Ronaldo និង Lewandowski ត្រូវប៉ះគ្នារាត្រីថ្ងៃព្រហស្បតិ៍នេះ ដើម្បីប្រជែងកៅអីក្នុងវគ្គ១/២

ខ្សែប្រយុទ្ធពីរនាក់ក្នុងចំណោមខ្សែប្រយុទ្ធដ៏មុតស្រួចបំផុតប្រចាំទ្វីបអឺរ៉ុប នឹងត្រូវជួបគ្នា ខណៈដែល Robert Lewandowski មានបំណងបញ្ចប់ក្តីសង្ឃឹមរបស់ Cristiano Ronaldo ទៅលើការឈ្នះពានអន្តរជាតិមួយ នៅពេលដែលក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញ ប្រកួតជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ។

Ronaldo-ft16

Ronaldo ត្រូវការគ្រាប់បាល់បញ្ចូលទីត្រឹមតែ១គ្រាប់ទៀតប៉ុណ្ណោះក្នុងការបង្កើតប្រវត្តិសាស្ត្រក្នុងយុទ្ធនាការ Euro តាមរយៈការរកគ្រាប់បាល់តាមស្មើកំណត់ត្រារបស់លោក Michel Platini នៃការរកបាន៩គ្រាប់ក្នុងជុំផ្តាច់ព្រ័ត្រ។ តារាឆ្នើមរបស់ក្លិប Real Madrid រូបនេះ បានក្លាយជាកីឡាករដំបូងគេរួចជាស្រេចក្នុងការស៊ុតបាល់បញ្ចូលទីក្នុង Euro បួនលើកផ្សេងគ្នា និងបានបំបែកកំណត់ត្រានៃការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបនេះ។

ស្ថិតក្នុងវ័យ៣១ឆ្នាំ Ronaldo ហាក់មិនអាចទទួលបានឱកាសណាល្អជាងនេះក្នុងការដណ្តើមយកជ័យជម្នះអន្តរជាតិជាមួយនឹងជ័យជម្នះនៅទីក្រុង Marseille ដើម្បីឈានទៅជួបក្រុមជម្រើសជាតិវេលស៍ របស់ Gareth Bale ឬក៏ក្រុមជម្រើសជាតិបែលហ្ស៊ិក ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

បើទោះបីរកបាន២គ្រាប់នៅពេលប្រកួតជាមួយនឹងហុងគ្រី ដើម្បីសង្គ្រោះក្រុមជម្រើសជាតិព័រទុយហ្គាល់ ឲ្យឆ្លងផុតពីវគ្គចែកពូលតាមរយៈការឈរក្នុងចំណាត់ថ្នាក់លេខ៣ Ronaldo មិនទាន់បង្កើតភាពអស្ចារ្យនៅប្រទេសបារាំង នៅឡើយទេ។

ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានផ្តួលក្រូអាស៊ី ១-០ នៅនាទីបន្ថែម១៥ពីរដង ដើម្បីឈ្នះកៅអីទៅវគ្គ៨ក្រុមចុងក្រោយនេះ ខណៈដែលប៉ូឡូញ បានផ្តួលស្វ៊ីស ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៥-៤។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)៕

ការជួបគ្នាបីលើកចុងក្រោយរវាងក្រុមទាំងពីរ
01.03.12 Poland 0-0 Portugal
09.09.07 Portugal 2-2 Poland
12.10.06 Poland 2-1 Portugal