សាហាវ​ណាស់ ! វ៉ៃ ទាត់ ធាក់ រួចជាន់ក​រហូត​ស្លាប់

ខេត្តតាកែវ ៖ ប្តី​តិរច្ឆាន​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចាប់ខ្លួន​ភ្លាម​ៗ​បន្ទាប់​ពី​បាន​ផឹកស្រា​ស្រវឹង​រួច​វាយ ទាត់ ធាក់ រួច​ជាន់ក​ប្រពន្ធ​រហូត​ដល់​សម្លាប់​ចោល​កូន​៤​នាក់​ឲ្យ​កំព្រា​ឯកា ។ ហេតុការណ៍​ប្តី​វាយ​ប្រពន្ធ​រហូត​ស្លាប់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រែក​តា​ម៉ៅ ឃុំ​គិរី​ចុង​កោះ ស្រុក​គិរី​វង្ស ខេត្តតាកែវ ។

លោក​វរសេនីយ៍ទោ យុគ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គិរី​វង្ស បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ដែល​ស្លាប់​មានឈ្មោះ ម៉ុ​ស ស្តើង អាយុ​៣៤​ឆ្នាំ ចំណែក​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ វេ​ត សាក់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​បាន​ភ្លាម​ៗ ។ គ្រួសារ​មួយ​នេះ​មានកូន​៤​នាក់​នៅ​ក្នុង​បន្ទុក ។

លោក​អធិការ​នគរបាល​ស្រុក​គិរី​វង្ស​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ផឹកស្រា​តាំងពី​ម៉ោង​៥​ល្ងាច​អស់​ជា​ច្រើន​លី​ត្រ លុះ​ចុង​ក្រោយ​ជនសង្ស័យ​បាន​សុំ​លុយ​ប្រពន្ធ​២.០០០​រៀល​ដើម្បី​ទិញ​ស្រា​១​លី​ត្រ​ទៀត​ផឹក​បន្ត តែ​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​ថា អត់​មាន​លុយ​ទេ ភ្លាម​ៗ​នោះ​ជនសង្ស័យ​ក៏​ចាប់​ស្ត្រី​ជា​ប្រពន្ធ​វាយ ទាត់ ធាក់ រួច​​ជាន់ក​រហូត​ដល់​ស្លាប់​តែ​ម្តង ។ អ្វី​ដែល​គួរ​ឲ្យ​អាណោចអាធ័ម​ថែម​ទៀត​នោះ​គឺ​កូន​ពោះ​ដែល​ទើបតែ​មាន​អាយុ​១​ឆ្នាំ​បាន​វារ​មក​អឹ​ម​ដោះ​ម្តាយ​ដែល​បាន​ស្លាប់​ទៅ​ហើយ​ទៀត​ផង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​វាយ​ប្រពន្ធ​រហូត​ដល់​ស្លាប់​ពិតប្រាកដ​មែន ។

លោក​វរសេនីយ៍ទោ សែ​ម សុ​ជាតិ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​ឲ្យ​ដឹង​ថា គ្រួសារ​មួយ​នេះ​ក្រ​តោកយ៉ាក​បំផុត ហើយ​មានកូន​៤​នាក់​នៅ​ក្នុង​បន្ទុក បន្ទាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់ ឪពុក​ត្រូវ​ជាប់គុក ធ្វើ​ឲ្យ​កូន​៤​នាក់​រស់នៅ​គ្មាន​ទីពឹង ។ ដូច្នេះ​សូម​សប្បុរសជន ឬ​អង្គការ​នានា​មេត្តា​ជួយ​ដល់​កូនកំព្រា​៤​នាក់​នេះ​ផង ។

ដោយ​ឃើញ​ពី​ភាគ​តោក​យ៉ាង​របស់​ក្រុម​គ្រួសារ​មួយ​នេះ លោក​វរសេនីយ៍ទោ យុគ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គិរី​វង្ស បាន​ជួយ​ឧបត្ថម្ភ​មឈូស​១ អង្ករ​១០០​គីឡូក្រាម មី​២​កេស និង​ថវិកា​១០​ម៉ឺន​រៀល​សម្រាប់​ចាត់ចែង​ធ្វើ​ពិធី​បុណ្យសព​ស្ត្រី​រង​គ្រោះ ៕