បើក​រថយន្ត​មិន​បន្ថយ​ល្បឿន​ បុក​មនុស្ស ​រួច​បើក​គេច​យក​រថយន្ត​លាក់​ក្នុង​ព្រៃ

បើក​រថយន្ត​មិន​បន្ថយ​ល្បឿន​ បុក​មនុស្ស ​រួច​បើក​គេច​យក​រថយន្ត​លាក់​ក្នុង​ព្រៃ



ពោធិ៍សាត់ ​៖​ បុរស​ម្នាក់​ ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​សង្គ្រោះ​ ជាបន្ទាន់​ទៅកាន់​មន្ទីរ​ពេទ្យ​ខេត្ត​ពោធិ៍​សាត់​​ បន្ទាប់ពី​បុរស​រូប​នេះ​ ដើរ​ឆ្លង​ថ្នល់ជាតិ​ត្រូវ​រថយន្ត​កាមរី​ពណ៌​ទឹក​ប្រាក់​មួយ​គ្រឿង​បើក​បុក ​រួច​ព្យាយាម​បើក​រថយន្ត​ទាំង​ខូចខាត​មួយ​ចំនួន​​​ ​​ឆ្លង​ចូល​​ក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង​ ទៅ​លាក់​ក្នុង​ព្រៃ​ត្រង់​ពេជ្រ​សង្វារ ​រួច​គេចខ្លួន​បាត់។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ទៀប​ភ្លឺ ស្ថិត​ក្នុង​ភូមិ​ខ្សាច់​ល្អិត ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

លោក នួន សុភាព នគរបាល​សណ្ដាប់ធ្នាប់​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា ​​​ជនរងគ្រោះ​ក្នុង​ឧប្បត្តិហេតុ​នេះ​​ ឈ្មោះ​ឃុន វិត ភេទ ប្រុស ​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​បាក់​ដៃ​ និង​បែក​ក្បាល ​​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

លោក នួន សុភាព បន្ត​ថា មុន​ពេល​កើតហេតុ​​​​​បុរស​នោះ បាន​ក្រោក​ពី​ដំណេក​លុបមុខ​ រួច​​​ក៏​បាន​ចេញ​ពី​ផ្ទះ​នៅ​ខាងត្បូង​ផ្លូវជាតិ ដើរ​ឆ្លង​មក​ផ្សារ​អន្សា​ចំបក់​ ដែល​នៅ​ខាងជើង​ផ្លូវជាតិ​ទល់មុខ​ផ្ទះ ដែល​ជា​​​ទីប្រជុំជន ​មនុស្ស​ឆ្លងកាត់​ទៅមក​ក្នុង​ផ្សារ​នេះ​ដើម្បី​ទិញ​ឥវ៉ាន់​​ ​ហើយ​ក៏​ជា​ទី​តាំង​ស្លាក​សញ្ញា​ឲ្យ​ទោចក្រយានយន្ត​គ្រប់​ប្រភេទ បន្ថយល្បឿន​​ផង​ដែរ។ ពេល​ដែល​មកដល់​ចំណុច គីឡូម៉ែត្រ​លេខ ១៤១​និង​១៤២ ភូមិ​កើតហេតុ​ខាង​លើ​នេះ​​ ​​​​​​​​បុរស​រងគ្រោះ​នោះ​ដើរមក​ឆ្លង​ផ្លូវ ​(ស្មាន​តែ​​​​​​​​​យានយន្ត​បន្ថយល្បឿន)។ ប៉ុន្តែ​ពេល​នោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ប្រភេទ​កាមរី​​ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2H- 13-86​ បាន​បោះពួយ​​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ​​​ មិន​បន្ថយល្បឿន ​​​(​មិន​គោរព​ស្លាក​សញ្ញា​ច្បាប់​ចរាចរណ៍​ចំពោះ​ចំណុច​ទីតាំង ដែល​មនុស្ស​សត្វ​ឆ្លងកាត់​ច្រើន​នោះ​ទេ) ​ទើប​ដល់​ចំណុច​កើតហេតុ​ក៏​បុក​ពេញទំហឹង បណ្ដា​ឲ្យ​បុរស​រងគ្រោះ​ប៉ើង​ធ្លាក់​លើ​ផ្លូវ​របួស​បាក់​ដៃ ​និង បែក​ក្បាល ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ក្រគរ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់​ភ្លាមៗ។

ដោយឡែក​រថយន្ត​ខាងលើ​នោះ ​​អ្នក​បើកបរ​បាន​ព្យាយាម បើក​គេច​ទៅ​ទិសខាងកើត​ ទាំង​ដែល​រថយន្ត​មាន​ភិនភាគ​ស្លាកស្នាម​ខូចខាត​ផ្នែក​ខាងមុខ​មួយ​ចំនួន​ ឆ្លង​ចូល​ព្រំប្រទល់​ទឹកដី​ខេត្ត​កំពង់ឆ្នាំង តែ​ត្រូវ​បាន​សមត្ថកិច្ច​សណ្ដាប់​ធ្នាប់​ស្រុក​ក្រគរ​ទូរស័ព្ទ​សុំ​ជួយ​អន្តរាគមន៍​ពី​នគរបាល​ស្រុក​បរិបូរណ៍ ហើយ​មាន​សេចក្ដី​រាយ​ការណ៍​ ពី​ប្រជាពលរដ្ឋ​ឃើញ​ភិនភាគ​រថយន្ត​នេះ​ទៀត​ ទើប​ជន​បង្ក​​​បើក​រថយន្ត​ដល់​ចំណុច​ពេជ្រសង្វា ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ក៏​បាន​សម្រេចចិត្ត​បើក​រថយន្ត​ចេញពី​ផ្លូវជាតិ​ទៅ​លាក់​ទុក​ក្នុង​ព្រៃ។ ពេល​នោះ​​​ក៏​ត្រូវ​ពលរដ្ឋ​បន្ត​រាយ​ការណ៍​​សមត្ថកិច្ច នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ទីនោះ សហការ​គ្នា​ជាមួយ​នគរ​សណ្ដាប់ធ្នាប់​ស្រុក​ក្រគរ រុករក​ឃើញ ​​យក​​​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ចាត់ការ​តាម​ផ្លូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក៕

បើក​រថយន្ត​មិន​បន្ថយ​ល្បឿន​ បុក​មនុស្ស ​រួច​បើក​គេច​យក​រថយន្ត​លាក់​ក្នុង​ព្រៃ