ជឿថាមាន «ម្រេញគង្វាល និងជំនាងផ្ទះ» ដែរទេ? ជួបជាមួយអ្នកធ្លាប់ មានបទពិសោធន៍ ផ្ទាល់ជាក់ស្តែង

ភ្នំពេញ៖ ទាក់ទងទៅនឹងរឿងអបិយជំនឿ ដែលមានតាំងពីយូរលង់ណាស់មកហើយនោះ រហូតមកទល់ពេលបច្ចុប្បន្ននេះវិញ ប្រជាជនខ្មែរយើងមួយចំនួនហាក់បីជា មិនសូវមានការចាប់អារម្មណ៍ អើពើច្រើនដូចមុនឡើយ នោះក៏ដោយសារតែបច្ចេកវិទ្យាមានភាពជឿនលឿនខ្លាំងគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យទស្សនៈរបស់ប្រជាជនខ្មែរយើងមួយចំនួន មានការប្តូរផ្លាស់យល់ឃើញថា រាល់អបិយជំនឿខ្មែរមួយចំនួន គ្រាន់តែជាការលើកឡើងបោកប្រាស់  ឬកាឡៃតែប៉ុណ្ណោះ រហូតមកទល់ពេលនេះ ប្រពៃណីទំនៀមទំលាប់ ឬអបិយជំនឿខ្មែរយើងមួយចំនួន បានបាត់បង់ ស្ទើរតែបន្តិចម្តងៗផងដែរ។

យ៉ាងណាមិញ ដើម្បីជាការរំលឹកឡើងវិញខ្លះៗ ក្រុមការងារគេហទំព័រ Khmerload បានធ្វើការចុះសាកសួរ ជាមួយប្រជាជនខ្មែរយើង មួយចំនួនដែលធ្លាប់មានបទពិសោធន៍ បានដឹងបានលឺ ឬធ្លាប់ជួបប្រទះ ទាក់ទងទៅនឹងរឿង «ម្រេញគង្វាល និងជំនាងផ្ទះ» ដើម្បីចែកជូនប្រិយមិត្ត មិត្តអ្នកអានបានជ្រាបផងដែរ ថាតើវាពិតជាមានពិតមែន ហើយគួរជឿ ឬមិនគួរជឿ...!

បើតាមការឲ្យដឹងពីព្រះតេជគុណព្រះនាម ឯក សំ គង់នៅវត្ត តាខ្មៅ ក្រុងតាខ្មៅ បច្ចុប្បន្នព្រះតេជគុណក៏ជាសមណនិស្សិតនៅ សាកលវិទ្យាល័យមួយកន្លែង ក្នុងរាជធានីភ្នំពេញ បានផ្តល់កិច្ចសម្ភាសន៍ មកកាន់ក្រុមការងារ Khmerload ថា៖ «...ទាក់ទងទៅនឹងទំនៀមទំលាប់ អបិយជំនឿ ម្រេញគង្វាលនិងជំនាងផ្ទះនេះ បើតាមប្រវត្តិដែលអាត្មាបានយល់ដឹង ហើយបានអានដែលមាន ដូចជានៅក្នុងសៀវភៅ ទំនៀមទំលាប់ខ្មែរកន្លងមក ម្រេញគង្វាលនេះ ពីមុនគឺជាប្រភេទខ្មោចព្រៃមួយប្រភេទ ថែរក្សាហ្វូងសត្វដំរី ហើយក្រោយមកក៏ក្លាយជាអ្នកថែរក្សានៅក្នុងផ្ទះទៅវិញ ឯជំនាងផ្ទះគឺជាសភាវៈទេវតា ដែលជួយតាមថែរក្សា ផ្ទះសំបែង ទ្រព្យធននៅក្នុងផ្ទះរបស់យើង មិនខុសគ្នាពីម្រេញគង្វាលឡើយ។ ហើយបើនៅតាមជនបទវិញ ម្រេញគង្វាល និងជំនាងផ្ទះនេះដែរ ភាគច្រើនគឺគេហៅតែមួយហ្នឹង ព្រោះមានស្រុកខ្លះម្រេញគង្វាលក៏ហៅថា ជំនាងផ្ទះ ឯជំនាងផ្ទះក៏ហៅថាជាម្រេញគង្វាលដែរ»

ព្រះតេជគុណ ឯក សំ មានសង្ឃដីកាបន្តថា «បើនិយាយទាក់ទងជាមួយនឹងប្រវត្តិវិញ ខ្មែរយើងតែងតែមានជំនឿ ឬអបិយជំនឿខុសៗគ្នា ជួនកាលបើនិយាយពីរឿងម្រេញគង្វាល ឬជំនាងផ្ទះចឹង វាអាចមានរឿងដំណាល ២ទៅ៣ ចឹងដែរទៅ ប៉ុន្តែយ៉ាងណានោះ គឺអាស្រ័យទៅលើការគិត ការយល់ឃើញ ជំនឿជឿ ឬមិនជឿ របស់យើងតែប៉ុណ្ណោះ។ ដោយឡែកបើតាមអាត្មាធ្លាប់បានដឹងកន្លងមក កាលណោះ មានពីរនាក់ប្តីប្រពន្ធមួយគូ មានផ្ទះសំបែងរស់នៅក្បែរឆ្នេរសមុទ្រមួយ ហើយការរស់នៅរបស់ពួកគាត់ទាំងពីរ គឺមិនដែលចេះចុះសម្រុងនឹងគ្នាឡើយ។ ប្តីតែងតែឈ្លោះជាមួយប្រពន្ធ ឯប្រពន្ធក៏តែងតែមានបញ្ហាជាមួយប្តី មិនចេះចប់មិនចេះហើយ រហូតដល់ថានឹងចង់លែងលះគ្នាថែមទៀតផង។ ក្រោយមកប្តីប្រពន្ធទាំងពីរនាក់នោះ ក៏បានបោះបង់ផ្ទះដែលខ្លួនធ្លាប់ស្នាក់នៅហ្នឹងចោល អស់រយៈពេលប្រហែលជា៣ទៅ៤ខែ ដោយរស់នៅបែកគ្នា រកទីស្នាក់នៅកន្លែងផ្សេងមួយរយៈសិន»

ព្រះតេជគុណ មានសង្ឃដីកាបន្ថែមទៀតថា «...ក្រោយមកបុរសជាប្តីយូរៗ ក៏បានមកលេងផ្ទះហ្នឹងម្តង ឯប្រពន្ធវិញក៏ដូចគ្នាដែរ ប៉ុន្តែនៅពេលដែលគាត់បានបោះបង់ផ្ទះនោះ ទុកចោលអស់រយៈពេលជាង ៣ទៅ៤ខែនោះហើយ ជាហេតុធ្វើឲ្យពពួកទេវតា ឬផ្លូវងងឹតអស់នោះឯង គេមកនៅ។ រហូតពេលដែលប្តីប្រពន្ធពីរនាក់ហ្នឹង មកសម្រាកនៅផ្ទះរបស់គាត់វិញនោះ គឺពពួកសភាវៈ ឬផ្លូវងងឹតអស់ហ្នឹងហើយគេមកធ្វើបាប។ ដោយសារអី ដោយសារតែគាត់អត់បាន បោសសម្អាតនៅក្នុងផ្ទះហ្នឹង ដល់តែពេលចឹងទៅ ធ្វើឲ្យពីរនាក់ប្តីប្រពន្ធហ្នឹងភ័យខ្លាច ហើយក៏គិតថាប្រហែលជាមានខ្មោច មានអីចឹងទៅ ហើយពួកគាត់ក៏បានសម្រេចចិត្តលក់ផ្ទះហ្នឹង»

«...ដល់តែពេលម្ចាស់ផ្ទះថ្មី ដែលគេបានទិញផ្ទះពី ពីរនាក់ប្តីប្រពន្ធនោះហើយ ម្ចាស់ផ្ទះថ្មីហ្នឹងគេដឹងពីបញ្ហាអបិយជំនឿអស់ហ្នឹង ហើយគេក៏បានបោសសម្អាតផ្ទះយ៉ាងស្អាតបាត ហើយមានរៀបចំជាទីកន្លែងមួយសម្រាប់ដាក់ សែនសំណែន មានដូចជាទឹក មានកម្រង មានផ្លែឈើ ចំណីអាហារជាដើម សម្រាប់សែនព្រេនដល់ពពួកទេវតាអស់ហ្នឹង។ ក្រោយពីពពួកទេវតាអស់នោះ បានមកទទួលសំណែនហើយ ក៏ឲ្យពរឲ្យជ័យ តាមថែរក្សាម្ចាស់ផ្ទះថ្មីហ្នឹងទៅ ហើយរឿងរ៉ាវវាមានតែប៉ុណ្ណឹង ព្រោះនេះគ្រាន់តែជារឿងដំណាលមួយ ដែលអាត្មាបានដឹងតែប៉ុណ្ណោះ»

ជួបជាមួយនឹងបងប្រុស ធូ វ័យ ២៥ឆ្នាំ សព្វថ្ងៃជាបុគ្គលិក បម្រើការនៅស្ថាប័នឯកជនមួយកន្លែង ក្នុងរាជធានីភ្នំពេញ បានរៀបរាប់ប្រាប់មកខាងក្រុមការងារ Khmerload ឲ្យដឹងដែរថា បងប្រុសពិតជាធ្លាប់បានឃើញ និងលឺសម្លេង ពីម្រេញគង្វាល និងជំនាងផ្ទះ យ៉ាងពិតប្រាកដមែន។

បងប្រុស ធូ និយាយថា៖ «ពេលខ្លះសឹងតែមិនជឿ នរណាដែលលឺអូន ឲ្យតែពេលគេងយប់ឡើង ចំថ្ងៃណារៀងស៊យបន្តិចទៅ អាផ្លូវងងឹតហ្នឹង (ម្រេញគង្វាល ឬជំនាងផ្ទះ) ចាប់ផ្តើមមកហើយ។ បើតាមបទពិសោធន៍ដែលបងបានជួបប្រទះកន្លងមក បងពិតជាបានឃើញមែន ហើយក៏ជឿជាក់ថា ពិតជាក្មេងៗម្រេញគង្វាល និងជំនាងផ្ទះ នៅក្នុងផ្ទះយ៉ាងពិតប្រាកដមែន»

បងប្រុសបន្តថា «...បើនិយាយទៅពីមុន ផ្ទះបងដាក់កន្រ្តកផ្ទះ ម្រេញគង្វាលនៅលើផ្ទះជាន់ទី២ឯណោះ ហើយរាល់យប់បងតែងតែ គេងនៅយ៉រខាងលើផ្ទះតែម្នាក់ឯងជានិច្ច។ ហើយការឲ្យឃើញនោះដែរ វាជាស្រមោលស្ទង់ៗ នៅចុងជើង ជួនកាលនៅលើក្បាលដំណេកបងក៏មានដែរ គឺកូនក្មេងពីរទៅបីនាក់ មានស្លៀកតែខោក្បិនពណ៌ក្រហម តែប៉ុណ្ណោះមិនមានពាក់អាវឡើយ ឲ្យតែយប់រៀងជ្រៅបន្តិច ខណៈពេលខ្លះគេងមិនសូវលក់ រសាប់រសល់ផងនោះ ដឹងតែវាមកលេងអុកឡុកបងម៉ង។ ជួនកាល វាមកចាប់ដៃចាប់ជើងបង លើកកន្រ្តាក់ផង លើកអុកផង ហើយវាហាក់បីដូចជា មកបំបិទមាត់បងមិនឲ្យនិយាយចេញថែមទៀតផង។ ជាពិសេស មានយប់ខ្លះក្មេងៗម្រេញគង្វាលអស់នោះ មកខ្សឹបដាក់ត្រចៀតបង ធ្វើជាសម្លេងព្រហ្មម៉ាញនិយាយ ជួនកាលធ្វើជាសម្លេង អ្នកផ្ទះរបស់បងនិយាយចចេរចចាច ហៅឈ្មោះបងក៏មានដែរ»

បងប្រុសបន្ថែមទៀតថា «...ហើយបើនិយាយ ពីជំនាងផ្ទះវិញ ក៏បងឧស្សាហ៍ឃើញដែរ។ ហើយបើតាមការដែលឃើញនោះ ជំនាងផ្ទះបង គឺជាមនុស្សស្រីហើយមានមាឌធំ សម្បុររាងក្រម៉ៅ និងមានស្លៀកក្បិនពណ៌ផ្កាឈូក ជាមួយនឹងអាវប៉ាក់ពណ៌សផងដែរ។ ជួនកាលយប់ជ្រៅដូចគ្នាចឹង ឃើញស្រមោលដើរស្ទង់ៗ អើតមកបងពីក្រៅមុងក៏មានដែរ។ ជូនបងសួរថា “ពីណាគេហ្នឹង រកមើលអី?” ស្រាប់តែបាត់ស្រមោលឈឹងតែម្តង ប៉ុន្តែគេមិនដែលធ្វើអីបងឡើយ»

ជុំវិញរឿងរ៉ាវទាំងអស់នេះដែរ បងប្រុស ធូ បញ្ជាក់បន្ថែមចុងក្រោយថា «...ក្រោយមក បងចេះតែនិយាយប្រាប់គ្រួសារចឹងទៅ ប៉ាបងក៏បានរើយកផ្ទះម្រេញគង្វាល មកដាក់ខាងក្រោមមុខផ្ទះវិញ (លែងដាក់នៅយ៉រខាងលើផ្ទះ) ហើយចាប់តាំងពីថ្ងៃនោះមក ក៏មិនដែលឃើញពួកក្មេងៗម្រេញគង្វាល មកអុកឡុកបងទៀតដែរ។ ប៉ុន្តែបើនិយាយពី ជំនាងផ្ទះវិញ នៅតែឧស្សាហ៍ឲ្យឃើញជាញឹកញយដដែល។ ហើយបងក៏ឆ្ងល់ដែរថា អ្នកផ្ទះបងផ្សេងទៀត អត់ដែរឲ្យឃើញ មកឲ្យឃើញតែបងតែម្នាក់ឯង។ ដំបូងចេះតែខ្លាចៗដែរ តែដល់យូរៗទៅធម្មតា ព្រោះគិតថាគេមិនមែនជាព្រាយបិសាចអីផង គេមកតាមជួយថែរក្សាក្នុងផ្ទះយើងតើ»

ទន្ទឹមនឹងនោះផងដែរ អ្នកមីង សុផល វ័យ៣៧ឆ្នាំ ជាស្រ្តីមេផ្ទះមួយរូប ក៏បានប្រាប់មកកាន់ក្រុមការងារ Khmerload ឲ្យដឹងដែរថា រូបគាត់ពិតជាជឿជាក់ថា មានម្រេញគង្វាល និងជំនាងផ្ទះយ៉ាងពិតប្រាកដមែន។ អ្នកមីងនិយាយថា៖ «រឿងម្រេញគង្វាល ឬជំនាងផ្ទះនេះមីងជឿថាមានមែន ព្រោះវាមានជំនឿតាំងពីបរមបុរាណមកម៉្លេះ គេជាអ្នកតាមជួយថែរក្សាផ្ទះសំបែង ក៏ដូចជាទ្រព្យធនរបស់យើងនៅក្នុងផ្ទះ។ ប៉ុន្តែគ្រាន់តែថា ខាងពពួកផ្លូវងងឹតអស់នេះ មិនដែលឲ្យមីងឃើញលក្ខណៈភ្នែកស្រស់ៗអីនោះទេ ឃើញតែក្នុងយល់សប្តិ ណាមួយបើនិយាយមែនទែនទៅ គេកម្រឲ្យយើងឃើញណាស់»

អ្នកមីង សុផល បន្តថា «...បើនិយាយពី ក្មេងៗម្រេញគង្វាលវិញ មីងធ្លាប់តែឃើញនៅក្នុងយល់សប្តិ ឃើញនាំគ្នាអង្គុយលេងជុំៗពេញមុខផ្ទះមីង ហើយក្មេងៗខ្លះមានស្លៀកពាក់ខោអាវ សាមញ្ញធម្មតា ឯក្មេងខ្លះទៀតគ្មានស្លៀកពាក់ខោអាវអីទេ ដល់តែពេលពួកវានាំគ្នាលេងហត់ រត់មកប្រាប់មីងថា ពួកវាឃ្លានណាស់ ចង់ស៊ីនំអាកោ ហើយពួកក្មេងៗម្រេញគង្វាលអស់នោះថាឲ្យមីង ថាមិនដែលដាក់ឲ្យពួកវាស៊ីទេ ដាក់តែស្ករគ្រាប់។ ទើបឥលូវឲ្យតែថ្ងៃសីលឡើង ជួនកាលមីងទិញនំអាកោដាក់ឲ្យ ជួនដាក់ស្ករគ្រាប់សែនឲ្យពួកវាដែរទៅ»

អ្នកមីងបានបន្ថែមទៀតថា «...មិនដឹងយ៉ាងម៉េច បើជំនាងផ្ទះមីងវិញកាចណាស់ ពីមុនបើអ្នកចម្លែកមុខ ចូលមកគេងពេលយប់អីចឹង ដឹងតែទក់សាច់ម៉ង។ ជួនកាលចាប់ទាញជើងមិនឲ្យគេដេកកើតទេ រហូតមានអ្នកខ្លះត្រូវជំនាងផ្ទះ ផ្ទះមីងចាប់អុកក្បាលទៅនឹងជញ្ជាំងក៏មានដែរ តែក្រោយមកមីងចេះតែអុជធូបនិយាយបែរបន់ខ្លះ អីខ្លះ ចឹងទៅ ទើបរាងស្ងាត់លែងអីវិញ»

មិនខុសគ្នាប៉ុន្មានពី អ្នកមីង សុផល ខាងលើឡើយ។ ដោយឡែក អ៊ំស្រី ម៉ុណ្ណា វ័យ៤៥ឆ្នាំ បច្ចុប្បន្នជាគ្រូបង្រៀននៅវិទ្យាល័យទួលស្វាយព្រៃ ក៏បានឲ្យដឹងដែរថា «...ភាគច្រើនម្រេញគង្វាល គឺអ៊ំធ្លាប់ឃើញតែនៅក្នុងយល់សប្តិទេក្មួយ ខ្លះមានស្លៀកខោអត់អាវ ខ្លះស្រាតខ្លួនទទេស្ញេញក៏មានដែរ មានទាំងស្រីទាំងប្រុស ហើយពេលដែលពួកវាចង់ញ៉ាំអីចឹង វាតែងមកប្រាប់ថា “អត់មានទឹកផឹកសោះ... អើយ! ស្រែកទឹកហ្ហា៎ ឃ្លានស្ករគ្រាប់ហ្ហា៎” ហើយជួនកាលក្មេងៗម្រេញគង្វាល ដែលអ៊ំបានឃើញក្នុង យល់សប្តិឃើញហ្នឹង ខ្លះមកអោបរឹតអ៊ំ តោង.ក ចាប់ដៃចាប់ជើងថែមទៀតផង»

អ៊ំស្រី បានឲ្យដឹងទៀតថា «ពេលខ្លះ ដូចជាមានហេតុការណ៍អីមួយ ប្រុងនឹងអាចកើតឡើង ឬមាននរណាចង់មកលេងអ៊ំអីចឹង វាតែងតែមកពន្យល់សបិ្តប្រាប់អ៊ំមុនជានិច្ច ដើម្បីឲ្យបានដឹងមុន តែជួនកាលយល់សប្តិហ្នឹងដូចជាលក្ខណៈប្រស្នា មិនមែនចំៗពេកនោះទេ ហើយ២ទៅ៣ថ្ងៃក្រោយក៏ជួបរឿងហ្នឹងមែន។ បើនិយាយទៅ ពេលខ្លះបើអ៊ំធ្វើដំណើរទៅណារាងឆ្ងាយចឹង អ៊ំតែងតែអុជធូបពីផ្ទះ ហើយដាក់ស្ករគ្រាប់តាមខ្លួន ទៅដល់ទីណាទម្លាក់ស្ករគ្រាប់នៅទីនោះ ដើម្បីឲ្យវាជួយតាមថែរក្សាយើង ឲ្យសុខសប្បាយ ព្រោះអ៊ំពិតជាមានជំនឿទៅលើក្មេងៗម្រេញគង្វាលនេះណាស់» ។

យ៉ាងណាមិញ នេះគ្រាន់តែការលើកឡើងមួយ ទាក់ទងទៅនឹងជំនឿ និងបទពិសោធន៍ខ្លះៗ របស់បងប្អូនខ្មែរយើងមួយចំនួន ធ្លាប់បានដឹង ​ ធ្លាប់ជួបប្រទះតែប៉ុណ្ណោះ ដែលក្រុមការងារ Khmerload បានធ្វើការចុះសាកសួរពួកគាត់។ ដោយឡែកសម្រាប់ការយល់ឃើញយ៉ាងណានោះ គឺអាស្រ័យទៅលើ ទស្សនៈរបស់ប្រិយមិត្តតែប៉ុណ្ណោះ ថាតើគួរជឿ ឬគួរមិនជឿ ហើយវាពិតជាមានពិតនៅលើលោកយើងនេះ ឬយ៉ាងណា។

ជាចុងក្រោយ ខ្មែរឡូត សូមអរគុណយ៉ាងជ្រាលជ្រៅបំផុត សម្រាប់ការគាំទ្រ និងចូលចិត្តអានរាល់អត្តបទដែលក្រុមការងារយើងខ្ញុំ បានសរសេរនិងរៀបចំឡើង។ សង្ឃឹមថាប្រិយមិត្តនឹងនៅតែបន្តការគាំទ្រ និងលើកទឹកចិត្តដល់យើងខ្ញុំ។ ជូនពរសំណាងល្អ សុខភាពល្អគ្រប់ទិវារាត្រី!

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជឿថាមាន «ម្រេញគង្វាល និងជំនាងផ្ទះ» ដែរទេ? ជួបជាមួយអ្នកធ្លាប់ មានបទពិសោធន៍ ផ្ទាល់ជាក់ស្តែង

ជឿថាមាន «ម្រេញគង្វាល និងជំនាងផ្ទះ» ដែរទេ? ជួបជាមួយអ្នកធ្លាប់ មានបទពិសោធន៍ ផ្ទាល់ជាក់ស្តែង
រូបភាព៖ ព្រះតេជគុណ ឯក សំ

ជឿថាមាន «ម្រេញគង្វាល និងជំនាងផ្ទះ» ដែរទេ? ជួបជាមួយអ្នកធ្លាប់ មានបទពិសោធន៍ ផ្ទាល់ជាក់ស្តែង
រូបភាព៖ បងប្រុស ធូ

ជឿថាមាន «ម្រេញគង្វាល និងជំនាងផ្ទះ» ដែរទេ? ជួបជាមួយអ្នកធ្លាប់ មានបទពិសោធន៍ ផ្ទាល់ជាក់ស្តែង
រូបភាព៖ អ្នកមីង សុផល

ជឿថាមាន «ម្រេញគង្វាល និងជំនាងផ្ទះ» ដែរទេ? ជួបជាមួយអ្នកធ្លាប់ មានបទពិសោធន៍ ផ្ទាល់ជាក់ស្តែង
រូបភាព៖ អ៊ំស្រី ម៉ុណ្ណា