ខឹង​ណាស់! ជា​លទ្ធផល​ចង់បាន​របស់គេ​ស្រួលៗ

រាជ​ធានី​ភ្នំពេញ ៖ សេចក្តីរាយ​ការណ៍​បឋម​ឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់ក្នុង​ចំណោម​២​នាក់​ ត្រូវ​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់​បាន​​ភ្លាម​ៗ និង​ចាប់​វាយ​​យ៉ាង​ទ្រម​ខ្លួន កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ មិថុនា ២០១៦​ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រម ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចូល​កាច់​សោ​.​ក​ម៉ូតូ​មិន​បាន​សម្រេចត្រូវ​ម្ចាស់​ទាន់ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​​​ចាប់ខ្លួន​​បាននោះ​​ឈ្មោះ​ចាន់​ដា អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ក្នុង​អង្គការ​មួយ​​ម្តុំ​វត្ត​ភ្នំ និង​បក្សពួក​ម្នាក់​ទៀត​​គេចខ្លួន​បាត់ ។ ក្នុង​ការ​ចាប់ខ្លួន​ជនសង្ស័យ​ ក៏ត្រូវ​​កម្លាំង​ដកហូត​ម៉ូតូ​០១៥​មួយ​គ្រឿង ដែលពួកគេ​​ជិះធ្វើសកម្មភាព ហើយ​​​ជិះ​មក​ទម្លាក់​ចោល​តាម​ផ្លូវ ។ រីឯ​ខាង​ភាគី​ម្ចាស់​ម៉ូតូ​រង​គ្រោះ គេ​មិន​ស្គាល់​អត្តសញ្ញាណ​​ទេ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​គេ​ឆ្ងល់​ទៀត​នោះ ជន​រង​គ្រោះ​​​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​​​ដែរ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ម្ចាស់​​បាន​ចត​ម៉ូតូ​ទុក​នៅ​មុខ​ផ្ទះ​​ជួល លុះ​ជនសង្ស័យ​ទាំង​២​នាក់​ប្រទះ​ឃើញ ក៏​ធ្វើ​សកម្មភាព​ចូល​កាច់​សោ​.​ក តែ​មិន​ទាន់​សម្រេច​ផង ក៏​ត្រូវ​ម្ចាស់​ទាន់​ស្រែក​ចោរ​ៗ រត់​ប្រសាច់​តែ​ម្តង ។