ដឹកឈើ​ចេញពី​ភ្នំដោះក្រមុំពីរ មក​លាក់ទុក

ខេត្តកំពង់ស្ពឺ ៖ ​ឈើ​ប្រភេទ​ឃ្នៀប​ និង​ក្តារ​ ព្រមទាំង​សសរ​​ប្រមាណ​ជាង​១០​ម៉ែត្រគូប​ ដែល​ឈ្មួញ​ជញ្ជូន​ពី​ខេត្តពោធិ៍​សាត់ មក​​លាក់​ទុក​ក្នុង​ក្រុម​ហ៊ុន​យេ​ឡូ​ហ្វៀ​ល​ ត្រូវ​បាន​មន្ត្រី​ឧទ្យា​នុ​រក្ស​​បង្ក្រាប ​បន្ទាប់​ពី​ទទួល​សេចក្តីរាយការណ៍​ពី​ករណី​នេះ​ ។ ក្រោយ​បង្ក្រាប​​ ត្រូវ​បាន​យក​មក​រក្សា​ទុក​ នៅ​ស្នាក់​ការ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ ។

លោក​គាត ​រង្សី​ ប្រធាន​មន្ទីរ​បរិស្ថាន​បាន​ឱ្យ​​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៩ ​មិថុនា នេះ​ថា ​លោក​បាន​ចាត់​ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រឧ​ទ្យា​ន​ជាតិ​ភ្នំ​ក្រ​វ៉ា​ញ​កណ្តាល​ ដើម្បី​បង្កា​​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ក្នុង​ពេល​ដែល​កំពុង​ល្បាត​បាន​​ទទួល​សេចក្តីរាយការណ៍​ថា​ ក្រុម​ឈ្មួញ​បាន​ដឹកឈើ​ចេញពី​ចំណុច​ភ្នំ​ដោះ​ក្រមុំ​ពីរ​ ក្នុងស្រុក​ឱ​រ៉ា​ល់​យក​ទៅ​លាក់​ទុក​ក្នុង​ក្រុម​ហ៊ុន​យេ​ឡូ​ហ្វៀ​ល​​ រង់ចាំ​ដឹក​បន្ត​ចេញ​ទៅ​ក្រៅ​ ។

ដោយ​ទទួល​បាន​សេចក្តី​រា​យការណ៍​ ​រូប​លោក​បាន​ដឹកនាំ​កម្លាំង​តាម​ចាប់​បង្ក្រាប​ដល់​ក្នុង​ក្រុម​ហ៊ុន​តែ​ម្តង ​។ ជាល​ទ្ធផល ក​ម្លាំង​របស់​លោក​​បាន​ប្រទះ​ឃើញ​គំនរ​ឈើ​ប្រ​ភ​ទ​ឃ្នៀប ​និង​ក្តារ​ព្រមទាំង​សសរ​ប្រមាណ​១០​ម៉ែត្រគូប ​តែ​មិនឃើញ​មាន​ម្ចាស់​នោះ​ទេ​
(​រត់គេច​ខ្លួន​) ​។

លោក​ប្រធាន​បន្ត​ថា​ ក្រុមការងារ​បាន​​ធ្វើ​កំណត់ហេតុ​​ដកហូត​ និង​ប្រមូល​យក​ឈើ​ទាំងអស់​ ដឹក​តាម​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ទី​ចាត់​ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ​ដើម្បី​បំពេញ​នីតិវិធី​បន្ត​ ។