ញាក់សាច់ ! មែក​សឺ​ដេ​ស​បោះពួយ​បុក​ចូល​ផ្ទះ​លក់​ចាប់ហួយ

ខេត្តក្រចេះ ៖ រថយន្ត​មែក​សឺ​ដេ​ស​១​គ្រឿង​បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​បើក​បោះពួយ​យ៉ាង​លឿន​រួច​រេ​ចង្កូត​បុក​ចូល​ផ្ទះ​លក់​​ចាប់ហួយ​​មួយ​កន្លែង​ឡើង​ទ្រេត និង​បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​៣​នាក់​ទៀត​រង​របួសធ្ងន់​-​ស្រាល ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ ទៅ​លើ​ផ្ទះ​តៀម​លក់​គ្រឿងទេស​មួយ​កន្លែង​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ចំណុច​អូរ​កណ្តៀរ ស្ថិត​ក្នុងភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ជាប់​និង​ព្រំប្រទល់​ខេត្តស្ទឹងត្រែង ។

នគរបាល​បាល​ចរាចរណ៍​ស្រុក​សំបូរ​បាន​ឲ្យ​ដឹង​ថា យ៉ាងណា​ភ្លាម​ក្រោយ​ពី​កើតហេតុ​បុរស​ជា​អ្នក​បើករថយន្ត​បង្កហេតុ​ឈ្មោះ ហ៊ួ​ន លី​ម អាយុ​៧១​ឆ្នាំ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​ដើម្បី​បន្ត​នីតិវិធី ។

លោក​អនុសេនីយ៍ឯក នួន សា​រិ​ន អធិការរង​នគរបាល​ស្រុក​សំបូរ ទទួល​បន្ទុក​ច​ចរាចរណ៍ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​មាន​ក្មេង​ស្រី​ចំនួន​៤​នាក់ ក្នុង​នោះ​រួម​ទាំង​កូន​ម្ចាស់ផ្ទះ បាន​នាំ​គ្នា​នៅ​លេង​ក្នុងផ្ទះ​តៀម​លក់​គ្រឿងទេស​មួយ​នេះ ស្រាប់តែ​ពេល​កើតហេតុ​ក៏​មាន​រថយន្ត​ម៉ាក់​សឺ​ដេ​ស ពណ៌​ស ដែល​បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ក្នុង​ទិស​ដៅ​មក​ពី​ខេត្ត​រតនគីរី​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ បាន​រេ​ចង្កូត​និង​ជ្រុល​មក​បុក​ចូល​ក្នុងផ្ទះ​លក់​គ្រឿងទេស​មួយ​នេះ​ឡើង​បាក់​ទ្រេត បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ស្លាប់​និង​៣​នាក់​រង​របួស ៕