កម្មករ​ជាង​៤០០​នាក់​នៅ​ខេត្ត​កំពត​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ថៅកែ​អនុវត្ត​​ច្បាប់​ការងារ

កម្មករ​ជាង ៤០០​នាក់​នៃ​រោងចក្រ ខេមបូ ធី.ឌី.ជី (Cambo T.D.G Co., Ltd.) ក្នុង​ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មិថុនា ទាមទារ​ឱ្យ​ថៅកែ​អនុវត្ត​តាម​កិច្ចសន្យា និង​ច្បាប់​ការងារ។

កូដកម្ម​នេះ​ធ្វើ​ឡើង​រយៈពេល ៤​ថ្ងៃ​មក​ហើយ ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ដោយ​កម្មករ​ទាមទារ​ឱ្យ​ថៅកែ​អនុវត្ត​កិច្ចសន្យា​ទាំង ១៧​ចំណុច ដែល​ក្រុមហ៊ុន​បាន​ព្រមព្រៀង​គ្នា​ជាមួយ​អាជ្ញាធរ​ខេត្ត​កំពត តំណាង​សហជីព និង​តំណាង​កម្មករ។ កិច្ចសន្យា​ទាំង​នោះ​មាន​ជាអាទិ៍ ទទួល​យក​កម្មករ​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ឱ្យ​ចូល​ធ្វើ​ការ​វិញ គិត​ប្រាក់​បំណាច់​ឆ្នាំ​ជូន​កម្មករ​ឱ្យ​បាន​ទៀងទាត់​សម្រួល​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មការិនី​ដែល​មាន​ផ្ទៃពោះ និង​សម្រាល​កូន​រួច ផ្ដល់​ទឹក​ស្អាត​សម្រាប់​កម្មករ​ផឹក​ឱ្យ​បាន​គ្រប់គ្រាន់ និង​លក្ខខណ្ឌ​មួយ​ចំនួន​ផ្សេង​ទៀត។

ការ​តវ៉ា​នេះ​ធ្វើ​ឡើង​តាំង​ពី​ព្រឹក​ម៉ោង ៦ និង​បញ្ចប់​ទៅ​វិញ នៅ​ម៉ោង ១០​ព្រឹក ដោយ​កម្មករ​រង់ចាំ​តំណាង​ក្រសួង​ការងារ ចុះ​មក​ដោះស្រាយ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។