្នកដឹកនាំរឿងលោក ហ៊ុយ យ៉ាឡេង និងជាតួវិកលចរិតផងនោះ ក៏សម្រេចលើកយកឈុតឆាកធំ ដែលត្រូវថតនៅក្នុង ផ្សារថ្មីតែម្តង ជាអកុសល៣០នាទីក្រោយការថត លោកហ៊ុយ យ៉ាឡេង ត្រូវដួលបែកក្បាល ។ ក្នុងជំហរតួនាទីដ៏ធំ ជាអ្នកដឹកនាំរឿង ជាតួសម្តែង ជាអ្នកគ្រប់គ្រងការផលិត ក្នុងចិត្តពិតជាបារម្មណ៍ខ្លាំងបេះដូងដើរញាប់ ចិត្តភិតភ័យ គិតពីការងារ ជាងក្បាលបែករបស់ខ្លួនទៅទៀត នេះជាសម្តីពិត ដែលលោកអ្នកដឹកនាំវ័យក្មេងរូបនេះ និយាយមួយៗយ៉ាងសុភាព ទឹកមុខប្រកប ដោយភាពម៉ឺងម៉ាត់ ស្តាប់ហើយគួរអោយគោរព និងសូមធ្វើការកោតសរសើរ នៅការតស៊ូ អត់ធ្មត់ ចំពោះការងាររបស់លោកណាស់ ប៉ុន្តែអ្វីដែលកាន់តែស្លុតចិត្តកាន់តែអាណិត ដល់តួវិកលចិរតរូបនេះ បន្ថែមទៀតនោះ គឺក្រោយពីដឹងថាលោកត្រូវអត់បាយអស់រយៈពេលពីខែ ដើម្បីសម្រកគីឡូរបស់ខ្លួន ដែលធាត់ពេក មិនទាន់សាកសមទៅនឹងតួក្នុងសាច់រឿង ដូចនេះលោកត្រូវបង្អត់បាយខ្លួនឯងដោយ គ្រាន់តែបរិភោគផ្លែឈើចេកបន្តិចបន្តួច នៅពេលឃ្លានខ្លាំង តួដ៏វេទនារូបនេះបន្ថែមទៀតថា តាមពិតទៅ គាត់មិនជាធាត់ខ្លាំងប៉ុន្មានទេ តែមិនសូវមានសាច់ដុំមានខ្លាញ់ច្រើន និងមានក្បាលពោះ ចឹងអោយតែឆ្លុះ កញ្ចក់មើលខ្លួនឯង តែងតែទើសហើយចង្អុលមុខខ្លួនឯងថា ឯងមិនទាន់សាកសមនឹងតួវិកលចរិតទេ។

ដោយពេលវេលានៅសល់តែពីរខែត្រូវថត ហាត់ប្រាណមិនព្រមស្រកសោះ ដូចនេះហើយលោកក៏សម្រេច ចិត្តរើសយកវិធីបង្អត់បាយនេះតែម្តង ក្រោយពីធ្វើបែបនេះរួចមក លទ្ធផលសម្រកបានជិត១០គីឡូ ។ និយាយដល់ចំណុចនេះតួវិកលចរិតដ៏តស៊ូមួយនេះ បានញញឹមហើយបន្តទៀតថា គាត់តស៊ូប្រឹងធ្វើបានប៉ុណ្ណឹងឯង គាត់សុំទោសដល់ទស្សនិកជនផង បើសិនជារូបរាងគាត់ នៅមិនទាន់ត្រូវចិត្តបងប្អូន ការពលីប៉ុណ្ណឹងបើធៀបជាមួយតួស្រុកគេ នៅតិចតួចណាស់ តែគាត់នឹងខឹតខំតស៊ូបន្តទៀត បើសិនជា បងប្អូនខ្មែរជួយផ្តល់កម្លាំងចិត្ត និងគាំទ្រដល់ខ្សែរភាពយន្តរឿងវិកលចរិតរបស់គាត់មួយនេះ ដែលគាត់សូមសន្យាថា រឿងក្រោយនឹងពង្រឹងខ្លួនអោយកាន់តែខ្លាំងបន្តទៀត ដើម្បីអភិវឌ្ឍន៍វិស័យភាពយន្តខ្មែរ យើងអោយកាន់តែរីកចម្រើន។ ខ្សែភាពយន្តរឿងវិកលចរិត បើទោះជាមានគ្រោះថ្នាក់ របួស រាល់ថ្ងៃ តែមិនបានប៉ះពាល់និងអាកខានដល់ការផលិតឡើយ ខ្សែភាពយន្តមួយនេះ កំពុងតែតស៊ូផលិតឆ្លងកាត់គ្រោះធម្មជាតិក្នុងអំឡុង ដែលឧតុនិយមបានប្រកាសថា នឹងមានព្យុះភ្លៀងមកពីប្រទេសជិតខាងផងដែរ ហើយរហូតមកដល់ថ្ងៃនេះ ខ្សែភាពយន្តនេះថតបាន៧០ភាគរយហើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload