AC Milan តែងតាំងអតីតគ្រូបង្វឹក Sampdoria ជាអ្នកដឹកនាំថ្មី

ក្លិប AC Milan បានតែងតាំងអតីតគ្រូបង្វឹកក្លិបអ៊ីតាលី Sampdoria គឺលោក Vincenzo Montella ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ ក្នុងកិច្ចសន្យាចំនួនពីរឆ្នាំ។

Monttela-ft16

លោក Montella វ័យ ៤២ឆ្នាំ នឹងមកដឹកនាំបន្តពីលោក Cristian Brocchi ដែលជាគ្រូបង្វឹកបណ្តោះអាសន្ន បន្ទាប់ពីក្លិបបានបណ្តេញលោក Sinisa Mihajlovic កាលពីខែមេសា។

ក្រុម Milan បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៧ក្នុងលីកកំពូលអ៊ីតាលី Serie A កាលពីរដូវកាលមុន និងបានបរាជ័យលើក្រុមសេះបង្កង់ Juventus ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងក្របខណ្ឌ Italian Cup។

ក្លិបមានមូលដ្ឋាននៅទីក្រុង San Siro នេះបាននិយាយថា «ក្លិបកំពុងទន្ទឹងរង់ចាំប្រព័ន្ធលេងដ៏អស្ចារ្យពីគ្រូបង្វឹកថ្មីនេះ»។
សូមបញ្ជាក់ថា លោក Montella ដែលជាអតីតជម្រើសជាតិអ៊ីតាលី ធ្លាប់ដឹកនាំក្រុម Catania និង Fiorentina ក្រោយពីលោកបានចំណាយពេលលេងជាកីឡាករក្នុងអាជីពបាល់ទាត់ភាគច្រើនឲ្យក្លិប Roma និង Sampdoria៕