ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​បុក​បាក់ជើង​ម្ខាង​

ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​បុក​បាក់ជើង​ម្ខាង​



ភ្នំពេញ​ ៖​ បុរស​ម្នាក់​ ​​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ ​​ត្រូវ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ​មួយ​គ្រឿង​ចំណុះ​១​តោន​កន្លះ​​ បើកបរ​ក្នុង​ល្បឿន​លឿន​​​ ជ្រុល​ទៅ​បុក​​​បណ្ដាល​ឲ្យ​រង​របួស​បាក់ជើង​ម្ខាង​ និង​ដាច់​សាច់​ភ្លៅ​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​គេ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ ដើម្បី​ជួយសង្គ្រោះ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០១៦​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​ត្រង់​ចំណុច​ច្រក​ចូល​បុរី​ប៊ុន​ហួរ ​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​មានឈ្មោះ​ ឯម ថុន​ ភេទ​ប្រុស​ អាយុ​៦៣​ឆ្នាំ​ មាន​ទីលំនៅ​ ក្នុង​ភូមិ​កើតហេតុ​ខាងលើ​ បាន​រង​របួស​បាក់ជើង​ស្ដាំ​ និង​ដាច់​សាច់​ភ្លៅ​១​ដុំ​របួសធ្ងន់​ ហើយ​ត្រូវ​រថយន្ត​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ។ ជនរងគ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រីម​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1V-7844។

តាម​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​បង្ក។ នៅ​ពេល​មកដល់​ចំណុច​កើតហេតុ​ ​គាត់​បាន​បត់​ឆ្លង​ផ្លូវ ចូល​ទៅ​ក្នុង​បុរី​មួយ​កន្លែង​ក៏​ត្រូវ​រថយន្ត​បង្ក​បើក​មកពី​ក្រោយមក​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​គ្រោះ​បាក់ជើង​តែម្ដង។

ចំណែក​ឯ​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់​ដាយ ចំណុះ​១​តោន​កន្លះ ពណ៌ស​មិន​ដឹង​ថា​ ពាក់​ស្លាក​លេខ​ប៉ុន្មាន​នោះ​ឡើយ ​ព្រោះ​ក្រោយ​បុក​ជនរងគ្រោះ​រួច​បាន​បើក​រត់គេច​ខ្លួន​បាត់ស្រមោល​តែម្ដង​គ្មាន​អ្នកណា​ដេញ​តាម​នោះ​ឡើយ៕

ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​បុក​បាក់ជើង​ម្ខាង​

ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​បុក​បាក់ជើង​ម្ខាង​