ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​អង្គរ​លើក​ទី​3​ចាប់ផ្ដើម​នៅ​ដើមខែ​សីហា

រាជធានី​ភ្នំពេញ ៖ ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​អង្គរ​លើក​ទី​៣ ដែល​មាន​ចម្ងាយ​៤២​គីឡូម៉ែត្រ ចាប់ផ្ដើម​លក់​សំបុត្រ​ពី​ថ្ងៃនេះ​តទៅ​ហើយ ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ឱ្យ​ដឹង​នៅ​ក្នុង​ស​និ្ន​សី​ទ​កាសែត​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​ថ្ងៃ​ទី​២៩ មិថុនា កន្លង​មកនេះ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​ប្រកួត​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​អង្គរ​លើក​ទី​៣​នេះ នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ សីហា ខេត្តសៀមរាប​លើ​៤​វិញ្ញាសា គឺ​វិញ្ញាសា​ចម្ងាយ​៤២​គីឡូម៉ែត្រ ២១​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ​ជា​លក្ខណៈ​គ្រួសារ ។ ចំណែក​តម្លៃ​សំបុត្រ​រត់​ចម្ងាយ​៤២​គីឡូម៉ែត្រ សម្រាប់​ជនបរទេស​៦០​ដុល្លារ កម្ពុជា​២០​ដុល្លារ​, រត់​ចម្ងាយ​២១​គីឡូម៉ែត្រ ជនបរទេស​៤៥​ដុល្លារ កម្ពុជា​១៥​ដុល្លារ​, រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​ជនបរទេស​៤០​ដុល្លារ កម្ពុជា​១២​ដុល្លារ និង​រត់​ចម្ងាយ​៣​គីឡូម៉ែត្រ ជនបរទេស​២០​ដុល្លារ កម្ពុជា​តែ​៥​ដុល្លារ​ប៉ុណ្ណោះ ។ លោក​វ៉ា​ត់ ចំរើន បាន​អំពាវនាវ​ដល់​អ្នក​ដែល​មាន​បំណង​​ចូលរួម​ប្រកួត​ត្រូវ​មក​ចុះ​ឈ្មោះ​ឱ្យ​បាន​លឿន​បន្តិច ព្រោះថា ​ការ​ទទួល​ពាក្យ​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​ទី​១១ កក្កដា​។ លោក​អ្នក​អាច​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​ online ដោយ​ចូល​ទៅ​កាន់ www.angkorempiremarathon.org ។

លោក​បានឱ្យ​ដឹង​ទៀត​ថា កាលពី​ឆ្នាំ​កន្លង​ទៅ​មាន​អ្នកចូលរួម​ប្រកួត​ប្រហែល​ជាង​២០០០​នាក់​ក្នុង​នោះ​ជនបរទេស​ជាង​១០០០​នាក់ ។ លោក​សង្ឃឹមថា ឆ្នាំ​នេះ​នឹង​មានការ​កើនឡើង​ប្រហែលជា​១០​ភាគរយ ខណៈ​ពេល​នេះ​មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​ជាង​១០០០​នាក់​ហើយ ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន ជនបរទេស មក​ពី​៣៦​ប្រទេស ។ ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​អង្គរ​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ស្វែងរក​ថវិកា​ជួយ​ដល់​សង្គម និង​យក​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែល​កំពុង​តែ​ជួប​ប្រទះ​នូវ​ការ​ខ្វះខាត និង​ត្រូវការ​ជំនួយ​ពី​សប្បុរសជន ។

កាលពី​ឆ្នាំ​មុន គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ផ្ដល់​ថវិកា​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ចំនួន​៤០០០​ដុល្លារ ដោយឡែក​ឆ្នាំ​នេះ​ប្រហែលជា​មិន​បាន​ច្រើន​ដូច​ឆ្នាំ​មុន​ឡើយ ។ តាម​ការ​ឱ្យ​ដឹង​បច្ចុប្បន្ន​ក្រសួងទេសចរណ៍ បាន​ផ្ដោត​ទៅ​លើ​ទីផ្សារ​របស់​ចិន ម្យ៉ាងវិញទៀត​ក្រសួង​កំពុង​តែ​រៀបចំ​យុទ្ធសាស្ត្រ​ធ្វើ​យ៉ាងណា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​ឱ្យ​បាន​ច្រើន មិន​ថា​តែ​កម្ពុជា​នោះ​ទេ​ដែល​ស្វែងរក​ទីផ្សារ​ប្រទេស​ចិន សូ​ម្បី​ពួក​អឺរ៉ុប​ក៏​ត្រូវការ​ទីផ្សារ​ចិន​ដែរ ។ គេ​មានការ​ស្វាគមន៍​យ៉ាង​ពិសេស​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ទៅ​លេង​ប្រទេស​គេ ព្រោះថា​ភ្ញៀ​ង​ទេសចរ​ចិន​ចាយ​លុយ​ច្រើន​ជាងគេ​បើ​ប្រៀបធៀប​ជាមួយ​ភ្ញៀវ​ទេសចរ​អឺរ៉ុប ៕