កម្ពុជា​គាំទ្រ​បេក្ខភាព​របស់​រដ្ឋាភិបាល​ស៊ុយអែត​នៅ​អង្គការ​សហប្រជាជាតិ

កម្ពុជា បោះឆ្នោត​គាំទ្រ​ប្រទេស​ស៊ុយអែត (Sweden) ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ សម្រាប់​អាណត្តិ​ថ្មី ឆ្នាំ​២០១៧-​២០១៨ កាល​ពី​ថ្ងៃ​អង្គារ ទី​២៨ ខែ​មិថុនា ក្នុង​ក្រុង​ញីវយ៉ក (New York) សហរដ្ឋអាមេរិក។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា ថា ការ​បង្ហាញ​ជំហរ​គាំទ្រ​បេក្ខភាព​របស់​ប្រទេស​ស៊ុយអែត​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន និង​ឯកអគ្គរដ្ឋទូត​ស៊ុយអែត ប្រចាំ​នៅ​កម្ពុជា អ្នកស្រី អាន់ណា មេហ្យ ហ៊ុលហ៉្គា (Anna Maj Hulgar) នៅ​ទីស្ដីការ​ក្រសួង​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​២៨ មិថុនា៖ «លោក​ជំទាវ​ឯកអគ្គរដ្ឋទូត បាន​ចូល​ជម្រាបលា​ក្រោយ​លោក​ជំទាវ​ចប់​អាណត្តិ​នៅ​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាប​ថា កម្ពុជា​គាំទ្រ​ចំពោះ​បេក្ខភាព​របស់​ប្រទេស​ស៊ុយអែត ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ សម្រាប់​អាណត្តិ ២​ឆ្នាំ (២០១៧-​២០១៨) ហើយ​ដែល​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨ នេះ នៅ​ក្រុង​ញីវយ៉ក»

លោក ជុំ សុន្ទរី បន្ត​ថា ក្នុង​ជំនួប​នោះ លោក ប្រាក់ សុខុន និង​អ្នកស្រី អាន់ណា មេហ្យ ហ៊ុលហ៉្គា ក៏​បាន​ឯកភាព​គ្នា​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​ថែម​ទៀត។

សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ មាន​អាណត្តិ ២​ឆ្នាំ​ម្ដង។

ប្រទេស​ចំនួន​៥ ដែល​ត្រូវ​បោះឆ្នោត​សម្រាប់​អាណត្តិ​ឆ្នាំ​២០១៧-​២០១៨ នេះ រួម​មាន​ទ្វីប​អាហ្វ្រិក ១​កៅអី អាស៊ី-​ប៉ាស៊ីហ្វិក ១​កៅអី អាមេរិកឡាទីន ១​កៅអី និង ២​កៅអី​ទៀត មក​ពី​សហភាព​អឺរ៉ុប​ខាង​លិច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។