សង្គ្រាម​​កាន់តែ​​ឡើង​កម្តៅ​​​​រវាង​ដេ​នី ក្វា​ន់ និង​​​ម៉េ​ង កែវ​​ពេ​ជ្ជ​​តា ​

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ បញ្ហា​ចម្រូងចម្រាស់ និង​ជម្លោះ​រវាង​តារាចម្រៀង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​តារា​សម្តែង​ចូល​ចិត្ត​សម្ញែង​ដើម​ទ្រូ​វ នាង​ដេ​នី ក្វា​ន់ នៅ​មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​ទេ ខណៈ​ដែល​ដេ​នី ក្វា​ន់ បាន​ធ្វើការ​ព្រមាន​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា នៅ​ពេល​មានការ​ចោទប្រកាន់​ថា នាង​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​គំរាម​កំហែង​សុវត្ថិភាព​ផ្ទាល់ខ្លួន ទៅ​លើ​តារាចម្រៀង​ខាងលើ​នេះ ។

សារ​ព្រមាន​ប្តឹង​ចំពោះ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ពី​នាង​ដេ​នី ក្វា​ន់ នា​ពេល​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​អះអាង​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា ជនអនាមិក​ដែល​បាន​គំរាមកំហែង​ពី​សុវត្ថិភាព​របស់​ខ្លួន តាម​រយៈ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក កាលពី​ពេល​កន្លង​មក​នោះ គឺ​អ្នក​នាង​បាន​ដាក់​ការ​ចោទប្រកាន់​ទៅ​លើ​នាង​ដេ​នី ក្វា​ន់ ។

ក្នុង​ខ្លឹមសារ​ដែល​បាន​សម្ភាសន៍​នោះ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បង្ហាញ​ពី​ការ​ប្រាកដ​ចិត្ត​យ៉ាង​ខ្លាំង ដោយ​បាន​បញ្ជាក់​ថា បើ
ដេ​នី ក្វា​ន់ នៅ​តែ​បន្ត​ឱ្យ​ភ្លើង​ឆាបឆេះ​នោះ​ផ្លូវច្បាប់​នឹង​ចៀស​មិន​ផុត​ឡើយ ។ បើ​ទោះជា​ដេ​នី ក្វា​ន់ បាន​ប្រើ​គណនី​ក្លែងក្លាយ ដើម្បី​ធ្វើការ​វាយប្រហារ និង​គំរាមកំហែង​ចំពោះ​អ្នក​នាង ដោយ​មិន​បាន​បញ្ចេញ​អត្តសញ្ញាណ​ក៏​ដោយ ក៏​សំ​ណេ​រ​ប្រមាថ និង​ការ​គំរាមកំហែង​មក​លើ​អ្នក​នាង ត្រូវ​គេ​រក​ឃើញ​ថា ជា​ដេ​នី ក្វា​ន់ ដោយ​មិន​អាច​ប្រកែក​បាន ។

ការ​ចោទប្រកាន់​ខាងលើ​នេះ ត្រូវ​បាន​តារា​សម្តែង​នាង​ដេ​នី ក្វា​ន់ បាន​ចាត់​ទុក​មិនមែន​ជា​រឿង​ពិត សម្រាប់​រូប​នាង​ឡើយ ខណៈ​ពេល​ដែល​នាង និង​ប្រើ​វិធានការ​ផ្លូវច្បាប់ ដើម្បី​ឱ្យ​អ្នក​នាង​ម៉េ​ង កែវ ពេ​ជ្ជ​តា សុំ​ទោស​នាង​ជា​សាធារណៈ ។

តាម​សំ​ណេ​រដែ​ល​ដេ​នី ក្វា​ន់ បាន​ស​សេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​២៩ មិថុនា បានឱ្យ​ដឹង​ថា ខ្ញុំ​សូម​អះអាង​ថា ខ្ញុំ​មិន​បាន​ពាក់ព័ន្ធ​រឿង​សា​របស់​ជនអនាមិក​គំរាម​គំ​ហែង ដែល​គាត់​បាន​ចោទ​មក​លើ​ខ្ញុំ​នឹង​ទេ​... ចឹ​ង​ហើយ​ខ្ញុំ​សូម​ឱ្យ​គាត់​ចេញ​មុខ​ទទួល​ខុសត្រូវ​លើ​ការ​ចោទប្រកាន់​មក​លើ​នាង​ខ្ញុំ ព្រោះ​ពាក្យ​ដែល​គាត់​និយាយ​នេះ វា​ប៉ះពាល់​ដល់​កិត្តិយស​របស់ខ្ញុំ​ខ្លាំង​ណាស់ ។

នាង​បញ្ជាក់​ថា ខ្ញុំ​មិនដឹង​នោះ​ទេ​ថា គាត់​ធ្លាប់​មាន​សត្រូវ​ប៉ុន្មាន​នាក់ ចុះ​ហេតុ​អ្វី​បាន​មក​ចោទ​លើ​ខ្ញុំ​ដោយ​គ្មាន​ភស្តុ​តាង សូ​ម្បី​បន្តិច មនុស្ស​ដូច​ខ្ញុំ​ក្មេង​មែនពិត ប៉ុន្តែ​ហ៊ាន​ធ្វើ គឺ​ហ៊ាន​ទទួល ហើយ​នាង​មិន​មាន​ពេល​ឈ្លោះ​ដូច​គាត់​នោះ​ទេ នាង​ខ្ញុំ​មានកា​ងារ​របស់ខ្ញុំ
ខ្ញុំ​មិន​ចំណាយ​ពេលវេលា​ទៅ​លើ​ការ​ឈ្លោះ​នោះ​ទេ ព្រោះ​វា​អត់​ប្រយោជន៍ ណាមួយ​រឿង វា​បាន​ចប់​តាំងពី​ថ្ងៃ​ដែល​ខ្ញុំ​សុំ​ទោស​គាត់​មក​ម្ល៉េះ ចឹ​ង​ហើយ​គ្មាន​ហេតុផល​អ្វី ដែល​នាង​ខ្ញុំ​ត្រូវ​ទៅ​រវល់​ទៀត​នោះ​ទេ ។ នាង​ខ្ញុំ​នឹង​ទាមទារ​តាម​ផ្លូវច្បាប់ និង​សុំ​ឱ្យ​គាត់ សុំ​ទោស​ខ្ញុំ​ជា​សាធារណៈ ចំពោះ​ការ​ចោទប្រកាន់​ដ៏​ធ្ងន់ធ្ងរ​មួយ​នេះ​... ។

ជា​ការ​កត់សម្គាល់​កន្លង​មក តារា​ទាំង​២​ខាងលើ​នេះ តែងតែ​បង្ហោះ​សារ​ឌឺដង​ផ្លែផ្កា​គ្នា​ស្ទើរ​មិន​ដាច់​សូរ ក្នុង​នោះ​ក៏​មាន​ប្រើ​ពាក្យ​សម្តី​អា​សុ​រោះ​ផង​ដែរ បន្ទាប់​ជម្លោះ​មួយ​នេះ បាន​រាលដាល​ក្រោយ​ពី​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ចេញ​មុខ​រិះគន់ ដេ​នី ក្វា​ន់ ការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ដែល​បាន​កើត​ឡើងជា​បន្តបន្ទាប់ ចំពោះ​វិស័យ​សិល្បៈ​នា​ពេល​បច្ចុប្បន្ន​នេះ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច បាន​បង្ហាញ​សារ​សម្តែង​ការ​ព្រួយបារម្ភ និង​បាន​អំពាវនាវ​ដល់​សិល្បករ សិល្ប​ការិនី​ខ្មែរ និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​មានការ​យោគយល់ និង​សហការ​ល្អជា​មួយ​គ្នា ។

លោក​សុះ ម៉ាច បាន​បញ្ជាក់​ថា បញ្ហា​ជម្លោះ​ដែល​បាន​កើត​មាន​នេះ គួរតែ​សម្រួល​គ្នា​ទៅ កុំឱ្យ​វែង​ឆ្ងាយ​ទៅ​ដល់​តុលាការ វា​គ្មាន​ចំណេញ​អ្វី​ទេ ។ ហើយ​យើង​នៅ​តែ​រក្សា​បាន​នូវ​តម្លៃ និង​សេចក្តី​ថ្លៃថ្នូរ​របស់​យើង និង​ជា​គំរូ​ល្អ ប្រកបដោយ​តម្លាភាព ។ លោក​សង្ឃឹមថា ភាគី​ទាំង​សងខាង លោក​យោគយល់​ក្នុង​រឿង​នេះ និង​ជា​ចុង​ក្រោយ ខ្ញុំ​សូម​ឱ្យ​សិល្បៈ​ទាំងអស់ រួបរួម​គ្នា​កុំ​បែកបាក់​បែងចែក​បក្សពួក សូម​នាំ​គ្នា​ធ្វើ​អ្វី ដែល​មាន​ប្រយោជន៍​ដល់​សង្គម​ជាតិ និង​សង្គម​សិល្បៈ និង​សូម​មហាជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ងាក​មក​គាំទ្រ​វិស័យ​សិល្បៈ និង​កីឡា​ជាតិ​យើង ឱ្យ​បាន​ខ្លាំងក្លា ដើម្បី​ឈាន​ទៅ​រក​ភាព​រីក​ចម្រើន​រុងរឿង​ទៅ​ថ្ងៃ​អនាគត ។ ខ្មែរ រួបរួម​ខ្មែរ​ខ្លាំង បើ​ខ្មែរ​បែកបាក់ ខ្មែរ​នឹង​បាត់បង់ ។