រថយន្ត​យក្ស​បុក​បន្ត​បន្ទុយ​គ្នា​ជាច្រើន​គ្រឿង តែគ្មានអ្នករបួស

រថយន្ត​យក្ស​បុក​បន្ត​បន្ទុយ​គ្នា​ជាច្រើន​គ្រឿង តែគ្មានអ្នករបួស



បន្ទាយមានជ័យ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្តក្រុង​ដឹក​អ្នកដំណើរ​បើក​ទៅ​ប៉ះ​ជាមួយ​រថយន្ត​យ៉ីឌុប​ហើយ​បើក​ទៅ​ប៉ះ​​រថយន្ត​តូរីស ​និង​រថយន្ត​បែន​ទៀត​ បណ្ដាល​ឲ្យ​រថយន្ត​ទាំងអស់​ខូចខាត​ជា​ដំណំ​រៀងខ្លួន។

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៩​ ខែមិថុនា ​ឆ្នាំ​២០១៦ ​នៅ​តាម​ផ្លូវជាតិ​លេខ​៥​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​398 និង 399​ស្ថិតនៅ ភូមិ​អណ្ដូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

លោក​វរសេនីយ៍​ត្រី​ ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​នោះ​ មាន​រថយន្តក្រុង​ពាក់​ស្លាក​លេខ​3D 3567 ភ្នំពេញ បើក​ដោយ​ឈ្មោះ ​ផេង សាម៉ុន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្រុងភ្នំពេញ​ បើក​តាម​ផ្លូវ​ជាតិ​លេខ​៥​ លុះ​បើក​មកដល់​ចំណុច​កើត​ហេតុ​ ស្រាប់តែ​រថយន្ត​នោះ​ បាន​រេ​ចង្កូត​ទៅ​ប៉ះ​នឹង​រថយន្ត​យ៉ីឌុប​ បើក​ពីមុខ​ពាក់​ស្លាក​លេខ​3A 0551 ស្វាយរៀង បើក​ដោយ​ឈ្មោះ​ ឃួន សុខ​រឿម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ​បន្ត​ទៅ​ប៉ះ​នឹង​រថយន្ត​តូរីស​ ពាក់​ស្លាក​លេខ​2P 7147 ភ្នំពេញ បើក​ដោយ​ឈ្មោះ​ នង ម៉េង​ស្រស់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជើងវត្ត ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​ បណ្តាល​ឲ្យ​រថយន្ត​នោះ​ធ្លាក់​ផ្លូវ​ខូចខាត​ធ្ងន់ធ្ងរ​ហើយ​បន្ត​ទៅ​ប៉ះ​នឹង​រថយន្ត​បែន​ដឹក​ដី​របស់​ចិន​គ្មាន​ស្លាក​លេខ​លេខ កម្មសិទ្ធិ​របស់​ក្រុហ៊ុន​ចិន​ធ្វើ​ផ្លូវជាតិ​លេខ​59 បើក​ដោយ​ឈ្មោះ​ ទេព ចិន្តា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ទីលំនៅ​ក្រុងភ្នំពេញ ​ក្នុង​ហេតុ​ការណ៍​បុក​គ្នា​បន្ត​កន្ទុយ​នោះ​ មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រងគ្រោះ​ទេ​។

លោក​ ជា​ ដា ​បាន​បញ្ជាក់​ទៀត​ថា មូលហេតុ​បណ្ដាល​ឲ្យ​ប៉ះ​គ្នា​នោះ ​ដោយសារ​រថយន្ត​បែន​ដឹក​ដី​ខូច លើ​ទ្រូងផ្លូវ ហើយ​រថយន្ត​បែន​ដឹក​ដី​មួយទៀត​មក​ចត​ទន្ទឹមគ្នា​ ដើម្បី​កូវ​អាគុយ​បញ្ឆេះ​នឹង​មាន​ភ្លៀង​ធ្លាក់​មាន​ដី​រអិល​ផង។ ក្រោយពី​កើតហេតុ​រួច​រថយន្ត​ខូច​ស្រាល​២​គ្រឿង​ខូច​ធ្ងន់​១​គ្រឿង​។ ចំពោះ​រថយន្ត​ខូចខាត​ស្រាល​ ត្រូវ​បាន​ស្រុះស្រួល​គ្នា​ជួសជុល​រៀងខ្លួន ចំពោះ​រថយន្ត​ខូច​ធ្ងន់​ និង​រថយន្ត​បង្ក​ត្រូវ​រក្សា​ទុក​នៅ​អធិការ​ក្រុង​ប៉ោយប៉ែត​ ដើម្បី​ដោះស្រាយ​ទៅតាម​នីតិ​វិធី​ច្បាប់៕
រថយន្ត​យក្ស​បុក​បន្ត​បន្ទុយ​គ្នា​ជាច្រើន​គ្រឿង តែគ្មានអ្នករបួស