​​ប្រកាស​អភិបាលស្រុក​កំពង់លែង​ថ្មី

ខេត្តកំពង់ឆ្នាំង ៖ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត បាន​ព្រមាន​ផ្តន្ទាទោស​មន្ត្រី​ទាំងឡាយ​ណា​ដែល​ឃុបឃិត​គ្នា​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក នៅ​ចំណុច​ផ្លូវ​ត​ភ្ជាប់​គ្នា​រវាង​ខេត្តកំពង់ឆ្នាំង​និង​កំពង់ធំ ។ លោក​អភិបាលខេត្ត មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង​អភិបាលស្រុក​កំពង់លែង​ថ្មី កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា នៅ​សាលាស្រុក​កំពង់លែង ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​ចំនួន​ជាង​២​រយ​នាក់ ។

លោក​អភិបាលខេត្ត ថ្លែង​ទៀត​ថា កន្លង​ទៅ​ឃើញ​ខាង​អាជ្ញាធរ​ស្រុក​ចែក​ដី​នៅ​ចំណុច​ខាងលើ​ឲ្យ​ទៅ​អង្គភាព​នេះ អង្គភាព​នោះ​ថា ជា​ដី​បង្កបង្កើន​ផល​ជាដើម ។ បើជា​ដី​ធ្វើស្រែ​ពិតប្រាកដ​វា​មិន​អី​ទេ ចេះ​តែ​នាំ​គ្នា​បង្កបង្កើន​ផល​ទៅ តែបើ​ជា​ដី​ព្រៃ​លិច​ទឹក​វិញ​គឺ​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ឡើយ ត្រូវ​មានទោស​ជាប់​ពន្ធនាគារ គ្មាន​អ្នក​ណា​ជួយ​អ្នក​ណា​បាន​ទេ សូ​ម្បី​តែ​ចៅហ្វាយខេត្ត​ក៏​មិន​ហ៊ាន​ដែរ ។

លោក​អភិបាលខេត្ត​បន្ត​ថា ចំណែក​រឿង​ត្រាក់ទ័រ​ដោយសារ​ភាព​រីក​ចម្រើន បងប្អូន ប្រជាពលរដ្ឋ​សព្វថ្ងៃ​ទិញ​ប្រើ​ហើយ​តែ​សូម​ប្រើ​ឲ្យ​ចំ​គោលដៅ ភ្ជួរស្រែ​ឲ្យ​ដឹង​ភ្ជួរស្រែ កុំ​បន្លំ​ឈូស​ឆាយដី​ព្រ​លិច​ទឹក​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​មិន​បានជា​ដាច់ខាត មានទោស​ជាប់​ពន្ធនាគារ​ដូច​គ្នា ។ លោក​ធ្លាប់​ស្នើ​សុំ​ឲ្យ​ម្ចាស់​ត្រាក់ទ័រ​ទាំងនោះ ដោះ​ប៉ែល​ឈូស​ដី​ពី​ខាង​មុខ​ត្រាក់ទ័រ​ចេញ ដោយ​ទុក​តែ​ផាល​ភ្ជួរ​ដី​ពី​ខាងក្រោយ​បាន​ហើយ តែ​ម្ចាស់​បាន​ទូរ​សព្ទ័​ប្រាប់​ថា វា​ធ្ងន់​ក្រោយ​ទាល់តែ​មាន​ប៉ែល​ពីមុខ​ទើប​ស្មើគ្នា  ។

កន្លង​មក​នៅ​ស្រុក​បរិបូណ៌ មាន​អ្នក​ឃោសនា​ថា បើ​បោះ​ឆ្នោត​ឲ្យ​បក្ស​គេ​ជាប់​ឆ្នោត គេ​នឹង​ចែក​ដី​ព្រៃ​លិច​ទឹក​ឲ្យ ។ ចំណុច​នេះ លោក​ស្នើ​សុំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ស្រាវជ្រាវ​រកមុខ​អ្នក​ឃោសនា​នោះ ព្រោះ​ច្បាប់​គឺជា​ច្បាប់ ច្បាប់​ការពារ​ព្រៃ​លិច​ទឹក ដល់​ពេល​ខ្លួន​ជាប់​ឆ្នោត​ទៅ​វាស់ដី​ព្រៃ​លិច​ទឹក​ចែក​គ្នា វា​មិន​អនាធិបតេយ្យ​ពេញ​ទឹក​ពេញ​ដី​គ្មាន​អ្នក​គោរព​ច្បាប់​បាត់​ទៅ​ហើយ ។

ចុងបញ្ចប់ លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​សំណូមពរ​ដល់​មន្ត្រី​គ្រប់​ផ្នែក​គ្រប់​ជំនាញ​ទាំងអស់ ចូលរួម​ថែរក្សា​ការពារ​ព្រៃ​លិច​ទឹក ការពារ​បរិស្ថាន​ក្នុង​ទឹក ដោយ​កាត់​បន្ថយ​ការ​រស់នៅ​លើ​ផ្ទះ​ប​ណ្តែ​ទឹក ។ ជាមួយ​នេះ សំណូមពរ​លោក​អភិបាលស្រុក​ថ្មី ខិតខំ​បំពេញភារកិច្ច កសាង​ស្រុក​របស់​ខ្លួន ការពារ​ថែរក្សា​ប្រជាពលរដ្ឋ ឲ្យ​មាន​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សាមគ្គី​ផ្ទៃក្នុង ដើម្បី​សម្រេច​ការងារ​ដែល​ថ្នាក់​ជាតិ​ដាក់ចុះ​ឲ្យ​ទទួល​បាន​ជោគជ័យ ។

សូម​រំលឹក​​ថា បន្ទាប់​ពី​អភិបាលស្រុក​ចាស់ លោក មាន់ អ៊ា​ន​លី បាន​ចូល​និវត្តន៍ កាលពី​ពេល​កន្លង​ទៅ ស្រុក​កំពង់លែង​មិន​ទាន់​មាន​តែងតាំង​អភិបាលស្រុក​ថ្មី​ជំនួស​ដោយ​ពិតប្រាកដ​នោះ​ទេ គឺ​គ្រាន់តែ​បាន​តែងតាំង​អភិបាលស្រុក ស្តីទី លោក ជួប វិចិត្រ តែ​ប៉ុណ្ណោះ ។ លុះ​មក​ដល់​ថ្ងៃ​ទី​២៨ ខែមិថុនា  ទើបបាន​ប្រកាស អភិបាលស្រុក​ថ្មី​នេះ គឺ​លោក សំ ចាន់​ថន ជា​អតីត​មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​កំពង់លែង​៕