រថយន្ត​តាក់ស៊ី​ដឹក​ទំនិញ​ដង្ហែ​ក្បួន​ប្រឆាំង​មន្ត្រី​គយ

រថយន្ត​តាក់ស៊ី​ដឹក​ទំនិញ​ដង្ហែ​ក្បួន​ប្រឆាំង​មន្ត្រី​គយ



ខេត្តបន្ទាយមានជ័យ ៖ ក្រុម​រថយន្ត​ដឹក​ទំនិញ ដែល​ជា​ក្រុម​ឱ្យឈ្មោះ​ថា បណ្តាញ​តាក់ស៊ី​សន្តិភាព រួម​គ្នា​ប្រឆាំង​អំពើ​ពុក​រលួយ ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា បាន​ប្រមូលផ្ដុំ​គ្នា​ប្រមាណ​ជា​១៣​គ្រឿង និង​បាន​នាំ​គ្នា​បើក​ជា​ក្បួន​ដង្ហែ​ធ្វើ​សកម្មភាព​តវ៉ា​ប្រឆាំង​មន្ត្រី​គយ និង​រដ្ឋាករ ដោយ​ចោទ​ថា ដាក់​ប៉ុស្តិ៍​ទារ​លុយ ។ ការ​ហែរ​ក្បួន​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ និង​ម្នាក់​ត្រូវ​បាន​ដោះ​លែង នៅ​ល្ងាច​ថ្ងៃ​ទី​២៧ មិថុនា ។

រួម​គ្នា​បើក​ដង្ហែ​ប្រឆាំង​និង​មន្ត្រី​គយ និង​រដ្ឋាករ​ខេត្ត ដែល​ដាក់​ប៉ុស្តិ៍​៤​កន្លែង គឺ​ទី​១.​នៅ​ចំណុច​ផ្លូវ​៥០ ភូមិ​កូន​ដំរី ក្រុង​ប៉ោយ​ប៉ែ​ត ទី​២.​នៅ​ចំណុច​ភូមិ​សាលា​ក្រហម ស្រុក​អូរ​ជ្រៅ ទី​៣.​ចំណុច​ភូមិ​គៀប ក្រុង​សិរី​សោភ័ណ និង​ទី ៤.​ចំណុច​ភូមិ​អូរ​ស្ងួត ស្រុក​មង្គល​បូ​រី ។

តំណាង​រូប​នោះ​បាន​បញ្ជាក់​ថា​ មូលហេតុ​នៃ​ការ​ប្រឆាំង​និង​មន្ត្រី​គយ និង​រដ្ឋាករ ដែល​ដាក់​ប៉ុស្តិ៍​តាម​ផ្លូវ​ក្នុង​ខេត្ត​នេះ ព្រោះ​រយៈពេល​កន្លង​មក តែង​បាន​ចាប់​រថយន្ត និង​ម្ចាស់​រថយន្ត​ដែល​ជា​បណ្តាញ​តាក់ស៊ី​ទៅ​ដាក់​ពន្ធនាគារ ។

ចំណែក​រថយន្ត​ដឹក​ទំនិញ​ដែល​មិន​បាន​ឈប់​បង់លុយ គេ​បើករថយន្ត​ដេញ​តាម​ចាប់​រថយន្ត និង​ទំនិញ​យក និង​ទារ​អោយ​បង់លុយ​រថយន្ត​១​គ្រឿង កំណត់​ពី​២ ទៅ​៣​ម៉ឺន​រៀល បើ​បង់​ខែ​រថយន្ត​១​គ្រឿង​ពី​១៥០ ទៅ​៣០០​ដុល្លារ ។ ការ​ប្រឆាំង​តវ៉ា​នេះ គឺ​សុំ​អោយ​អាជ្ញាធរ​ខេត្ត បញ្ឈប់​រាល់​អំពើ​ដូច​ខាងលើ ហើយ​សុំ​អោយ​លើកលែង​ការ​ចូល​បង់លុយ​តទៅ​ទៀត ។

តាម​វិទ្យុ​ផ្សាយ​ជា​ខេមរភាសា​មួយ​បាន​ស្រង់​សម្ដី​លោក សួន បវរ អភិបាលខេត្ត ថា លោក​បាន​ព្យាយាម​ក្នុង​ការ​ជួយ​ពួក​គេ​ពី​ការ​បង់លុយ តែ​រឿង​ទាក់ទង​និង​យុត្តាធិការ​តុលាការ លោក​មិន​មាន​សិទ្ធិ​លូកដៃ​នោះ​ទេ ។

លោក ឆែ សុធា ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត បាន​ប្រាប់​ថា ការ​តវ៉ា​គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ តែ​ការ​បង្កើត​ជា​ក្រុម​ដែល​ខុសច្បាប់ បង្ក​អោយ​ប៉ះពាល់​ដល់​ស្ថាប័ន​ជំនាញ ដែល​កំពុង​អនុវត្តន៍​ការងារ​ប្រមូល​ពន្ធ​ជូន​រដ្ឋ គឺ​សមត្ថកិច្ច​ជំនាញ​ត្រូវ​មាន​វិធានការ​តាម​ច្បាប់​ព្រោះថា​៖ មន្ត្រី​គយ និង​រដ្ឋាករ ត្រូវ​មាន​តួនាទី​ក្នុង​ការ​បង្ក្រាប​រថយន្ត និង​បុគ្គល​ណាមួយ​ដែល​ដឹក​ទំនិញគេចពន្ធ ។ ត្រូវ​មាន​ភារកិច្ច​បង្ក្រាប​ចាប់​យក​ទៅ​បង់ពន្ធ​ជូន​រដ្ឋ ដែល​នេះ​ជា​កាតព្វកិច្ច​មន្ត្រី​គយ និង​រដ្ឋាករ ។

លោក​បាន​បន្ត​ថា​ ការ​ដែល​ដាក់​មន្ត្រី​គយ និង​រដ្ឋាករ​ចល័ត តាម​ផ្លូវ​ក្នុង​ខេត្តបន្ទាយមានជ័យ គឺ​មានការ​អនុញ្ញាតិ​ពី​គណៈ​បញ្ជាការ​កងឯកភាព​ខេត្ត ដែល​ដាក់​តាម​ចំណុច​សំខាន់​ៗ ដើម្បី​ពួនស្ទាក់​ទប់ស្កាត់​រាល់​ទំនិញគេចពន្ធ​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ជិតខាង តាម​ច្រករបៀង​គេចពន្ធ​ដោយ​គ្មាន​ច្បាប់ ត្រូវ​មាន​វិធានការ​ដើម្បី​ប្រមូល​ពន្ធ​ជូន​រដ្ឋ ។

គួរ​បញ្ជាក់​ថា​ នៅ​ពេល​ដែល​ក្រុម​រថយន្ត​ដែល​អះអាង​ថា ក្រុម​បណ្តាញ​តាក់ស៊ី​សន្តិភាព​រួមគ្នា​ប្រឆាំង​អំពើ​ពុក​រលួយ ធ្វើការ​ប្រឆាំង​តវ៉ា​នៅ​តាម​ផ្លូវ ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ចម្រុះ​ឃាត់ខ្លួន​២​នាក់ នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៧ មិថុនា នៅ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​និមិត្ត​២ ក្រុង​ប៉ោយ​ប៉ែ​ត ។ អ្នក​ដែល​ត្រូវ​ឃាត់ខ្លួន​១.​ឈ្មោះ លី ប៊ុ​ន​សេង (​អ្នក​រត់​តាក់ស៊ី​) ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ២.​ឈ្មោះ អ៊ុ​ង ថាប់​បារាំង អ្នក​រត់​តាក់ស៊ី​ដែរ ។ ក្រោយ​ពេល​ឃាត់ខ្លួន​ហើយ​សាកសួរ ក៏​បាន​ដោះ​លេង​វិញ នៅ​អំឡុង​ម៉ោង​១១​ព្រឹក ក្នុង​ថ្ងៃ​ដដែល ៕